ស៊ីរី

មានមនុស្សស្លាប់​១០០នាក់​ក្នុងអំពើ​ហិង្សា​

លោក​Ghalioun ប្រធាន​​ក្រុមប្រឹក្សាជាតិ​​​ស៊ីរី​​​​យល់​ថា​ ការយល់ព្រម​​​នៃ​​របប​​ស៊ីរី​​ឲ្​យ​​​អ្នក​សង្កេតការណ៍​​គឺ​គ្រាន់តែ​​​ជា​​“​កលល្បិច​​​​ដើម្បី​​​​បិទបាំង​​​បរាជ័យ​​​នៃ​រ​បប​ស៊ី​រី​”​​​
លោក​Ghalioun ប្រធាន​​ក្រុមប្រឹក្សាជាតិ​​​ស៊ីរី​​​​យល់​ថា​ ការយល់ព្រម​​​នៃ​​របប​​ស៊ីរី​​ឲ្​យ​​​អ្នក​សង្កេតការណ៍​​គឺ​គ្រាន់តែ​​​ជា​​“​កលល្បិច​​​​ដើម្បី​​​​បិទបាំង​​​បរាជ័យ​​​នៃ​រ​បប​ស៊ី​រី​”​​​ REUTERS/Zoubeir Souissi

ប្រទេស​ស៊ីរី​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​១៩​ធ្នូ​ បាន​ស្គាល់​ទិវា​សម្លាប់​រង្គាល​ដ៏​ច្រើន​បំផុត​មួយ​របស់​ខ្លួន​គឺ​មនុស្ស​១០០នាក់​បាន​ស្លាប់​ នៅ​ក្នុង​អំពើ​ហិង្សា​ដែល​ពុំ​បាន​ចុះ​ទន់​ខ្សោយ​ទេ​ ថ្វី​បើ​មាន​ការ​យល់​ព្រម​ព្រៀង​ជា​ផ្លូវ​ការ​នៃ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ចំពោះ​វត្តមាន​នៃ​ក្រុម​អ្នក​សង្កេត​ការណ៍​អារ៉ាប​ដែល​ត្រូវ​ពួក​អ្នក​ប្រឆាំង​ចាត់​ទុក​ជា​”​ កលល្បិច​”​ មួយ​ ដើម្បី​ឲ្យចំណេញ​ពេល​។

ផ្សាយពាណិជ្ជកម្ម

ការប៉ះ​ទង្គិច​បង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល​និង​ពួក​ទាហាន​រត់​ចោល​ជួរ​កើត​មាន​កាន់​តែ​ច្រើន​ឡើង​ ​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ​ ជាអាទិ៍​ នៅ​ទីក្រុង​Idleb​ ​ ​ Homs​(​កណ្តាល​ប្រទេស)​និង​ទីក្រុង​Deraa​(​ខាង​ត្បូង​ប្រទេស​)​ ដែល​សុទ្ធ​សឹង​ជា​ទី​កន្លែង​សំខាន់ៗ​នៃ​ការតវ៉ា​ប្រឆាំង​នឹង​របប​Bachar​ al-Assad​ត្រូវ​បង្ក្រាប​បង្ហូរ​ឈាម​ដាប​ តាំង​ពី​ជាង​៩​ខែ​មក​ហើយ​។​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ ​ ទាហាន​រត់​ចោល​ជួរ​ចំនួន​ពី​៦០​ទៅ​៧០​នាក់​បាន​ស្លាប់​ក្នុង​ការប៉ះ​ទង្គិច​គ្នា​នេះ​ -យោង​តាម​អង្គការ​ស៊ីរី​សង្កេត​មើល​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​។​ម្យ៉ាង​ទៀត​ ជន​ស៊ីវិល​៤០​នាក់​ត្រូវ​បាន​កង​កម្លាំង​ទ័ព​រដ្ឋាភិបាល​បាញ់​សម្លាប់​។

 
អំពើ​ហិង្សា​ថ្មីៗ​នេះ​កើត​មាន​នៅ​ពេល​ដែល​អនុរដ្ឋ​មន្ត្រី​ការបរទេស​ស៊ីរី​បាន​ចុះ​ហត្ថលេខា​ នៅ​ទី​ក្រុង​គែរ​ លើ​ឯកសារ​ដែល​អនុញ្ញាត​ចំពោះ​វត្តមាន​នៃ​ក្រុម​អ្នក​សង្កេតការណ៍​អារ៉ាប់​នៅក្នុង​ក្របខណ្ឌ​នៃ​ផែនការ​ចេញពី​វិបត្តិ​តាក់តែង​ដោយ​បក្ស​សម្ព័ន្ធ​អារ៉ាប់​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​បាន​យល់ព្រម​ទទួល​​រួច​ស្រេច​ហើយ​ “ទាំងស្រុង”​ ប៉ុន្តែ​ពុំដែល​បាន​អនុវត្ត​វាសោះ។

អគ្គលេខាធិការ​បក្ស​សម្ព័ន្ធ​អារ៉ាប់​បាន​ប្រកាស​ថា​ គណៈប្រតិភូ​ទីមួយ​នឹងទៅ​កាន់ទីក្រុង​ដាម៉ាស​ក្នុង​ចន្លោះ​ពេល​បីថ្ងៃទៀត​ក្នុង​លក្ខណៈ​ជាអ្នក​នាំផ្លូវ​។

ប្រទេស​បារាំង​បាន​ទាមទារ​សូមឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​អារ៉ាប់​អាច​បំពេញ​បេសកកម្ម​ខ្លួន​ “​ឲ្យបាន​ឆាប់រហ័ស​បំផុត​នៅ​នឹង​កន្លែង​”។​ បារាំង​បាន​សង្កត់​ធ្ងន់ថា​ ការបញ្ជូន​ក្រុម​អ្នក​សង្កេតការណ៍​គឺ​គ្រាន់តែ​ជា​ធាតុ​មួយ​នៃ​ផែនការ​ចេញពី​វិបត្តិ​អារ៉ាប់​ដែលក៏​ប្រមើល​ទុក​ផងដែរ​ “​ការ​បញ្ឈប់​ការបង្ក្រាប​បង្ហូរ​ឈាម​ ការដោះលែង​គ្រប់តែ​ពួក​អ្នកជាប់​ឃុំឃាំង​ដោយហេតុ​បាន​ធ្វើ​បាតុកម្ម​ ​ការ​ឲ្យ​កងទ័ព​វិលត្រឡប់​ចូល​បន្ទាយ​វិញ​និង​ការ​អនុញ្ញាត​ឲ្យ​មធ្យោបាយ​ឃោសនា​មហាជន​អន្តរជាតិ​អាច​ចូល​ទៅកាន់​ដែនដី​ស៊ីរី​”។

រីឯ​រដ្ឋការ​អាមេរិកាំង​វិញ​បាន​មន្ទិល​សង្ស័យ​ទៅលើ​ឆន្ទៈ​ពិត​ប្រាកដ​នៃ​របបស៊ីរី​ក្នុងការ​យល់ព្រមឲ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​នៅលើ​ទឹកដី​ខ្លួន​ដោយ​សុំឲ្យ​”​មើល​ទង្វើ​ជាក់ស្តែង”។

ក្រុមប្រឹក្សាជាតិ​ស៊ីរី​ដែល​ប្រមូល​ផ្តុំ​ក្រុម​អ្នក​ប្រឆាំង​ភាគ​ច្រើន​យល់ឃើញថា​ ​ ការយល់ព្រម​នៃ​របបស៊ីរី​ឲ្យ​មាន​ក្រុម​អ្នកសង្កេតការណ៍​គឺ​គ្រាន់តែ​ជា​ “​កលល្បិច​មួយ​ដើម្បី​គ្របដណ្តប់​បិទបាំង​បរាជ័យ​នៃ​របប​ស៊ីរី​”​។​ ក្រុម​អ្នក​សង្កេតការណ៍​អាច​ “​ទៅកាន់​ចំណុច​ក្តៅ​ប៉ុន្តែ​ពុំ​អាច​ទៅកាន់​ចំណុច​យោធា​ដ៏​រសើប​បានឡើយ”​។

មហាសន្និបាត​អ.ស.ប.​នៅ​ទីក្រុង​ញីវ​យ៉ក​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​ថ្កោល​ទោស​​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ស៊ីរី​ជាទី​ដែល​អំពើ​ហិង្សា​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​ប្រាំពាន់​នាក់ហើយ។​ ឯកអគ្គរដ្ឋទូត​ស៊ីរី​ប្រចាំ​នៅ​អ.ស.ប.​ចាត់ទុក​សេចក្តី​សម្រេចចិត្តនេះ​ថាជា​ការរួម​គំនិត​គ្នា​របស់​ “ពួកខ្មោច​បិសាច​”​ប្រឆាំង​នឹង​ប្រទេស​គាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI