ស៊ីរី

ស៊ីរី៖ ក្រុមប្រឆាំងបដិសេធ ការចចារជាមួយរដ្ឋាភិបាលលោក អាសាដ

កាកបាទក្រហម​ នៃ​ប្រទេស​លីបង់ កំពុង​សង្រ្គោះ​ជនភៀសខ្លួន​ចេញ ដែល​ពី​តំបន់ គូសែ [nid:500404936]
កាកបាទក្រហម​ នៃ​ប្រទេស​លីបង់ កំពុង​សង្រ្គោះ​ជនភៀសខ្លួន​ចេញ ដែល​ពី​តំបន់ គូសែ [nid:500404936] ©reuters

ក្រុម​ឧទ្ទាម​បាន​បដិសេធ ការ​ចូលរួម​សន្និសិទ​សន្តិភាព​មួយ​ដើម្បី​ប្រទេស​ស៊ីរី ដែល​គ្រោង​រៀបចំ​ដោយ ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​មូស្គូ កាល​ពី​សៅរ៍ ​ទី៨ ខែមិថុនា បន្ទាប់​ពី​មាន​ការវាយ​ប្រហារ​ពីសំណាក់​រដ្ឋាភិបាល​ស៊ីរី​នៅ​តំបន់​ខាងជើង​នៃ​ប្រទេស។ ការ​វាយ​ប្រហារ​នេះ បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល និង​ពួក​ឧទ្ទាម​ប្រមាណ​ជាង​១០នាក់​បាន​របួស​ និង​មនុស្ស​ជា​ច្រើន​ត្រូវ​ភៀសខ្លួន​ទៅ​ប្រទេស​ជិត​ខាង​។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​មនុស្សធម៌​នៅ​ទីក្រុង គូសែ ភាគ​ខាងជើង​នៃ​ប្រទេស​ស៊ីរី កំពុ​ងមាន​ភាពវឹកវរ យ៉ាងខ្លាំង ​បន្ទាប់​ពី​ត្រូវ​បាន​ធ្លាក់​ ក្នុង​ដៃ​របស់​រដ្ឋាភិបាល​លោក អាសាដ​។ គឺ​កាល​ពី​សប្តាហ៍​មុន ចលនា​ហេបូឡា (Hezbollah)​​ នៅ​ប្រទេស​លីបង់ បាន​ជួយ​ដល់ រដ្ឋាភិបាល​លោក អាសាដ ដើម្បីវាយ​ដណ្តើម​យកបាន ទីក្រុង ខាងលើ ដែល គ្រប់គ្រង ដោយ ក្រុមប្រឆំាង។​

 
បន្ទាប់​ពី​ហេតុ​ការ​ខាង​លើ ​ក្រុម អ្នក ប្រឆាំង បាន បញ្ជាក់ ម្តងទៀត កាល​ពី​ថ្ងៃ​​សៅរ៍​​ទី៨ ខែ​មិថុនា អំពី​ជំហរ​របស់​ខ្លួន ចំពោះ ការមិន ចូលរួម សន្និសិទ​សន្តិភាព ជា​មួយ​រដ្ឋាភិបាល​ស៊ីរី​បច្ចុប្បន្ន។​ ក្រុម​​ឧទ្ទាម​​​បាន​​​បញ្ជាក់​​​​​យ៉ាង​ច្បាស់​ថា សង្គ្រាម មិនទាន់​បញ្ចប់​ត្រឹម​នេះ​ឡើយ។ ពួក​គេ នឹង ធ្វើ ការ តស៊ូ ដល់ ទីបំផុត ដើម្បី​ផ្តួល​រំលំ​ របប​លោក​​ អាសាដ ​ឲ្យ​ទាល់​តែបាន។

បន្ថែម​លើ​នេះ​ដែរ ថ្នាក់​ដឹកនាំ​របស់​ក្រុមបះបោរ បាន​ប្រកាស​រក​ជំនួយ​ជា​សព្វាវុធ ពី​សមព័ន្ធមិត្ត និង​បណ្តា​ប្រទេស​គាំទ្រ​ខ្លូន។ ដែល​ក្នុង​នោះ​គេ​អាច​ដឹង​បាន​ដែរ​ថា មាន​ដូច​ជា​អាមេរិក បារាំង និង​បណ្តា​ប្រទេស​ជា​ច្រើន នៅ​សហភាពអ៊ឺរ៉ុប។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​ឲ្យ​មាន​ការ​សង្រ្គោះ​ជា​បន្ទាន់ ដល់​ជនស៊ីវិល ដែល​ស្ថិត​នៅ​តំបន់​ខាង​លើ។ ហើយ​ការអន្តរាគមន៍​នេះ មិន​ត្រូវ ឲ្យ​មាន​ការ​រាំង និង​ឧបសគ្គ​អ្វី​ឡើយ។

ស្ថាន​ភាព​ជាក់​ស្តែង​ដែល កំពុង​តែ​កើត​មាន​នៅ​ប្រទេស​ស៊ីរី​បច្ចុប្បន្ន គឺ​រាល់​ការ​បើក​ទ្វាចចារ ពី​សំណាក់ សហគមន៍អន្តរជាតិ ត្រូវ​បាន​បិទ​ទាំងអស់។ ព្រោះ​ភ្លើង​កំហឹង​រវាង​ភាគី​ទាំង​ពីរ កំពុង​តែ​ផ្ទុះ​ឡើង​យ៉ាង​សន្ធោរសន្ធៅ។ ប្រជាជន​ស៊ីវិល​ ដែល​ស្ថិតនៅ​តំបន់​ខាង​លើ​តំពុង​តែ​រស់​នៅ​ដោយ​ភាព​ភ័យខ្លាច ដែល​ក្នុង​នោះ​អ្នក​មួយ​ចំនួន បាន​ភៀសខ្លួន​ចេញ ទៅ​តាម​ប្រទេស​លីបង់។

ចំពោះ​ខាង​រដ្ឋាភិបាល​ស៊ីរី វិញ កំពុង​តែ​ព្យាយាម និង​រំពឹង​ថា អាច​វាយ​ដណ្តើម​យក ទីក្រុង​ ហូម (Homs) ពី​ក្រុម​អ្នក​ប្រឆាំង​វិញ បន្ទាប់​ពី​បាន​កាន់កាប់​ទីក្រុង គូសែ។ ​គូសែ ជា​ទីក្រុង​មួយ ដែល​ស្ថិត​នៅ​ជិត​ព្រំដែន​ប្រទេស លីបង់។​​ វា​មាន​ចំងាយ​ប្រមាណជិត ៤០ គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីទីក្រុង Homs។ ដូច្នេះ វាក៏ជា​ទីតាំង​យុទ្ធសាស្រ្តមួយ​​ ដ៏​សំខាន់​មួយ ដែល​អាច​ជួយ​ដល់ រដ្ឋាភិបាល​លោក អាសាដ ក្នុង​ការ​វាយ​ដណ្តើម​ យក​ទី​ក្រុង​ ហូម​ (Homs) មក​វិញ​ពី​ដៃ​អ្នក​បះបោរ។

ចាប់តាំង ពី​ខែ​មិនា ឆ្នាំ​២០១១​មក វិបត្តិ​នៅ​ប្រទេស​ស៊ីរី បាន​បណ្តាល​ឲ្យ​មនុស្ស ប្រមាណ​ជាង ៩​ ៤០០០នាក់​បាន​ស្លាប់បាត់បង់​ជីវិត​និងមនុស្ស​ជាង ៥លាននាក់​ទៀតបាន​ភៀសខ្លួន​ និង​គ្មាន​ទី​ជំរក​ពិត​ប្រាកដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI