អានតួអត្ថបទ
អេហ្ស៊ីប

ការ​បោះឆ្នោត​សភា​លើក​ទី ១ ក្រោយ​ពី​របប​របស់​លោក មូបារ៉ាក់

ការ​បោះឆ្នោត​សភា​លើក​ទី ១ ក្រោយ​ពី​របប​របស់​លោក មូបារ៉ាក់
ការ​បោះឆ្នោត​សភា​លើក​ទី ១ ក្រោយ​ពី​របប​របស់​លោក មូបារ៉ាក់ ©Reuters
១៤ នាទី

នៅ​ថ្ងៃ​ច័ន្ទ ទី២៨ វិច្ឆិកា​នេះ ប្រទេស​អេហ្ស៊ីប​បាន​ផ្តើម​រៀបចំ​ការ​បោះឆ្នោត​សភា​លើកទី១ ក្រោយ​ពី​របប​របស់​លោក មូបារ៉ាក់។ ការ​បោះឆ្នោត​សភា​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​ជា ៣​ដំណាក់កាល ដើម្បី​ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ចំនួន ៤៩៨​នាក់​នៅ​ក្នុង​រដ្ឋសភា និង គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ខែ​មករា ឆ្នំា ២០១២ ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

 

តំាង​ពី​របប​របស់​លោក មូបារ៉ាក់​បាន​ដួលរលំ​មក នេះ​ជា​លើកទី ១ ដែល​ប្រជាជន​អេហ្ស៊ីប​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ថ្មី។ ការ​បោះឆ្នោត​សភា​ដែល​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​បរិបទ​នយោបាយ​មួយ​ដ៏​សែន​តានតឹង។ តែ​យ៉ាង​ណា​ក៏​ដោយ មិន​បាន​រារំាង​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាជន​អេហ្ស៊ីប​ទេ។ តំាង​ពី​ព្រលឹម​ស្រាងៗ​មក​ម្ល៉េះ គេ​សង្កេត​ឃើញ​ប្រជាជន​បាន​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​នៅ​តាម​មណ្ឌល​បោះឆ្នោត​នានា​ក្នុង​ទីក្រុង Caire។ ជាក់ស្តែង​នៅ​សង្កាត់ Zamalek ក្នុង​ទីក្រុង Caire មាន​មនុស្ស​រាប់រយ​នាក់​បាន​ឈរ​តម្រង់ជួរ​នៅ​ពី​មុខ​ការិយាល័យ​បោះឆ្នោត​ដើម្បី​រង់ចំា​វេន​របស់​ខ្លួន ដោយ​មាន​វត្តមាន​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាមេរិកំាង។ « ខ្ញុំ​ឈឺ និង​គ្មាន​គម្រោង​មក​ចូលរួម​បោះឆ្នោត​ទេ តែ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ចុង​ក្រោយ​នេះ ខ្ញុំ​គិត​ថា ត្រូវ​តែ​មក​បោះឆ្នោត​ » នេះ​ជា​ការ​អះអាង​របស់​អ្នកបោះឆ្នោត​ម្នាក់​មាន​អាយុ ៦៥ឆ្នំា។ អ្នក​បោះឆ្នោត​រូប​នេះ​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​រយៈពេល ៣០ឆ្នំា ក្រោម​របប​របស់​លោក មូបារ៉ាក់ ប្រជាជន​អេហ្ស៊ីប​គ្រប់រូប​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បញ្ចេញ​មតិ​អ្វី​ទេ តែ​ឥឡូវ​នេះ អ្វីៗ​បាន​ចប់​អស់​ហើយ។

ការ​បោះឆ្នោត​ក្នុង​ថ្ងៃ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដំបូង​នៅ​ក្នុង​ទីក្រុង​ធំៗ​មាន​ដូច​ជា ទីក្រុង Caire Alexandrie ឬ​មួយ​ក៏​ទីក្រុង Louxor និង​ដែល​ត្រូវ​ជ្រើសរើស​អ្នកតំណាងរាស្រ្ត​ប្រមាណ ១ ភាគ ៤​នៃ​អ្នកតំណាងរាស្រ្ត​សរុប ចំនួន ៤៩៨នាក់​នៅ​ក្នុង​រដ្ឋសភាថ្មី។ រីឯ​ដំណើរការ​បោះឆ្នោត​នីមួយៗ​​នឹង​ត្រូវ​រៀបចំ​រយៈពេល ២ថ្ងៃ។

សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ប្រទេស​ទុយនីស៊ី និង​ម៉ារ៉ុក អេហ្ស៊ីប​គឺ​ជា​ប្រទេស​ទី ៣​ដែល​បាន​រៀបចំ​ការបោះឆ្នោត​សភា និង​ក៏​ជា​ប្រទេស​​ដែល​បាន​ស្គាល់​បដិវត្តន៍​​និទាឃរដូវ​អារ៉ាប់​នៅ​ក្នុង​តំបន់​ផង​ដែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ត្រូវ​គ្រប​ដណ្តប់​ដោយ​មហា​ក្បួនបាតុកម្ម​ប្រឆំាង​នឹង​ការ​កាន់អំណាច​របស់​ក្រុម​ឧត្តមសេនីយ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ និង​កងកម្លំាង​សន្តិសុខ​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​​ប្រមាណ ៤២​នាក់ និង​រងរបួស​ជាង ៣ ០០០នាក់​ផ្សេង​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ