បាតុករអេហ្ស៊ីបងើបប្រឆាំងនៅតែមានគ្នីគ្នាច្រើន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បាតុករអេហ្ស៊ីបរាប់ម៉ឺននាក់បានប្រមូលប្រជុំគ្នានៅថ្ងៃសុក្រទី២៥វិច្ឆិកាឆ្នាំ២០១១ម្សិលមិញនៅទីក្រុងគែរ ដើម្បីទាមទារឲ្យអ្នកកាន់អំណាចយោធាចាកចេញពីមុខតំណែង។ អ្នកកាន់អំណាចយោធាអេហ្ស៊ីបដែលបានតែងតាំងលោក Kamal el-Ganzouri អាយុ៧៨ឆ្នាំធ្វើជានាយករដ្ឋមន្ត្រី។ លោក Kamal el-Ganzouri ធ្លាប់កាន់តំណែងជាប្រមុខរដ្ឋាភិបាលរបស់លោកមូបារ៉ាក់បានត្រូវបដិសេធច្រានចោលពុំព្រមទទួលយកដោយបាតុករអេហ្ស៊ីប។
នៅថ្ងៃសុក្រទី២៥វិច្ឆិកាឆ្នាំ២០១១ ជាថ្មីម្តងទៀតបាតុករអេហ្ស៊ីបរាប់ម៉ឺននាក់បានប្រមូលប្រជុំគ្នានៅទីលាន Tahrir នៃទីក្រុងគែរ ដើម្បីធ្វើការទាមទារឲ្យក្រុមយោធាកាន់អំណាចបច្ចុប្បន្នចាកចេញពីមុខតំណែង។ ហ្វូងបាតុករបាននាំគ្នាស្រែកជាពាក្យស្លោកថា “ប្រជាជនអេហ្ស៊ីបចង់ឲ្យសេនាប្រមុខធ្លាក់ចេញពីមុខតំណែង”។ ក្នុងចំណោមបាតុករទាំងនោះ គេកត់សម្គាល់ឃើញមានអ្នកបដិវត្តន៍ជាច្រើនដែលបានមកបោះជំរំនៅទីលាន Tahrir នៃទីក្រុងគែរអស់រយៈពេល៦ថ្ងៃមកហើយ សហជីពជាច្រើនក្រុម ហើយនិងអ្នកនយោបាយមានដូចជា លោក Mohamed el-Baradei ជាដើម។
គួរបញ្ជាក់ថា មានបាតុករជាច្រើនក្រុមខុសៗគ្នាបានស្នើបញ្ជីឈ្មោះសម្រាប់បង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិមួយដែលមានអំណាចពេញលេញ ដែលក្នុងនោះ គេឃើញមានឈ្មោះ លោក Mohamed el-Baradei សម្រាប់ដឹកនាំរដ្ឋាភិបាលកែទម្រង់ លោក Abdel Mounem Abou el-Foutouh ដែលទើបតែទម្លាក់ចេញពីមុខតំណែងដោយក្រុមភាតរបុត្រអ៊ីស្លាម ហើយនិងឈ្មោះលោក Hossam Issa ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ចមានទំនោរទៅរកនិន្នាការសង្គមនិយម។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាជាន់ខ្ពស់នៃកងកម្លាំងយោធាអេហ្ស៊ីបបានប្រកាសឲ្យដឹងនៅថ្ងៃសុក្រទី២៥វិច្ឆិកាឆ្នាំ២០១១ម្សិលមិញថា ការបោះឆ្នោតសភាដែលគ្រោងរៀបចំធ្វើនៅថ្ងៃន្ទទី២៨វិច្ឆិកាឆ្នាំ២០១១ខាងមុខនេះនឹងត្រូវប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃដូចការគ្រោងទុក ហើយក្រុមយោធាគ្មានបំណងនឹងនៅកាន់កាប់អំណាចឡើយ ចំណែកឯការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីអេហ្ស៊ីបនឹងត្រូវប្រព្រឹត្តទៅយ៉ាងយូរនៅថ្ងៃទី៣០មិថុនាឆ្នាំ២០១២ខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ