ស៊ីរី

ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​ប្រទេស​ស៊ីរី​

ប្រធានាធិបតី​ស៊ីរី​​បាស្ហារ​អាល-អាស្សាដ​​(ខាងស្ដាំ) និង​ ប្រធានាធិបតី​អៀរ៉ង់​ Mahmoud Ahmadinejad​​ (ខាងឆ្វេង)
ប្រធានាធិបតី​ស៊ីរី​​បាស្ហារ​អាល-អាស្សាដ​​(ខាងស្ដាំ) និង​ ប្រធានាធិបតី​អៀរ៉ង់​ Mahmoud Ahmadinejad​​ (ខាងឆ្វេង) © Reuters/Sana

សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ទៅលើ​របប​ផ្តាច់ការ​របស់​ បាស្ហារ​អាល-អាស្សាដ​ដែល​បាន​វាយបង្ក្រាប​ដ៏​សែន​ហិង្សា​ទៅលើ​បាតុករ​ស៊ីរី។ ​ ការវាយ​បង្ក្រាប​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៩០០នាក់​ នេះ​បើយោងតាម​តួលេខ​របស់​ ​អ.ស.ប.​និង​អង្គការ​ការពារ​សិទ្ធិមនុស្ស។​ ក្រោយ​ពី​ស រ អា​ ​ សហភាព​អឺរ៉ុប​បាន​សម្រេច​ចិត្ត​កាលពី​ថ្ងៃចន្ទ​ម្សិល​មិញ​ ដាក់​ទណ្ឌកម្ម​បន្ថែម​ទៅលើ​របប​ផ្តាច់ការ​ស៊ីរី​បាស្ហារ​អាល-អាស្សាដ។ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អឺរ៉ុប​បាន​សម្រេច​ចិត្ត​កាលពី​ថ្ងៃចន្ទ​ទី២៣​ឧសភា​ឆ្នាំ២០១១​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​វាយ​បង្ក្រាប​យ៉ាងហិង្សា​ទៅលើ​បាតុករ​ស៊ីរី។​ ការវាយ​បង្ក្រាប​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៩០០នាក់​ នេះ​បើយោងតាម​តួលេខ​របស់​អ ស ប។

 
នៅថ្ងៃអង្គារ​នេះ​ ឈ្មោះ​របស់​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​បាន​ត្រូវ​សហភាព​អឺរ៉ុប​ដាក់​ចុះ​បញ្ជី​ជិត​ឈ្មោះ​អ្នក​ទទួលខុ​ស​ត្រូវ​ស៊ីរី​៩នាក់ទៀត​ក្នុង​ការ​វាយបង្ក្រាប​ដ៏​ហិង្សា​នៅ​ប្រទេស​ស៊ីរី។​ ទាំងនេះ​បូកបន្ថែម​ទៅលើ​បញ្ជីឈ្មោះ​ទីមួយ​ដែល​មាន​ឈ្មោះ​ឥស្សរជន​ស៊ីរី​សំខាន់ៗ​១៣រូប​ដែល​ក្នុងនោះ​មាន​ឈ្មោះ​ប្អូនប្រុស​និង​បងប្អូន​ជីដូនមួយ​ជាច្រើន​នាក់​របស់​បាស្ហារ​អាល-អាស្សាដ​ផងដែរ​ដែល​សហភាព​បាន​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​ទី១០​ឧសភា​កន្លងទៅ​ ​ ដោយពុំ​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​ទាំងនេះ​ចូល​ដែនដី​នៃ​សហភាព​អឺរ៉ុប​ ​ ហើយនិង​ធ្វើការ​ឃាត់​ផ្អាប់​ទុក​ប្រាក់​របស់​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ។

សមាជិក​ទាំង​២៧ប្រទេស​នៃ​សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់បម្រាមពុំ​ឲ្យ​មាន​សព្វាវុធ​ចេញចូល​ប្រទេស​ស៊ីរី​ ​ ហើយនិង​ព្យួរ​ផ្អាក​ “ជំនួយ​អឺរ៉ុប​សម្រាប់​អភិវឌ្ឍន៍”​។​ មូលហេតុ​នេះហើយ​ដែល​បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើការ​អំពាវនាវ​នៅ​ថ្ងៃចន្ទ​ម្សិលមិញ​ឲ្យ​ធនាគារ​អឺរ៉ុប​សម្រាប់​វិនិយោគ​បញ្ឈប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជាមួយ​ប្រទេស​ស៊ីរី។

សេចក្តី​សម្រចចិត្ត​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​ប្រទេស​ស៊ីរីនេះ​ ​ បានត្រូវ​របប​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​នៅ​ទីក្រុង​ដាម៉ាស​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ ​ ដោយ​បាន​ឆ្លើយតប​ថា​ ​ “​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ទៅលើ​ប្រទេស​ស៊ីរី​គឺ​ជា​កំហុស​ឆ្គង​ពីព្រោះ​អ្នក​ដែល​ទទួល​រងគ្រោះ​គឺ​ប្រជាជន​ស៊ីរី"។

បើ​​យើង​ធ្វើការ​វិភាគ​និង​ពិចារណា​ឲ្យ​បាន​ជ្រៅជ្រះ​បន្តិច​ ​ យើងនឹង​ឃើញថា​ ​ ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ​ ទាំង​ការដាក់បម្រាមពុំ​ឲ្យ​នាំ​សព្វាវុធ​ចេញចូល​ប្រទេស​ស៊ីរី​ ​ ទាំង​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​នៅ​ថ្ងៃទី​១៩​ឧសភា​ឆ្នាំ២០១១​ដែល​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ចាកចេញ​ពី​មុខ​តំណែង​ឬ​មួយ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ឲ្យ​សម​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ ​ ហាក់បី​ដូច​ជា​ពិបាក​នឹង​ទទួល​បាន​ជោគជ័យ។

មូលហេតុ​មាន​ច្រើន៖
ទី១-របប​ផ្តាច់ការ​ស៊ីរី​របស់​បាស្ហារ​អាល-អាស្សាដ​ធ្លាប់​ហែល​ឆ្លងកាត់​ទណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើនលើក​មកហើយ។
ទី២-ប្រទេស​ស៊ីរី​ជា​ប្រទេស​តូច​ហើយ​មាន​លក្ខណៈ​ “ស្វ័យ​គ្រប់គ្រាន់”​Autosuffisant ផងទៀត។​ លក្ខណៈ​ “ស្វ័យ​គ្រប់គ្រាន់”​ដែល​គេ​កត់​សម្គាល់​ឃើញ​មាន​នៅ​ក្នុង​វិស័យ​កសិកម្ម​ ​ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខ្នាតតូច។​ ប្រទេស​ស៊ីរី​ក៏​មាន​អណ្តូង​ប្រេងកាត​ផងទៀត​ ​ ទោះបីជា​មាន​បរិមាណ​ស្ដួចស្ដើង​យ៉ាងណា​ក៏​ដោយ​ ​ ក៏​ប្រេង​ឆៅ​ស៊ីរី​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​ស្រុក​ដែរ។​ ហើយបើ​មាន​ការ​ខ្វះខាត​ ​ មាន​ប្រទេស​អៀរ៉ង់​ជា​មិត្ត​ស្រាប់​ក៏​អាច​ផ្តល់​ឲ្យ​ប្រទេស​ស៊ីរី​បាន​រាប់​លាន​បារីល​ផងដែរ។
ដូច្នេះ​ឃើញថា​ ​ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដាក់​ទៅលើ​ប្រទេស​ស៊ីរី​ពុំ​សូវ​ជា​មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ឡើយ។

លោក​ស្រី​គ្លីន​តុន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ឡុងដ្រឺ៍​បាន​រួបរួម​ថ្លែង​ទាមទារ​ជា​មួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​William Hagueថា​ ​ “​ប្រមុខ​ដឹកនាំ​ស៊ីរី​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​និង​ការ​សម្លាប់​រង្គាល​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​ស៊ីរី​ ​ ត្រូវ​ដោះលែង​ជា​បន្ទាន់​អ្នកទោស​នយោបាយ​ ​ ហើយនិង​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ប្រទេស​ឲ្យ​មាន​លក្ខណៈ​សមស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ”៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI