សករាជលោក បិន អាលីបានបិទបញ្ចប់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្ថានការណ៍នយោបាយនៅក្នុងប្រទេសទុយនីស៊ីបានក្រឡាប់ចាក់យ៉ាងឆាប់ រហ័ស។ ចប់ហើយ អំណាចដុះស្លែតែម្នាក់ឯងរយៈពេល ២៣ឆ្នំារបស់លោកប្រធានាធិបតីទុយនីស៊ី បិន អាលី (Ben Ali)។ លោក បិន អាលីដែលបានរត់ភៀសខ្លួនចេញពីប្រទេសដោយស្ងាត់ៗនៅវេលាម៉ោង ៥ល្ងាច ម៉ោងនៅក្នុងប្រទេសទុយនីស៊ីនាថ្ងៃសុក្រ ទី១៤ មករា។ ខណៈនេះ លោក បិន អាលីកំពុងជ្រកកាននៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត។ លោកនាយករដ្ឋមន្រ្តីទុយនីស៊ី Mohammed Ghannouchi ជាអ្នកកាន់តំណែងប្រធានាធិបតីស្តីទីរហូតដល់ថ្ងៃរៀបចំបោះឆ្នោតសភា ក្នុងរយៈពេល ៦ខែខាងមុខ។
បទអន្តរាគមន៍របស់ គួច គន្ធារ៉ា
យន្តហោះរបស់លោក បិន អាលី បានចុះចតនៅក្នុងទីក្រុង Djeddah ក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត នៅរាត្រីយប់ថ្ងៃសុក្រ ទី១៤ ឆ្លងចូលថ្ងៃសៅរ៍ ទី១៥ មករានេះ។ ប្រមុខរដ្ឋទុយនីស៊ី ព្រមទំាងភរិយា ត្រូវបានរដ្ឋអំណាចអារ៉ាប៊ី សាអ៊ូឌីត ទទួលយ៉ាងរាក់ទាក់នៅឯអាកាសយានដ្ឋាន។ ប្រទេសអារ៉ាប៊ី សាអ៊ូឌីតបានលើកយកហេតុផលថា ការដែលខ្លួនបានអនុញ្ញាតឲ្យលោកប្រធានាធិបតីទុយនីស៊ី បិន អាលីជ្រកកោនពេលនេះ គឺជាកាយវិការមនុស្សធម៌មួយដើម្បីជួយប្រធានាធិបតីម្នាក់នៃប្រទេសអារ៉ាប់ដូចគ្នា។ ទន្ទឹមគ្នានេះ រដ្ឋអំណាចអារ៉ាប៊ី សាអ៊ូឌីតក៏បានបញ្ជាក់ពីការគំាទ្ររបស់ខ្លួនចំពោះប្រជាជនទុយនីស៊ី និងសង្ឃឹមថា ប្រជាជនទុយនីស៊ីនឹងបន្តរួបរួមគ្នាដើម្បីឆ្លងឲ្យផុតនូវដំណាក់ការមួយដ៏លំបាកនៃប្រវត្តិសាស្រ្តរបស់ខ្លួន។ សូមជម្រាបជូនថា លោកប្រធានាធិបតីទុយនីស៊ី បិន អាលី គឺជាប្រធានាធិបតីអារ៉ាប់ទីមួយដែលបានបង្ខំចិត្តចាកចេញពីអំណាច ក្រោមការងើបបះបោររបស់ប្រជាជន។
ប្រវត្តិរូបលោក បិន អាលី
លោក បិន អាលីមានឈ្មោះពេញថា Zine El Abidine Ben Ali។ លោកកើតក្នុងឆ្នំា ១៩៣៦ និងចេញពីគ្រួសារមានជីវភាពមធ្យម។ មានអាជីពជាទាហាន លោក បិន អាលីធ្លាប់បានសិក្សាក្នុងសាលាយោធានៅប្រទេសបារំាង និងសាលាឧត្តមសិក្សាផ្នែកស៊ើបការសម្ងាត់ និងសន្តិសុខនៅសហរដ្ឋអាមេរិក។ មុននឹងក្រសោបយកអំណាចប្រធានាធិបតីនៅថ្ងៃទី ៧ វិច្ឆិកា ឆ្នំា ១៩៨៧ តាមរយៈរដ្ឋប្រហារ ឧត្តមសេនីយ បិន អាលីក៏ធ្លាប់កាន់តំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងតំណែងនាយករដ្ឋមន្រ្តីជាច្រើនអាណត្តិ។ លោក បិន អាលីបានធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី Habib Bourguida ដែលជាបិតាឯករាជ្យ ដោយគ្មានអំពើហិង្សា។
ពីដំបូង លោក បិន អាលីត្រូវបានគេចាត់ទុកជាអ្នកស្រោចស្រង់ប្រទេសទុយនីស៊ីដែលកំពុងជួបវិបត្តិ។ គ្រាន់តែបានអំណាចក្នុងដៃភ្លាម លោក បិន អាលីបានប្រកាសលុបចោលអាណត្តិប្រធានាធិបតីមួយជីវិត ប្រកាសអនុវត្តនយោបាយសេដ្ឋកិច្ចសេរីនិយម បន្តនយោបាយគំាទ្រលើវិស័យអប់រំ និងការធ្វើឲ្យស្រ្តី មានសិទ្ធិស្មើនឹងបុរស។ ប៉ុន្តែបន្តិចម្តងៗ លោក បិន អាលីបានប្រែក្លាយនយោបាយបើកចំហ ទៅជានយោបាយផ្តាច់ការទៅវិញ។ បំបិទមាត់គណបក្សប្រឆំាង បំបិទសិទ្ធិសេរីភាពសារព័ត៌មាន និងគាបសង្កត់លើក្រុមសហជីព។
នៅឆ្នំា ២០០២ លោក បិន អាលីបានអនុម័តកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញតាមការបោះឆ្នោតប្រជាមតិ ដោយអនុញ្ញាតឲ្យលោកអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីជាថ្មី។ តាមរយៈកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញកាលណោះ បានអនុញ្ញាតឲ្យលោក បិន អាលីជាប់ឆ្នោតប្រធានាធិបតីក្នុងអាណត្តិទី៥ ក្នុងខែតុលា ឆ្នំា ២០០៩ ជាមួយនឹងសំឡេងគំាទ្រជិត ៩០%។
បច្ចុប្បន្នមានអាយុ ៧៤ឆ្នំា និងមានកូន ៦នាក់ គ្រួសារលោក បិន អាលីបានទទួលរងការចោទប្រកាន់ពីអំពើពុករលួយ និងបក្សពួក គ្រួសារនិយម។
ប្រទេសលោកខាងលិចគំាទ្រប្រជាជនទុយនីស៊ី
សូមអញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់ វីនស្តុន រតនា
ខណៈនេះ នៅក្នុងប្រទេសទុយនីស៊ី លោកនាយករដ្ឋមន្រ្តី Mohammed Ghannouchi ជាអ្នកកាន់តំណែងប្រធានាធិបតីស្តីទី។ លោក Ghannouchi ត្រូវកាន់តំណែងប្រធានាធិបតីស្តីទីរយៈពេល ៦ខែ ដោយគិតចាប់ពីយប់ថ្ងៃសុក្រ ទី១៤ មករា ពោលគឺថ្ងៃដែលលោក បិន អាលីបានភៀសខ្លួនចេញពីប្រទេស។ បន្ទាប់មកនៅ ៦ខែខាងមុខ ប្រទេសទុយនីស៊ីនឹងរៀបចំបោះឆ្នោតសភាថ្មី។
ដូច្នេះ នៅចំពោះមុខ លោក Ghannouchi មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ពិសេស រៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ ព្រោះថា ពេលនេះ ភាពអនាធិបតេយ្យកំពុងបន្តគ្របដណ្តប់លើប្រទេសទុយនីស៊ី។ បន្ទាប់មកទៀត លោក Ghannouchi នឹងត្រូវប្រមែប្រមូល បង្រួបបង្រួមគ្រប់អ្នកស្នេហាជាតិ មកពីគ្រប់គណបក្សនយោបាយទំាងអស់។
សម្រាប់ប្រជាជនទុយនីស៊ីទូទៅ កាតព្វកិច្ចរបស់ពួកគេហាក់ដូចជាចប់ហើយ នោះគឺការដួលរលំនៃសករាជអំណាចផ្តាច់ការអស់រយៈពេល ២៣ឆ្នំា របស់លោក បិន អាលី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ