ទិវាបង្ហូរឈាមដាបនៅយេម៉ែន លោកប្រធានាធិបតីSalehប្រកាសសភាពអាសន្ន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺជាទិវាបង្ហូរឈាមដាបច្រើនបំផុត នៅយេម៉ែនចាប់តាំងពីមានចលនាតវ៉ាប្រឆាំងនឹងរដ្ឋអំណាច នៅចុងខែមករា២០១១មក។ យ៉ាងតិច មានជន៤១នាក់បានស្លាប់និងរបួស២០០នាក់ នៅថ្ងៃសុក្រ១៨មីនាម្សិលមិញ -ស្របតាមប្រភពមន្ទីរពេទ្យ នៅឱកាសបាតុកម្មប្រឆាំងនឹងរដ្ឋអំណាច នៅទីក្រុងSanaa ។ លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន បាន” ថ្កោលទោសយ៉ាងខ្លាំង “ការប្រើគ្រាប់កាំភ្លើងមែនទែន ដោយបក្សព័ន្ធនៃរបប។លោកប្រធានាធិបតីSalehបានចេញក្រិត្យប្រកាសសភាពអាសន្នសំរាប់រយៈពេលមិនកំណត់។
សេចក្តីរាយការណ៍របស់ វីនស្តុន រតនា
ស្របតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកគឺជាការសម្លាប់រង្គាល។មនុស្សស្លៀកពាក់ជាស៊ីវិលចាំឃ្លាំមើលពីលើដំបូលផ្ទះបានបាញ់ទៅលើពួកបាតុករដែលប្រមូលផ្តុំគ្នា នៅជិតសាកលវិទ្យាល័យSanaa។
ចុះតើនរណាទៅជាអ្នកបាញ់ទាំងនេះ?ស្របតាមប្រភពជាច្រើនគឺបក្សព័ន្ធរបស់លោកប្រធានាធិបតីSaleh។ប៉ុន្តែ គេហទំព័រអាំងទែរណេតរបស់បណ្តាញទូរទស្សន៍Al Jazira លើកឡើងអំពីអន្តរាគមន៍របស់កងកម្លាំងសន្តិសុខយេម៉ែនដែលប្រហែលជាបានប្រើអាវុធរបស់ខ្លួន។គោលដៅគឺឃាត់ឃាំងកុំឱ្យគណបក្សប្រឆាំងដើរធ្វើបាតុកម្មនៅក្នុងទីក្រុង។
ប៉ុន្តែ អាជ្ញាធរបដិសេធថាកងកម្លាំងសន្តិសុខពុំជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ។លោកប្រធានាធិបតីSalehអះអាងនឹកសោកស្តាយមរណភាពរបស់ពួកជនដែលគាត់ហៅថាជា” ទុក្ករបុគ្គលនៃរបបប្រជាធិបតេយ្យ” ។គាត់បញ្ជាឱ្យគណៈកម្មការមួយធ្វើអង្កេត ដើម្បីរកឱ្យឃើញពួកជាប់ពិរុទ្ធ។
ប៉ុន្តែការនេះទំនងជាពុំគ្រប់គ្រាន់ទេ ដើម្បីរំងាប់កំហឹងរបស់ពួកអ្នកតវ៉ាប្រឆាំង ដ្បិតពួកគេនិយាយថា “ចាប់ពីអំណើះតទៅពុំអាចមានជំនួបសន្ទនាអ្វីមួយបានឡើយជាមួយរដ្ឋាភិបាល”។ ពួកអ្នកប្រឆាំងនឹង លោកប្រធានាធិបតីSalehធ្វើបាតុកម្មតាំងពីមួយខែកន្លះមកហើយជាប់រហូតឥតឈប់ឈរដើម្បីទាមទារឲ្យចាកចេញទៅជនដែលបានកាន់អំណាច៣២ឆ្នាំមកហើយ និងដែលក្នុងខណៈនេះពុំព្រមលាឈប់ពីមុខតំណែងទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ