លីប៊ី

សហគមន៍​អន្តរជាតិ​អបអរ​នឹង​កាដាហ្វី​បាន​ស្លាប់​តៃហោង​

នៅទីក្រុងTripoli​ ថ្ងៃទី២០តុលា​​ឆ្នាំ២០១១​​ប្រតិកម្ម​​ប្រជាជន​​ក្រោយពី​​ការប្រកាស​ថា​​កាដាហ្វ៊ី​​បាន​បាត់បង់​ជីវិត​
នៅទីក្រុងTripoli​ ថ្ងៃទី២០តុលា​​ឆ្នាំ២០១១​​ប្រតិកម្ម​​ប្រជាជន​​ក្រោយពី​​ការប្រកាស​ថា​​កាដាហ្វ៊ី​​បាន​បាត់បង់​ជីវិត​ ©​ REUTERS/Ismail Zitouny

សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការអបអរ​ ​ ក្រោយពី​បាន​ដឹងថា​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វ៊ី​ដែលបាន​ក្តោបក្តាប់​អំណាច​គ្រប់គ្រង​ប្រទេស​លីប៊ី​អស់​រយៈពេល​៤២ឆ្នាំ​ ​ ហើយ​នៅទី​បំផុត​បាន​ត្រូវ​ប្រជាពលរដ្ឋ​របស់​ខ្លួន​វាយ​សម្លាប់​យ៉ាង​សែន​ហិង្សា​និង​យ៉ាង​សែន​វេទនា​ភ្នែក​។​ សហគមន៍​អន្តរជាតិ​ក៏​សង្ឃឹម​ផងដែរថា​ ​ បក្ស​សម្ព័ន្ធ​អូតង់​នឹង​បិទ​បញ្ចប់​អន្តរាគមន៍​យោធា​របស់​ខ្លួន​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ​ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រជាជន​លីប៊ី​ធ្វើការ​ផ្សះផ្សា​បង្រួប​បង្រួមជាតិ។

ផ្សាយពាណិជ្ជកម្ម

ចាប់ពី​សហភាព​អឺរ៉ុប​រហូត​ដល់​អង្គការ​សហប្រជាជាតិ​ ​ អ្នកដឹកនាំ​នៅលើ​ពិភពលោក​បាន​សម្ដែង​ការ​អបអរ​នឹង​ការ​បាត់បង់​ជីវិត​របស់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី​ដែលបាន​ក្តោបក្តាប់​អំណាច​គ្រប់គ្រង​ប្រទេស​លីប៊ី​អស់​រយៈពេល​៤២ឆ្នាំ​ ​ ហើយគេ​សង្ឃឹមថា​ ​ សករាជថ្មី​នឹង​នាំ​មកឲ្យ​ប្រទេស​លីប៊ី​នូវ​ “​សន្តិភាព”​ និង ​ “លទ្ធិ​ប្រជាធិបតេយ្យ”​។

 
លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញថា​ ​ ការបាត់​បង់​ជីវិត​របស់​មេដឹកនាំ​ផ្តាច់ការ​មូអាម៉ារ​កាដាហ្វី​បាន​បិទ​ “ទំព័រ​ដ៏​វែង​និង​ដ៏​ឈឺ​ចុកចាប់​”​ របស់​ប្រជាជន​លីប៊ី​ ​ ហើយបាន​អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​លីប៊ីថ្មី​ចេះ​បង្រួប​បង្រួម​នាំគ្នា​កសាង​ស្ថាបនា​ប្រទេស​ដោយ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​និង​ចេះ​មាន​ការ​សន្តោស​អត់ឱនគ្នា។

រីឯ​លោក​ បាន​ គីមូន​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​វិញ​បាន​ថ្លែង​ថា ​ “​ជាការ​ជាក់ច្បាស់​ណាស់​ ​ ថ្ងៃ​បាត់បង់​ជីវិត​របស់​កាដាហ្វីគឺ​ជា​ថ្ងៃ​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​លីប៊ី​ ​ ហើយ​លោក​អគ្គលេខាធិការ​បាន​អំពាវនាវ​ឲ្យ​រាល់​យុទ្ធជន​លីប៊ី​ដាក់​អាវុធ​ចុះ​ដោយ​សន្តិភាព”។

ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​ នីកូឡា​សាកូហ្ស៊ី​ បាន​ថ្លែងថា​ ​ “​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​បាន​បើកជូន​ប្រជាជន​លីប៊ី​ ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​គឺជា​ទំព័រ​ផ្សះផ្សា​បង្រួប​បង្រួម​ជាតិ​ ​ និង​សេរីភាព”។

ប្រទេស​អេហ្ស៊ីប​ឯណោះ​ដែលជា​ប្រទេស​ជិតខាង​របស់​ប្រទេស​លីប៊ី​ដែល​ទើប​នឹង​រើ​បម្រះខ្លួន​ចេញ​ពី​ក្រញាំ​​ផ្តាច់ការ​របស់​ ហូស្នី​ មូបារ៉ាក់​ បាន​ថ្លែងប្រាប់ថា​​ ​ "​គេបាន​ត្រៀមខ្លួន​ជាស្រេច​នឹង​ជួយ​កសាង​​ស្ថាបនា​ប្រទេស​លីប៊ី​ឡើងវិញ”។

រីឯ​ប្រទេស​ចិន​វិញ​ ​ បាន​ប្រកាស​អំពាវនាវ​ “​ឲ្យ​ប្រជាជន​លីប៊ី​ចេះ​ធ្វើការ​ផ្សះផ្សា​បង្រួប​បង្រួម​រក្សា​ឯកភាពជាតិ​ ​ ក្រោយពី​ការបាត់បង់​ជីវិត​របស់​កាដាហ្វី។

គួរកត់​សម្គាល់ថា​ ​ ទីក្រុង​ប៉េកាំង​បាន​បោះទុន​ធ្វើវិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ប្រទេស​លីប៊ី​ ​ នៅក្នុង​វិស័យ​អយស្ម័យយាន​ ​ វិស័យ​ប្រេងឥន្ធនៈ​ ​ និង​ទូរគមនាគមន៍។​ ហើយ​អស់​រយៈកាល​ដ៏យូរ​ ​ ប្រទេស​ចិន​បាន​ជួយ​គាំទ្រ​និង​ផ្តល់​ស្ថិរភាព​ឲ្យ​ប្រទេស​លីប៊ី​របស់​មេដឹកនាំ​ផ្តាច់ការ​​កាដាហ្វី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI