ប៉ាឡេស្ទីន-យូណេស្កូ

ជ័យជំនះ​ទីមួយ​របស់​ប៉ាឡេស្ទីន​ក្នុងការ​សុំចូល​ជាសមាជិក​នៃអង្គការ​យូណេស្កូ​

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas
លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន Mahmoud Abbas © Reuters

ប៉ាឡេស្ទីន​យកបាន​ជ័យជំនះ​ជាលើក​ទីមួយ​នៅ​ថ្ងៃពុធ​ទី៥​តុលា​ឆ្នាំ២០១១​ ក្នុងការ​សុំឲ្យ​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​ខ្លួន​ជា​សមាជិក​ពេញសិទ្ធិ​ នៃ​អង្គការ​យូណេស្កូ។សូមបញ្ជាក់ថា​ ​ មកទល់​ពេលនេះ​ប៉ាឡេស្ទីន​មាន​ឋានៈជា​សមាជិក​សង្កេតការណ៍​នៅ​ក្នុង​អង្គការ​យូណេស្កូ​តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

បើយោងតាម​ប្រភព​នៃ​អង្គការ​យូណេស្កូ​នៅទីក្រុង​ប៉ារីស​បាន​ឲ្យដឹងថា​ ​ ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​អង្គការ​នេះ​បាន​ទទួល​យល់ព្រម​តាមសំណើ​សុំ​របស់​ប៉ាឡេស្ទីន​ចូលជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​យូណេស្កូ​ ​ ដោយមាន​សំឡេង​គាំទ្រ​៤០​លើ​៥៨​សំឡង។

 
បួន​ប្រទេស​បាន​បោះឆ្នោត​ប្រឆាំង​ដែល​ក្នុងនោះ​មាន​សហរដ្ឋ​អាមេរិក​ ​ អាល្លឺម៉ង់​ ​ ឡេតូនី​ ​ និង​រូម៉ានី​ ​ ហើយនិង​១៤​ប្រទេស​ទៀត​បាន​ប្រកាន់​ជំហរ​អនុបវាទ​ដែល​ក្នុងនោះ​មាន​ជាអាទិ៍​ប្រទេស​បែលហ្សិក​ ដាណាម៉ាក​ ស្លូវ៉ាគី​ អេស្ប៉ាញ​ បារាំង​ ក្រិក​ អ៊ីតាលី​ ប៉ូឡូញ។

គួរបញ្ជាក់ថា​ ​ អនុសាសន៍​ផ្តួចផ្តើម​ដោយ​ប្រទេស​អារ៉ាប់​មួយក្រុម​ស្នើសុំ​ឲ្យ​ប៉ាឡេស្ទីន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​យូណេស្កូ​នេះ​ ​ នឹងត្រូវ​មាន​ការ​ពិនិត្យ​មើល​ទៀត​ដោយ​សន្និសីទ​សកល​នៃ​អង្គការ​យូណេស្កូ​នៅ​ចុង​ដំណាច់​ខែនេះ។

ដើម្បី​ឲ្យ​ប៉ាឡេស្ទីន​អាចនឹង​ទទួលបាន​លក្ខន្តិកៈ​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​យូណេស្កូ​ ​ សំណើ​សុំ​ត្រូវតែ​ទទួល​ឲ្យ​បាន​សំឡេង​គាំទ្រ​យ៉ាងតិច​២/៣​នៃ​សមាជិក​ទាំង​១៩៣ប្រទេស​ដែល​ត្រូវ​ជួប​ប្រជុំ​គ្នា​ពី​ថ្ងៃទី​២៥តុលា​ដល់ថ្ងៃ​ទី១០​វិច្ឆិកា​ឆ្នាំ២០១១​នៅ​ទីក្រុង​ប៉ារីស។

សូមបញ្ជាក់ថា​ ​ មកទល់​ពេលនេះ​ប៉ាឡេស្ទីន​មាន​ឋានៈជា​សមាជិក​សង្កេតការណ៍​នៅ​ក្នុង​អង្គការ​យូណេស្កូ​តែប៉ុណ្ណោះ។

នៅឯទីក្រុង​រ៉ាម៉ាល្លាហ៍​ឯណោះ​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាឡេស្ទីន​ Riyad al-Malki ​បាន​ថ្លែង​បរិហារ​ពី​សម្ពាធ​ដ៏​ខ្លាំង​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល​ប្រឆាំង​នឹង​ការសុំ​របស់​ប៉ាឡេស្ទីន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​អង្គការ​យូណេស្កូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI