អានតួអត្ថបទ
អេហ្ស៊ីប

ជ័យជំនះ​របស់​ក្រុមអ៊ីស្លាមនិយម​នៅក្នុង​ការបោះឆ្នោត​សភា​អេហ្ស៊ីប​

អគ្គ​លេខាធិការ​នៃ​គណបក្ស​​​សេរីភាព​​​និង​​យុត្តិធម៌​​​(PLJ)​ លោក​ Saad al-Katatni​នឹង​ត្រូវក្លាយ​ជា​ប្រធាន​​នៃ​សភា​​អេហ្ស៊ីប​
អគ្គ​លេខាធិការ​នៃ​គណបក្ស​​​សេរីភាព​​​និង​​យុត្តិធម៌​​​(PLJ)​ លោក​ Saad al-Katatni​នឹង​ត្រូវក្លាយ​ជា​ប្រធាន​​នៃ​សភា​​អេហ្ស៊ីប​ Reuters/Mohamed Abd El-Ghany
ដោយ៖ សៀក សារិន
១២ នាទី

លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​សភា​អេហ្ស៊ីប​បាន​ត្រូវគេ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃសៅរ៍​ទី២១​មករា​ឆ្នាំ២០១២។​ គណបក្ស​សេរីភាព​និង​យុត្តិធម៌​ដែល​ចេញ​ពី​ក្រុម​ភាតរបុត្រ​អ៊ីស្លាម​ទទួល​បាន​អាសនៈ​ប្រមាណ​៤៧%​នៅក្នុង​សភា​អេហ្ស៊ីប​ ​ ហើយ​គណបក្ស​salafiste Al-Nour ​ដែលជា​ក្រុម​អ៊ីស្លាមនិយម​ដែរ​ទទួលបាន​២៤%​។​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ជាច្រើន​វគ្គ​ដែលបាន​ចាប់​ប្រព្រឹត្ត​តាំងពី​ថ្ងៃទី២៨​វិច្ឆិកា​កន្លងទៅ​គឺជា​ការ​ប្រកួត​ប្រជែង​មួយ​ដ៏​ស្វិតស្វាញ​ពុំដែល​កើតមាន​តាំងពី​របប​រាជានិយម​អេហ្ស៊ីប​បាន​ត្រូវ​ផ្តួលរំលំ​តាំងពី​ឆ្នាំ​១៩៥២​មក។

ផ្សាយពាណិជ្ជកម្ម

នៅលើ​វិស័យ​មនោគមវិជ្ជា​ ​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​អេហ្ស៊ីប​លើកនេះ​គឺ​ពិតជា​ជោគជ័យ​ដ៏​ធំធេង​មួយ​របស់​ពួក​អ៊ីស្លាមនិយម​ដែល​ដណ្តើម​យកបាន​អាសនៈ​ប្រមាណ​៧២%​នៅក្នុង​សភា​អេហ្ស៊ីប។​ គណបក្ស​សេរីភាព​និង​យុត្តិធម៌​(PLJ)​នៃ​ក្រុម​ភាតរបុត្រ​អ៊ីស្លាម​ទទួលបាន​២៣៥​អាសនៈ​ក្នុង​ចំណោម​អាសនៈ​ទាំងអស់​៤៩៨​នៅក្នុង​សភា​អេហ្ស៊ីប។​ ដូច្នេះ​ គណបក្ស​សេរីភាព​និង​យុត្តិធម៌​(PLJ)​នៅខ្វះតែ​១៥អាសនៈ​ទៀត​ប៉ុណ្ណោះ​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាត។

ក៏ប៉ុន្តែ​ គណបក្ស​សេរីភាព​និង​យុត្តិធម៌​(PLJ)​ពុំ​ងាក​ទៅរក​គណបក្ស​salafiste Al-Nour ​ដែលជា​ក្រុម​អ៊ីស្លាមនិយម​ទទួល​បាន​១២១អាសនៈ​ឡើយ​ ​ ដោយហេតុតែ​មាន​និន្នាការ​អ៊ីស្លាមនិយមជ្រុល។​ គណបក្ស​សេរីភាព​និង​យុត្តិធម៌​(PLJ)​បែរជា​ក្រឡេក​ទៅរក​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​សេរីនិយម​ Wafd ​ដែល​ជាប់​លេខបី​ហើយ​ទទួលបាន​៥០ប្លាយ​អាសនៈ​ទៅវិញ។​ ទាំងនេះ​ ដើម្បី​ធានា​ធ្វើឲ្យ​មាន​ការកក់ក្តៅ​ដល់​ពួក​អ្នកកាន់​គ្រិស្តសាសនា​នៅក្នុង​ប្រទេស​ ​ ហើយនិង​វិស័យ​ទេសចរណ៍។

ក្រុម​ភាតរបុត្រ​អ៊ីស្លាម​ក៏​ពុំ​ភ្លេច​ឆ្លៀត​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​នៃ​កងកម្លាំង​យោធា​ដ៏​មាន​ឥទ្ធិពល​ផងដែរ។

អ្នកដែល​ខាតបង់​ជាងគេ​នៅក្នុង​ការបោះឆ្នោត​សភា​អេហ្ស៊ីប​លើកនេះ​គឺ​ក្រុម​អ្នកមាន​ទំនោរ​ទៅរក​គ្រហស្ថភាព​ហើយនិង​ក្រុមអ្នក​បដិវត្តន៍​ដែល​ប្រមូល​បាន​ការ​គាំទ្រ​តិចជាង​២០%។​ ដូច្នេះ​ ក្រុមអ្នក​បដិវត្តន៍​ហាក់បី​ដូចជា​បាន​ខំ​ប្រឹងប្រែង​ធ្វើការ​ ​ ក៏ប៉ុន្តែ​នៅទី​បំផុត​គឺ​អ្នកឯទៀត​ទេ​ដែល​ជា​អ្នក​មក​ប្រមូល​ផ្លែផ្កា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ