អានតួអត្ថបទ
ស៊ីរី

ការទាមទារ​កាន់តែ​ខ្លាំងឡើងៗ​ឲ្យផ្តល់​ជំនួយ​មនុស្សធម៌​

ថ្ងៃទី២១កុម្ភៈ​ឆ្នាំ២០១២​ជា​ថ្ងៃសម្លាប់​រង្គាល​ដ៏សាហាវ​ឃោរឃៅ​នៅទីក្រុង​ Homs​​  ដូច្នេះហើយ​បានជាមាន​ការទាមទារ​​កាន់តែ​​ខ្លាំងឡើងៗ​​​ឲ្យផ្តល់​​ជំនួយ​​មនុស្សធម៌​​
ថ្ងៃទី២១កុម្ភៈ​ឆ្នាំ២០១២​ជា​ថ្ងៃសម្លាប់​រង្គាល​ដ៏សាហាវ​ឃោរឃៅ​នៅទីក្រុង​ Homs​​ ដូច្នេះហើយ​បានជាមាន​ការទាមទារ​​កាន់តែ​​ខ្លាំងឡើងៗ​​​ឲ្យផ្តល់​​ជំនួយ​​មនុស្សធម៌​​ REUTERS/Stringer
ដោយ៖ សៀក សារិន
១៨ នាទី

នៅថ្ងៃអង្គារ​ទី២២​កុម្ភៈ​ឆ្នាំ២០១២នេះ​ការអំពាវនាវ​ទាមទារ​ឲ្យមាន​ការផ្តល់​ជំនួយ​មនុស្សធម៌​ជួន​ប្រជាជន​ស៊ីរី​មាន​កាន់តែ​ខ្លាំងឡើងៗ​ ​ ជាពិសេស​ពី​សំណាក់​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​(CICR)​។​ ជំនួយ​មនុស្សធម៌​ដែល​ប្រជាជន​ស៊ីរី​កំពុង​ត្រូវការ​យ៉ាង​ចាំបាច់​បន្ទាន់​ ​ ក្នុងខណៈពេល​ដែល​មាន​ជនស៊ីវិល​៦៨នាក់​បាន​ត្រូវ​សម្លាប់​ដោយ​កងកម្លាំង​យោធា​របស់​បាស្ហារ​អាល-អាស្សាដ។

ផ្សាយពាណិជ្ជកម្ម

“​ស្ថានភាព​បច្ចុប្បន្ន​នៅប្រទេស​ស៊ីរី​តម្រូវ​ឲ្យមាន​សេចក្តី​សម្រេចចិត្ត​មួយ​យ៉ាងបន្ទាន់​ ​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យមាន​ការឈប់​បាញ់គ្នា​មួយ​រយៈពេល​ក្នុង​គោលបំណង​មនុស្សធម៌”។​ នេះ​ជា​ការគូស​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ Jacob Kellenberger ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​(CICR)​។

 
“នៅទីក្រុង​ហូម្ស​និង​នៅតាម​តំបន់ខ្លះ​ដែល​ទទួល​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​គ្នា​ ​ ក្រុមគ្រួសារ​ទាំងមូល​ត្រូវឋិត​ជាប់គាំង​នៅក្នុង​ផ្ទះ​ជាច្រើនថ្ងៃ​ ​ ហើយ​ពុំអាច​ចេញ​ទៅក្រៅ​រកទិញ​នំប៉័ង​ ចំណីអាហារ​ ​ ឬទឹក​សម្រាប់​បរិភោគ​បាន​ឡើយ។​ សម្រាប់​ការព្យាបាល​ក៏​ដូចគ្នា​អ៊ីចឹងដែរ”។​ នេះ​ជាការ​បញ្ជាក់​បន្ថែម​របស់​ លោក​ Jacob Kellenberger ​។

ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​(CICR)​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ីរី​និង​រាល់ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ឈប់​ទង្វើ​ហិង្សា​របស់ខ្លួន​ ​ “ហើយ​រក្សា​ឲ្យ​មាន​ការឈប់​បាញ់គ្នា​ឲ្យ​បាន​យ៉ាងតិច​២ម៉ោង​ក្នុង១ថ្ងៃ”​ ​ ដើម្បី​ឲ្យ​គេ​មាន​លទ្ធភាព​ផ្តល់​ជំនួយ​មនុស្សធម៌​បាន​ឆាប់​រហ័ស​ជូន​អ្នករងគ្រោះ។

សេតវិមាន​ឯណោះវិញ​យល់ស្របតាម​គំនិត​ផ្តួចផ្តើម​ខាងលើនេះ​ ​ ក៏​ប៉ុន្តែ​បាន​បដិសេធ​ពុំព្រម​បំពាក់​អាវុធ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​ឡើយ ​ ​ទោះបីជា​មាន​ការ​ទាមទារ​ជាថ្មី​ដោយ​សមាជិក​សភា​អាមេរិកាំង​ក៏​ដោយ។

រីឯ​ប្រមុខ​ដឹកនាំ​នៃ​កងកម្លាំង​យោធា​ស៊ីរី​សេរី​(ASL)​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​យោធា​រត់ចោលជួរ​កងកម្លាំង​រដ្ឋាភិបាល​អាស្សាដ​ ​ លោក​វរសេនីយឯក​ រីយ៉ាដ​អាល-អាស្សាដ​ ក៏​យល់​ស្របតាម​គំនិត​ផ្តួចផ្តើម​របស់​លោក​ Jacob Kellenberger ​ប្រធាន​គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​(CICR)​អ៊ីចឹងដែរ​ ​ ក៏​ប៉ុន្តែ​អាជ្ញាធរ​ស៊ីរី​បាន​បដិសេធ។

ចំណែកឯ​លោកស្រី​អគ្គលេខាធិការរង​នៃ​អ.ស.ប.​ ទទួល​បន្ទុក​ខាងកិច្ចការ​មនុស្សធម៌​ Valerie Amos ​ក៏បាន​ទាមទារ​ដូចគ្នាដែរ​ ​ ឲ្យ​មាន​ការឈប់​បាញ់គ្នា​ ​ ដើម្បី​ឲ្យ​គេ​អាច​​ផ្តល់​ជំនួយ​មនុស្សធម៌​ជូន​ប្រជាជន​រងគ្រោះ​ដែល​កំពុង​ត្រូវការ​ជំនួយ​យ៉ាងបន្ទាន់។

លោក​ Burhan Ghalioun ​ប្រធាន​នៃ​ក្រុមប្រឹក្សា​ជាតិ​ស៊ីរី​ (CNS) ​តំណាង​ក្រុមអ្នក​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​ក្រុមសម្ព័ន្ធ​អារ៉ាប់​ ​ លោក​អគ្គលេខាធិការ​នៃ​អ.ស.ប​ ​ គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម​(CICR)​ ​ ហើយនិង​រដ្ឋមន្ត្រី​ក្រសួង​កាបរទេស​នៃ​ប្រទេស​អារ៉ាប់​ ​ អឺរ៉ុប​និង​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​​ ធ្វើការ​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ីរី​ដក​កងកម្លាំង​របស់​ខ្លួន​ចេញពី​ទីក្រុង​ហូម្ស​ ​ ដើម្បី​អនុញ្ញាត​ឲ្យមាន​ការ​បញ្ជូន​ថ្នាំឳសថ​និង​ចំណីអាហារ​ជូន​ប្រជាជន​រងគ្រោះ។

គួរបញ្ជាក់ថា​ ​ ចាប់តាំងពី​មាន​ការ​ងើបបះបោរ​ប្រឆាំង​ទល់នឹង​របប​គ្រប់គ្រង​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​នៅខែ​មីនា​ឆ្នាំ២០១១​មក​ ​ មាន​មនុស្ស​ជាច្រើន​ពាន់នាក់​ហើយ​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ