អៀរ៉ាក់

ការព្រមព្រៀង​ចែកតួ​នាទី​នយោបាយ​នៅអៀរ៉ាក់​

ពីឆ្វេងទៅស្តាំ : Iលោក​ yad Allaoui,ប្រធាន​សម្ព័ន្ធភាព Iraqiya, លោកនាយករដ្ឋមន្ត្រី Nouri al-Maliki, លោកប្រធានាធិបតី​អៀរ៉ាក់​ Jalal Talabani
ពីឆ្វេងទៅស្តាំ : Iលោក​ yad Allaoui,ប្រធាន​សម្ព័ន្ធភាព Iraqiya, លោកនាយករដ្ឋមន្ត្រី Nouri al-Maliki, លោកប្រធានាធិបតី​អៀរ៉ាក់​ Jalal Talabani © Reuters

អភិក្រម​នយោបាយ​ក្នុងការ​បង្កើត​រដ្ឋាភិបាល​មួយ​ថ្មី​នៅ​ប្រទេស​អៀរ៉ាក់​បាន​ត្រូវ​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ក្រោយពី​បាន​ស្គាល់​​វិបត្តិ​នយោបាយ​អស់រយៈ​៨ខែ​រួចមក​ ​ ដោយបាន​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​ជាថ្មី​ម្តង​ទៀត​ ឲ្យ​លោក​Jalal Talabani​បន្ត​កាន់កាប់​តំណែង​ប្រធានាធិបតី​ហើយ​និង​ការ​តែងតាំង​លោក​Nouri al-Maliki ឲ្យ​កាន់​តំណែង​នាយករដ្ឋមន្ត្រី។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់​ សៀក សារិន

ក្រោយ​ពីបាន​ត្រូវ​សភា​អៀរ៉ាក់​បោះឆ្នោត​ឲ្យ​បន្ត​កាន់កាប់​តំណែង​ប្រធានាធិបតី​អៀរ៉ាក់​ភ្លាម​ ​ លោក​Jalal Talabani​ដែល​មាន​ដើម​កំណើត​Kurde ​ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ភ្លាម​ថា​ ​ លោក​នឹង​តែងតាំង​លោក​Nouri al-Maliki ឲ្យ​កាន់​តំណែង​នាយករដ្ឋមន្ត្រី។​ លោក​Nouri al-Maliki​ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី​និង​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​Chiite។

 
សេណារីយ៉ូ​នៃ​ការ​ដោះ​ស្រាយ​ចេញ​ឲ្យ​ផុត​ពី​វិបត្តិ​នយោបាយ​អៀរ៉ាក់​នេះ​ ​ បានត្រូវ​រៀបចំ​និង​ចរចា​គ្នា​យ៉ាង​មធ្យ័ត​បំផុត​នារយៈ​ពេល​បីថ្ងៃ​ចុង​ក្រោយនេះ​ ​ ដោយ​បាន​គិតគូរ​ដល់​ការបែង​ចែក​​តួនាទី​នយោបាយ​អនុលោម​តាម​ក្រុម​ជាតិពន្ធុ​និង​សាសនា។​ ការទទួល​ខុសត្រូវ​និង​បន្ទុក​ភារកិច្ច​បី​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​ប្រទេស​អៀរ៉ាក់​គឺ៖

-តំណែង​ប្រធានាធិបតី​ត្រូវបាន​ទៅលើ​អ្នក​ដែល​មាន​ដើម​កំណើត​Kurde។

-តំណែង​នាយករដ្ឋមន្ត្រី​ត្រូវបាន​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​Chiite។

-តំណែង​ប្រធាន​រដ្ឋសភា​ត្រូវបាន​ទៅលើ​អ្នក​កាន់​សាសនា​អ៊ីស្លាម​Sunnite។

ដូច្នេះ​ ​ ទាំងនេះ​សឲ្យ​ឃើញ​ពី​បរាជ័យ​របស់​សហរដ្ឋ​អាមេរិក​ ​ ដោយហេតុថា​ លោក​Nouri al-Maliki ​ជា​ឥស្សរជន​អៀរ៉ាក់​ដែល​ទីក្រុង​តេហេរ៉ង់​ពេញចិត្ត​ជាងគេ​បាន​ត្រូវ​លោក​ប្រធានា​ធិបតី​Jalal Talabani ​តែងតាំង​ឲ្យ​កាន់​តំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​អៀរ៉ាក់។

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែល​បាន​សម្រេច​ចិត្ត​គោរព​ប្រតិទិន​នៃ​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អៀរ៉ាក់​ដែល​គ្រោង​ធ្វើ​នៅ​ចុងឆ្នាំ២០១១​ ​ មាន​ការ​បារម្ភ​ខ្លាចក្រែង​ប្រទេស​អៀរ៉ាក់​ធ្លាក់​ទៅក្នុង​ដៃ​របស់​ប្រទេស​អៀរ៉ង់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI