អានតួអត្ថបទ
ពិភពអារ៉ាប់

តើពួក​អ៊ីស្លាមនិយម​ពិតជា​អ្នកឈ្នះ​នៅក្នុង​បដិវត្តន៍​អារ៉ាប់ឬ?​

លោក​ Rached Ghannouchi​ ប្រធាន​​គណបក្ស​​​អ៊ីស្លាម​​និយម​​​ទុយនីស៊ី​​ ​Ennahda​
លោក​ Rached Ghannouchi​ ប្រធាន​​គណបក្ស​​​អ៊ីស្លាម​​និយម​​​ទុយនីស៊ី​​ ​Ennahda​ ©​ REUTERS/Zohra Bensemra
ដោយ៖ សៀក សារិន
២៨ នាទី

គណបក្ស​អ៊ីស្លាមនិយម​ Ennahda ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេលថ្មីៗ​កន្លង​ទៅនេះ​នៅប្រទេស​ទុយនីស៊ី​។​ ក្រោយពី​មាន​សេចក្តី​សង្ឃឹម​ដែលបាន​បំផុសឡើង​ដោយ​និទាឃរដូវ​អារ៉ាប់​ ​ ក្តីបារម្ភ​ក៏​បាន​ចាប់​កើតមាន​ឥឡូវនេះ​នៅ​ប្រទេស​អេហ្ស៊ីប​និង​នៅ​ប្រទេស​លីប៊ី។

ផ្សាយពាណិជ្ជកម្ម

ក្រោយពី​និទាឃរដូវ​អារ៉ាប់​ ​ ឥឡូវនេះ​ដល់​វេន​សរទរដូវ​អារ៉ាប់​វិញម្តង។​ ថាមពល​ “ប្រជាធិបតេយ្យ”​ដ៏​វិជ្ជមាន​បាន​ផ្ទុះ​ពុះ​កញ្ជ្រោល​ ​ ផ្តួលរំលំ​របប​គ្រប់គ្រង​ផ្តាច់ការ​អារ៉ាប់​ដែលមាន​នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ​ ​ មាន​ដូចជា​ប្រទេស​ទុយនីស៊ី​ ​ ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​លីប៊ី។​ ឥឡូវនេះ​ ​ បដិវត្តន៍​ប្រជាជន​បាន​សាងផ្ទេរ​តួនាទី​របស់​ខ្លួន​ ​ ឲ្យ​ទៅ​ការរៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​តាម​បែប​បទ​ប្រជាធិបតេយ្យ។

 
ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នៅ​ប្រទេស​ទុយនីស៊ី​នៅ​ពេល​ថ្មីៗ​កន្លងទៅនេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​ គណបក្ស​អ៊ីស្លាមនិយម​ Ennahda ​ជាអ្នក​ឈ្នះឆ្នោត​ដោយបាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាងគេ​ពោលគឺ​ប្រមាណ​៤០%​ពីសំណាក់​ប្រជាពលរដ្ឋ​ទុយនីស៊ី។​ គណបក្ស​អ៊ីស្លាមនិយម​ទុយនីស៊ី​ Ennahda ​ឋិត​នៅក្រោម​ការដឹកនាំ​របស់​លោក​ប្រធាន​បក្ស​ Rached Ghannouchi ​ដែលតែង​ប្រកាស​ប្រាប់​គេឯងថា​ ​ ​ គណបក្ស​អ៊ីស្លាមនិយម​ Ennahda ​ជា​គណបក្ស​នយោបាយ​មាន​និន្នាការ​ “អ៊ីស្លាម​មិនជ្រុល​និយម”​ ​ ហើយ​យក​​តម្រាប់​តាម​គណបក្ស​អ៊ីស្លាមនិយម​តួកគី​ AKP ​ដែលជា​គណបក្ស​នយោបាយ​មាន​និន្នាការ​ “អ៊ីស្លាម​មិនជ្រុល​និយម”​ដែលបាន​ឡើងមក​កាន់កាប់​អំណាច​តាំងពី​ឆ្នាំ២០០២​នៅ​ប្រទេស​តួកគី។​ ក៏​ប៉ុន្តែ​សេចក្តី​ប្រកាស​ លោក​ Rached Ghannouchi ​នេះ​ ​ ពុំបាន​ធ្វើឲ្យ​គេ​ទុកចិត្ត​ប៉ុន្មាន​ទេ​ ​ ដោយគេ​បារម្ភ​ខ្លាច​គណបក្ស​អ៊ីស្លាមនិយម​ Ennahda ​លេង​ស្នៀត​កាំបិទ​មុខពីរ។

នៅប្រទេស​លីប៊ី​ឯណោះ​ ​ ក្រោយ​ពី​បាន​ផ្តួល​រំលំ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​មូអាម៉ារ​កាដាហ្វ៊ី​រួចមក​ ​ នាឱកាស​ថ្លែង​សុន្ទរកថា​ ​ប្រកាស​រំដោះ​ប្រទេស​លីប៊ី​នៅ​ថ្ងៃអាទិត្យ​កន្លងទៅ​ ​ លោក​ Moustapha Abdeljalil ​បាន​ប្រកាស​ថា​ ​ គេនឹង​ចាប់​អនុវត្ត​ដោយ​គ្មាន​បង្អង់​ “ច្បាប់​អ៊ីស្លាម”​ហៅ​ “Charia”​ ។ ​ទាំងនេះ​បាន​បណ្តាលឲ្យ​សហគមន៍​អន្តរជាតិ​កើតមាន​ក្តីបារម្ភ​ពុំតិចទេ។

ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ CNT ​បាន​បញ្ជាក់​ទៀតថា​ ​ ច្បាប់​លីប៊ីថ្មី​នឹង​ធ្វើការ​ហាមឃាត់​ពុំ​អនុញ្ញាត​ឲ្យ​មាន​ប្រពន្ធច្រើន​ ​ ហើយនិង​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​លែងលះគ្នា​ ​ ចំណែកឯ​​ច្បាប់​ដែល​បន្សល់​ទុកឲ្យ​ដោយ​របប​កាដាហ្វ៊ី​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​នេះ​​នឹង​ទុកជា​មោឃៈ។

គ្រាន់តែ​ឮ​ពាក្យថា​ ​ “ច្បាប់​អ៊ីស្លាម”​ ឬ​​ “Charia” ​ចេញ​ពី​រង្វង់​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ CNT ​ ​ អ្នកដឹកនាំ​នៃ​ប្រទេស​លោកខាងលិច​កើតមាន​ក្តីបារម្ភ​ ​ ទោះបីជា​អ្នកដឹកនាំ​នៃ​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ CNT ​ថ្លែងអះអាង​ប្រាប់ថា​ ​ ពួកគេ​ពុំមែន​ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយម​ក៏ដោយ។​ មូលហេតុ​អស់ទាំង​នេះហើយ​ដែលបាន​នាំឲ្យ​ប្រទេស​បារាំង​និង​សហភាព​អឺរ៉ុប​ថ្លែងថា​ ​ គេនឹង​តាមដាន​ឃ្លាំមើល​យ៉ាងមធ្យ័ត​បំផុត​ ​ ការគោរព​សិទ្ធិមនុស្ស​និង​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ប្រទេស​លីប៊ី។​ ប្រទេស​បារាំង​ដែល​ជា​ប្រទេស​បាន​ទទួល​ស្គាល់​ក្រុម​ប្រឹក្សាជាតិ​អន្តរកាល​លីប៊ី​ CNT ​មុនគេ​មុនឯង​ ​ ហើយនិង​បាន​ចូល​ប្រឡូក​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​លីប៊ី​ដើម្បី​ផ្តួល​រំលំ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​មូអាម៉ារ​កាដាហ្វ៊ី​ ​ ពុំ​ចង់ឃើញ​ឡើយ​ប្រទេស​លីប៊ី​រំដោះ​ថ្មី​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម។

សូម​បញ្ជាក់ថា​ ​ នៅពេល​ដែល​គេនិយាយ​ពី​អ៊ីស្លាម​និយម​ ​ គេ​គួរ​ដឹង​ថា​ ពួក​អ៊ីស្លាមនិយម​ពុំមែន​ចេញពី​សាលា​តែមួយ​ឬ​មាន​មនោគមវិជ្ជា​ដូចគ្នាៗ​នោះឡើយ។​ គេកត់​សម្គាល់​ឃើញមាន​ ​ ពួក​តាលីបង់​នៅ​ប្រទេស​អាហ្វហ្កានីស្ថាន​និង​នៅ​ប្រទេស​ប៉ាគីស្ថាន​ ​ ពួក​វ៉ាហាប៊ីត​ ​ ពួក​សាឡាហ្វ៊ីស​ ​ ហើយនិង​អ៊ីស្លាមនិយម​តួកគី​ដូចជា​ពួក​អាកាប៉េ​ដែល​គ្មាន​ទំនាស់​ឡើយ​ជាមួយ​លទ្ធិ​ប្រជាធិបតេយ្យ។

រីឯ​ប្រធាន​គណបក្ស​អ៊ីស្លាមនិយម​ទុយនីស៊ី​ Ennahda ​ លោក​ Rached Ghannouchi ​វិញ​ដែលធ្លាប់​រស់នៅ​និរទេសខ្លួន​នៅទីក្រុង​ឡុងដ្រឹ៍​នៃ​ប្រទេស​អង់គ្លេស​អស់​រយៈកាល​ជាង​២០ឆ្នាំ​ ​ ពុំមែន​រស់នៅ​ទីក្រុង​កាប៊ូល​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន​ឬ​នៅ​ទីក្រុង​ La Mecque ​នៃ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​ឡើយ​ ​ ដូច្នេះ​ លោក​ Rached Ghannouchi ​ពុំមែន​ជា​អ្នក​អ៊ីស្លាម​ជ្រុល​និយម​ល្ងិតល្ងង់​ចូល​ត្រឡោក​ឡើយ។

ក្នុងនាម​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មនោគមវិជ្ជា​អ៊ីស្លាម​ជ្រុល​និយម​ ​ គេពុំ​អាច​បណ្តោយ​ខ្លួនទៅ​ចូល​ឃុបឃិត​ជាមួយ​នឹង​របប​គ្រប់គ្រង​យោធា​ផ្តាច់ការ​ដូចជា​ ​ របប​គ្រប់គ្រង​របស់​បេនអាលី​នៅ​ប្រទេស​ទុយនីស៊ី​ឬ​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​មូអាម៉ារ​កាដាហ្វ៊ី​នៅ​ប្រទេស​លីប៊ី​ដែល​ការពារ​តែ​ផលប្រយោជន៍​របស់​ក្រុមគ្រួសារ​និង​មិត្តភក្តិ​របស់​ខ្លួន​ដោយ​លួច​បន្លំ​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រទេស​ជាតិ​មក​ធ្វើ​ជា​របស់​ខ្លួន​បាន​ឡើយ។

ដូច្នេះ​ ​ ប្រទេស​បារាំង​មាន​មោទនភាព​យ៉ាង​ខ្ពស់​ក្នុង​ការ​ចូល​រួបរួម​ជួយ​ផ្តួល​រំលំ​ ​ របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បេនអាលី​នៅ​ប្រទេស​ទុយនីស៊ី​និង​​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​មូអាម៉ារ​កាដាហ្វ៊ី​នៅ​ប្រទេស​លីប៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ