អ៊ីរ៉ង់រៀបចំបោះឆ្នោតប្រធានាធិបតី ចំពេលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃទី ១៤ មិថុនានេះ ប្រទេសអ៊ីរ៉ង់រៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងការបោះឆ្នោតជុំទីមួយនេះ មានអ្នកបោះឆ្នោតជាង ៥០លាននាក់ដែលត្រូវជ្រើសរើសក្នុងចំណោមបេក្ខជនឈរឈ្មោះ ៦នាក់ ក្នុងនោះ មាន ៥នាក់ ជាអ្នកអភិរក្សនិយម និងម្នាក់ ជាអ្នកកំណែទម្រង់។ អ្វីជាការកត់សម្គាល់ ការបោះឆ្នោតអ៊ីរ៉ង់ពេលនេះបានធ្វើឡើង ចំពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
បើតាមការសង្កេតជារួមទៅ បរិយាកាសមានសភាពស្ងាត់ល្អ គឺហាក់ដូចជាមិនសូវពុះកញ្រ្ជោល តានតឹងដូចនៅក្នុងការបោះឆ្នោត កាលពី ៤ឆ្នំាមុនទេ។ កាលពី ៤ឆ្នំាមុន សេចក្តីសង្ឃឹមថាមានការផ្លាស់ប្តូរត្រូវបានគេរំពឹងទុកច្រើន តែនៅទីបំផុត គឺគ្មានការផ្លាស់ប្តូរអ្វីទេ ដោយអ្នកជាប់ឆ្នោតកាលណោះ ជាមនុស្សដដែល បន្តពីអណត្តិទីមួយ គឺលោក Mahmoud Ahmadinejad។ តែនៅពេលនេះ លោក Mahmoud Ahmadinejad មិនអាចឈរឈ្មោះជាលើកទី៣ បានទេ។ ម្យ៉ាងទៀត នៅក្រោយការជាប់ឆ្នោតជាលើកទី២របស់លោក Mahmoud Ahmadinejad កាលពី ៤ឆ្នំាមុន ក្រុមគណបក្សប្រឆំាងបានរៀបចំក្បួនបាតុកម្មបះបោរប្រឆំាងនឹងលោក Mahmoud Ahmadinejad យ៉ាងខ្លំាងក្លា។ ការបះបោរដែលកាលណោះ ត្រូវបានរដ្ឋអំណាចវាយបង្រ្កាបយ៉ាងហិង្សា។
យ៉ាងណាក៏ដោយ រូបភាពនៅក្នុងថ្ងៃដំបូងនៃការបោះឆ្នោតពេលនេះ ហាក់ដូចមិនមានឧប្បត្តិហេតុអ្វីកើតឡើងគួរឲ្យកត់សម្គាល់ទេ។ រូបភាពផ្តល់ដោយទូរទស្សន៍ក្នុងប្រទេសអ៊ីរ៉ង់បានបង្ហាញឃើញពីអ្នកបោះឆ្នោតដែលកំពុងឈរតម្រង់ជួរយ៉ាងវែងអន្លាយនៅតាមការិយាល័យបោះឆ្នោតក្នុងគ្រប់សង្កាត់នានានៃទីក្រុងតេហេរ៉ង់។ ក្នុងចំណោមអ្នកដែលបានចូលរួមបោះឆ្នោតមុនគេ គឺមេដឹកនំាសាសនាអ៊ីស្លាម លោក Ali Khamenei។ « ភាពរុងរឿង និងសុភមង្គលរបស់ប្រទេស គឺវាអាស្រ័យទំាងស្រុងលើជម្រើសបេក្ខជនល្អ និងការចូលរួមយ៉ាងច្រើនកុះកររបស់បងប្អូន » នេះជាការថ្លែងរបស់លោក Ali Khamenei។
នៅក្នុងចំណោមបេក្ខជនទំាង ៦រូបដែលបានឈរឈ្មោះ មាន ៥នាក់ ជាអ្នកអភិរក្សនិយម និងម្នាក់ ជាអ្នកកំណែទម្រង់។ ដូច្នេះបើគេពិនិត្យជារួមទៅ ការប្រកួតប្រជែងបាននិងកំពុងធ្វើឡើងរវាងអ្នកកំណែទម្រង់ម្នាក់ ទល់នឹងអ្នកអភិរក្សនិយម ចំនួន ៥នាក់។ មួយវិញទៀត នៅក្នុងចំណោមបេក្ខជនអភិរក្សនិយមទំាង ៥នាក់នោះ មានតែ៣នាក់ទេ ដែលមានសំណាងអាចប្រកួតប្រជែងជាមួយបេក្ខជនតែម្នាក់គត់ដែលមកពីខាងអ្នកកំណែទម្រង់។ រីឯ ២នាក់ទៀតត្រូវបានគេធិបចោលបាត់ទៅហើយ។
អ្នកកំណែទម្រង់ម្នាក់នោះ គឺលោក Hassan Rohani មានអាយុ ៦៤ឆ្នំា។ ចំណែកអ្នកអភិរក្សនិយមទំាង ៣នាក់នោះ មានលោកអតីតប្រមុខការទូត Ali Akbar Velayati លោកចៅក្រុងតេហេរ៉ង់ Mahammad Bagher Ghalibaf និងលោក Saïd Jalili ប្រមុខអ្នកចរចានុយក្លេអ៊ែរ។ ខណៈនេះ បេក្ខជននីមួយៗបានចូលរួមបោះឆ្នោតរួចហើយ និងបានអំពាវនាវឲ្យប្រជាជនចូលរួមបោះឆ្នោតឲ្យបានកុះករ ព្រមទំាងសំណូមពរឲ្យបេក្ខជននីមួយៗគោរពនូវជម្រើសរបស់ប្រជាជន។ ការអំពាវនាវស្រដៀងគ្នានេះ ក៏មានពីសំណាក់ Ayatollah Ahmad Janati ប្រធានក្រុមប្រឹក្សាឆ្មំារដ្ឋធម្មនុញ្ញ និងជាអ្នកត្រួតពិនិត្យការបោះឆ្នោត។ រីឯលោក Mohammad Khatami អតីតប្រធានាធិបតីអ៊ីរ៉ង់បានថ្លែងដោយសង្ឃឹមថា អ្នកឈ្នះ និងអ្នកចាញ់នឹងបន្តបម្រើការឲ្យសាសនាអ៊ីស្លាម និងភាពរុងរឿងរបស់ប្រទេសជាតិ។
បញ្ហាដែលលោកប្រធានាធិបតីថ្មីត្រូវដោះស្រាយជាបន្ទាន់នៅចំពោះមុខ
មានបញ្ហាក្នុងស្រុក និងក្រៅស្រុកដែលលោកប្រធានាធិបតីថ្មីត្រូវដោះស្រាយជាបន្ទាន់។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីពេលនេះបានធ្វើឡើង ចំពេលដែលប្រទេសកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ អត្រាអតិផរណាមានជាង ៣០% ប្រាក់រៀលរបស់អ៊ីរ៉ង់បានបាត់បង់តម្លៃជិត ៧០% និងចំនួនអ្នកអត់ការងារធ្វើបានកើនឡើនជាលំដាប់។ មានប្រជាជនអ៊ីរ៉ង់ជាង ៥០% ក្នុងចំនួនប្រជាជនសរុបទំាង ៧៥លាននាក់ រកចំណូលមិនបានទំាង ១ដុល្លារផងក្នុងមួយថ្ងៃសម្រាប់រស់។ ចំណែកបញ្ហាក្រៅប្រទេសវិញ គឺអ៊ីរ៉ង់កំពុងប្រឈមមុខជាមួយសហគមន៍អន្តរជាតិទាក់ទងនឹងសំណុំរឿងនុយក្លេអ៊ែររបស់ខ្លួន។ គឺសំណុំរឿងនុយក្លេអ៊ែរនេះឯងដែលបានធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងត្រដរ ព្រោះថា ពិតមែនតែជាប្រទេសសម្បូរប្រេងកាតមែន តែរដ្ឋអំណាចទីក្រុងតេហេរ៉ង់កំពុងជាប់ទ័ណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ។
ដូច្នេះ ជំហានទីមួយរបស់ប្រធានាធីបតីថ្មី គឺត្រូវបន្ទន់ឥរិយាបទនៅចំពោះមុខសហគមន៍អន្តរជាតិជុំវិញរឿងនុយក្លេអ៊ែរ។ ត្រង់ចំណុចនេះ គេមើលឃើញថា បេក្ខជន Hassan Rohani ដែលធ្លាប់ធ្វើជាអ្នកចរចានុយក្លេអ៊ែរក្នុងឆ្នំា ២០០៣ គឺជាឥស្សរជនដែលចូលចិត្តប្រើនយោបាយទន់ភ្លន់ និងសម្របសម្រួលច្រើនក្នុងបញ្ហានុយក្លេអ៊ែរនេះ ពោលគឺមិនសូវតឹងតែងដូចបេក្ខជនផ្សេងទេ។យ៉ាងណាក៏ដោយ គេមិនមានតួលេខនៃការស្ទង់មតិណាមួយដែលបញ្ជាក់ថា បេក្ខជននេះ មានប្រៀបជាងបេក្ខជននោះ នៅក្នុងការបោះឆ្នោតនាជុំទីមួយនេះទេ។ អ្វីដែលគេអាចនិយាយបាននោះគឺថា ទោះបីជាបេក្ខជនមួយណាឈ្នះក៏ដោយ ចេញមកពីក្រុមអ្នកអភិរក្សនិយម ឬមួយក៏មកពីក្រុមអ្នកកំណែទម្រង់ក៏ដោយ ក៏ប្រធានាធិបតីរូបនោះត្រូវតែស្ថិតក្រោមអំណាចរបស់មេដឹកនំាសាសនាអ៊ីស្លាម គឺលោក Ali Khamenei ព្រោះសូមជម្រាបជូនថា នៅអ៊ីរ៉ង់ អ្នកដែលមានអំណាចពិតប្រាកដ មិនមែនប្រធានាធិបតីទេ គឺមេដឹកនំាសាសនាអ៊ីស្លាមឯណោះទេដែលជាអ្នកកំណត់ខ្សែបន្ទាត់នយោបាយរបស់ប្រទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ