អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកម៉ាក្រុង ទៅអេមីរ៉ាត​អារ៉ាប់រួម ​ដើម្បី​​កសាង​មូលដ្ឋាន​ឥទ្ធិពល​បារាំង ​នៅ​តំបន់​ឈូងសមុទ្រពែក្ស

សំឡេង ០៦:២០
សារៈមន្ទីរ Louvre Abu Dhabi នៅក្រុង​អាប៊ូដាប៊ី ប្រទេសអេមីរ៉ាត​អារ៉ាប់រួម
សារៈមន្ទីរ Louvre Abu Dhabi នៅក្រុង​អាប៊ូដាប៊ី ប្រទេសអេមីរ៉ាត​អារ៉ាប់រួម Reuters
ដោយ៖ ម៉ម ពិសី

នៅថ្ងៃពុធទី៨ វិច្ឆិកានេះ លោកម៉ាក្រុង ប្រធានាធិបតីបារាំង ទើបតែបានទៅដល់ ទៅក្រុងអាប៊ូដាប៊ី របស់ប្រទេសមហាសេដ្ឋីប្រេង អេមីរ៉ាតអារ៉ាប់រួម។ ដំណើរទៅដល់នេះ គឺដើម្បីបើកសម្ភោធសារមន្ទីរ Louvre របស់បារាំង ប្រចាំនៅក្រុងអាប៊ូដាប៊ី។ ក៏ប៉ុន្តែនៅពីក្រោយការបើកសម្ផោធសារមន្ទីរនេះ លោកប្រធានាធិបតីបារាំង មានបំណង រឹតចំណងមិត្តភាព សហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអេមីរ៉ាតអារ៉ាប់រួម ហើយជាពិសេស គឺដើម្បីពង្រឹងឥទ្ធិពលរបស់បារាំង ឲ្យរឹងមាំ នៅតំបន់ឈូងសមុទ្រពែក្ស ដែលជាតំបន់យុទ្ធសាស្រ្ត​ ដ៏សំខាន់។

ផ្សាយពាណិជ្ជកម្ម

អេមីរ៉ាតអារ៉ាប់រួម ប្រទេសយុទ្ធសាស្ត្រសម្រាប់បារាំង

ការបើកសម្ភោធសារៈមន្ទីរLouvre នៅទីក្រុងអាប៊ូដាប៊ី គឺគ្រាន់តែជាហេតុផលមួយ សម្រាប់បើកផ្លូវ ដើម្បីឲ្យលោកប្រធានាធិបតី អេម៉ានុយអែល  ម៉ាក្រុង ឆ្លៀតឱកាសទៅអេមីរ៉ាតអារ៉ាប់រួមដើម្បីនិយាយពីកិច្ចការយុទ្ធសាស្ត្រផ្សេងទៀត។

បារាំងមានវត្តមាននៅអេមីរ៉ាតអារ៉ាប់រួមយូរណាស់មកហើយ ហើយបានកសាងចំណងសហប្រតិបត្តិការច្រើនវិស័យ។ ខុសពីប្រទេសមហាអំណាចមួយចំនួនផ្សេងទៀត ដែលផ្តោតសារៈសំខាន់ តែទៅលើជំនួញ តែបារាំង បានផ្តោតសារៈសំខាន់ ទៅដល់វិស័យផ្សព្វផ្សាយចំណេះដឹង បណ្តុះបណ្តាល និងវិស័យវប្បធម៌។ តួយ៉ាង គឺសារៈមន្ទីរ Louvre នៅក្រុងអាប៊ូដាប៊ីនេះតែម្តង។ សារៈមន្ទីរនេះ នឹងក្លាយជាសារៈមន្ទីរធំជាងគេបង្អស់ នៅតំបន់ដើមបូព៌ា។ ក្រៅពីនេះ បារាំង និងអេមីរ៉ាតអារ៉ាប់រួមបានរួមគ្នា បង្កើតសកលវិទ្យាល័យ Sorbonne Abou Dhabi និងមានកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលជំនាញវិស្វកម្ម ផ្នែកថាមពលដែលមិនបញ្ចេញផ្សែងពុល។

បើនិយាយពីវិស័យពាណិ​ជ្ជកម្មវិញ អេមីរ៉ាតអារ៉ាប់រួមគឺជាដៃគូធំបំផុតទី២សំរាប់បារាំង ប្រចាំនៅតំបន់ឈូងសមុទ្រពែក្ស បន្ទាប់ពីអារ៉ាប៊ីសាអូឌីត។ ក្នុងឆ្នាំ២០១៦កន្លងទៅ ការដោះដូរពាណិជ្ជកម្ម មានទំហំប្រមាណជាង ៤៧០០លានអឺរ៉ូ រាប់ចាប់ពីវិស័យដឹកជញ្ជូនផ្លូវអាកាស រហូតដល់ផលិតផលប្រណិត ទឹងអប់ គ្រឿងសំអាង គ្រឿងអល្លង្ការជាដើម។ គ្រាន់តែក្រុមហ៊ុនអាកាសចរណ៍ Emirates មួយ បានទិញយន្តហោះAirbus A380 របស់បារាំង ចំនួន១០០គ្រឿងបាត់ទៅហើយ។ អេមីរ៉ាតអារ៉ាប់រួម​ជាប្រទេសទីពីរ មកពីតំបន់ឈូងសមុទ្រ ដែលបោះវិនិយោគនៅបារាំង ច្រើនបំផុត។ ហើយបារាំងវិញ ជាប្រទេសទី៤ ដែលមានទំហំវិនិយោគធំនៅអេមីរ៉ាតអារ៉ាប់រួម។

ទំនាក់ទំនងរវាងបារាំង និងអេមីរ៉ាតអារ៉ាប់រួម បានឡើងខ្លាំង តាំងតែពីជំនាន់លោកហូឡង់ម្លេះ។ ចន្លោះពីឆ្នាំ២០១២ ដល់ ២០១៦ ព្រះអង្គម្ចាស់រាជទាយាទ Mohammed Ben Zayed al-Nahyane បានមកបារាំងដល់ទៅ៥ដង ចំណែកលោក Jean-Yves Le Drian អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បានទៅអេមីរ៉ាតអារ៉ាប់រួមជាង១០ដងឯណោះ។​ ដូច្នេះ ក្នុងក្រសែរភ្នែកបារាំង អេមីរ៉ាតអារ៉ាប់រួមមានសារៈសំខាន់ខ្លាំងណាស់។

មូលដ្ឋានទ័ពរបស់បារាំង

អេមីរ៉ាតអារ៉ាប់រួមជាទីដែលអាចឲ្យបារាំងឈរជើង ក្នុងតំបន់ដើមបូព៌ា តាំងតែពីទសវត្សឆ្នាំ៩០ម្លេះ។ បារាំងបានបោះជំរំ បង្កើតមូលដ្ឋានយោធា នៅ Dhafra ខាងត្បូង អាប៊ូដាប៊ី ដើម្បី​ចេញធ្វើប្រតិបត្តិការនានា នៅដើមបូព៌ា និងនៅអាហ្វ្រិក។​ គឺចេញពីជំរំនេះហើយ ដែលទាហានអាកាសបារាំង ប្រមាណ៧០០នាក់ បានធ្វើប្រតិបត្តិការ ទំលាក់គ្រាប់បែក ទៅលើទីតាំងរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី និងនៅអ៊ីរ៉ាក់។ ដូចគ្នាដែរ មូលដ្ឋានកំពង់ផែកងទ័ពនៅ Mina Zayed ក៏មានវត្តមានរបស់បារាំងដែរ ហើយទីនោះ លោកម៉ាក្រុង នឹងទៅត្រួតពិនិត្យមើល ក្នុងពេលទស្សនកិច្ច។

មូលដ្ឋានទ័ពអាកាស និងកំពង់ផែនេះ គឺប្រៀបបានដូចជានាវាផ្ទុកយន្តហោះរបស់បារាំង ដូច្នេះដែរ។ អេមីរ៉ាតអារ៉ាប់រួមស្ថិតនៅ​មាត់ច្រកនៃតំបន់យុទ្ធសាស្ត្រដ៏សំខាន់បំផុត។​ នៅមាត់ច្រកនៃឈូងសមុទ្រពែក្ស ជាប់អារ៉ាប៊ីសាអូឌីត ហើយទល់មុខជាមួយអ៊ីរ៉ង់ និងស្ថិតនៅចន្លោះ រវាងសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា តំបន់នេះ គឺច្រកឆ្លងកាត់នៃចរាចរណ៍ពាណិជ្ជកម្ម ដឹកទំនិញគ្រប់មុខទាំងអស់។

បារាំងចង់លក់Rafale ឲ្យអេមីរ៉ាតអារ៉ាប់រួម

តាមពិតទៅ ការចរចា បានអូសបន្លាយពេលច្រើនឆ្នាំមកហើយ។ ប្រទេសជុំវិញ អេមីរ៉ាតអារ៉ាប់រួមសុទ្ធតែបានទិញ យន្តហោះចំបាំង Rafale របស់បារាំង។ តួយ៉ាង អេហ្ស៊ីប បានទិញ២៤គ្រឿង កាតា ២៤គ្រឿង  និងឥណ្ឌា ៣៦គ្រឿង។ ក៏ប៉ុន្តែ បើតាមការវិភាគ របស់អ្នកជំនាញខ្លះ បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួមកំពុងប្រុងប្រយ័ត្ន ក្នុងការចាយវាយបន្តិច ដោយសារចំណូលបានមកពីការលក់ប្រេង បានថយចុះ ព្រោះតម្លៃប្រេងឆៅ បានធ្លាក់ចុះខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះហើយ បានជាការចរចាមិនទៅមុខ។

​យ៉ាងណាមិញ បើយោងតាមប្រភព ពីវិមានអេលីហ្សេ  បានឲ្យដឹងថា នឹងពុំមានការប្រកាសណាមួយ ទាក់ទិននិងកិច្ចសន្យាទិញយន្តហោះRafale នេះ នៅក្នុងឱកាសទស្សនកិច្ច របស់លោកម៉ាក្រុង នាពេលនេះទេ។ ក៏ប៉ុន្តែបើតាមការរំពឹងទុក គឺអាចនឹងមានការជឿនលឿនទៅមុខខ្លះ  ក្នុងការចរចាទិញ នាវាល្បាតប្រភេទGowind 2500 ផលិតដោយ ក្រុមហ៊ុនNaval Groupe របស់បារាំង។

បារាំងងាកទៅខាងណា ក៏មិត្ត!

មានបញ្ហាផ្សេងច្រើនណាស់ ដែលបារាំង មានគោលជំហរ មិនស្រប និងមិនគាំទ្រអេមីរ៉ាតអារ៉ាប់រួម។ បញ្ហាទាំងនោះ គឺជាបញ្ហាតំបន់។ ជាក់ស្តែង សង្រ្គាមនៅយេម៉ែន។ អេមីរ៉ាតអារ៉ាប់រួមបានចូលរួម យ៉ាងសកម្ម ជាមួយអារ៉ាប៊ីសាអូឌីត ធ្វើប្រតិបត្តិការយោធា ទម្លាក់គ្រាប់បែកនៅយែម៉ែន។ គោលជំហរបារាំង មិនដែលគាំទ្រ អន្តរាគមន៍យោធានេះទេ។ ហើយជានិច្ចជាកាល បារាំងតែងតែអំពាវនាវ ឲ្យទំលាក់អាវុធ ដើម្បីបើកផ្លូវចរចាសន្តិភាពនៅយេម៉ែន។

សំណុំរឿងមួយទៀត គឺវិបត្តិជាមួយនឹងកាតា។ កាតា ត្រូវអារ៉ាប៊ីសាអូឌីត និងបក្សពួក ដែលក្នុងនោះ មានអេមីរ៉ាតអារ៉ាប់រួម ដែរផងនោះ ដាក់ទណ្ឌកម្ម ផ្តាច់ចំណងការទូត លែងរាប់អានជាមិត្ត។ កាតា ក៏ជាដៃគូសេដ្ឋកិច្ចរបស់បារាំងដែរ។ ដូច្នេះហើយ បានជាបារាំង បានព្យាយាមធ្វើអាជ្ញាកណ្តាល អូសទាញអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមឲ្យបន្ទត់ឥរិយាបទ ដើម្បីចរចាជាមួយកាតា។

បញ្ហាចំរូងចំរាស នៅយេម៉ែន និងជាមួយកាតានេះ គឺវាជាប់ពាក់ព័ន្ធជាមួយនឹងអ៊ីរ៉ង់ទាំងអស់។ អេមីរ៉ាតអារ៉ាប់រួម ដែលនៅក្រុមខាងអារ៉ាប៊ីសាអូឌីត ចាត់ទុកអ៊ីរ៉ង់ជាសត្រូវធំ ហើយជាគ្រោះថ្នាក់សំរាប់ពួកគេ។ ត្រងចំណុចនេះហើយ ដែលបារាំង មានការលំបាក និងត្រូវតែប្រុងប្រយ័ត្ន ព្រោះថាងាកទៅខាងណា ក៏ទើសដែរ។ អ៊ីរ៉ង់ ទើបតែបើកទ្វារសេដ្ឋកិច្ចជាថ្មី ហើយបារាំងក៏កំពុងសំរុកទៅចាប់ដៃដែរ។ យ៉ាងណាមិញ លោក អេម៉ានុយអែល ម៉ាក្រុង មានគំរោង ទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ក្នុងពេលឆាប់ៗនេះដែរ។ តាំងពីឆ្នាំ១៩៧៦មក មិនដែលមានប្រធានាធិបតីបារាំង ទៅអ៊ីរ៉ង់ទេ។ ដូច្នេះ ក្នុងករណីនេះ បារាំង ត្រូវធ្វើយ៉ាងណា​ មិនត្រូវឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមច្រណែណ ថ្នាំងថ្នាក់ចិត្តទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ