អ៊ីរ៉ង់

បេក្ខជន​កំណែទម្រង់​និយម មាន​លទ្ធផល​ឈាន​មុខ​គេក្នុង​ការ​បោះឆ្នោត ជុំទី១​នៅអ៊ីរ៉ង់

លោក Hassan Rohani បានបង្ហាញពីសន្លឹកឆ្នោត​រប​ស់គាត់​​​កំឡុង​ពេល​​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ក្នុង Tehran នា​ថ្ងៃ​ទី១៤ មិថុនា​​២០១៣
លោក Hassan Rohani បានបង្ហាញពីសន្លឹកឆ្នោត​រប​ស់គាត់​​​កំឡុង​ពេល​​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​នៅ​ក្នុង Tehran នា​ថ្ងៃ​ទី១៤ មិថុនា​​២០១៣ REUTERS/Yalda Moayeri

រហូត​មក​ដល់​ថ្ងៃ​សៅរ៍ ទី១៥ មិថុនា ឆ្នាំ​នេះ ការ​​បោះឆ្នោត​​ជ្រើសរើស​​ប្រធានាធិបតី ជុំ​​ទី១ នៅ​ប្រទេស​​អ៊ីរ៉ង់ បាន​​បញ្ចប់។ ការ​​រាប់​​សន្លឹក​​ឆ្នោត ក៏​​បាន ប្រមាណ ១៨% ដែរ ក្នុង​​ចំនួន​​អ្នក បោះឆ្នោត​​សរុប​​ប្រមាណ ជាង ៥០លាន​​នាក់។ ហើយ​​គេ​​ឃើញ​​ថា​​បក្ខជន​​ដែល​​មាន​​នយោបាយ ​កំណែទម្រង់​​និយម បាន​​ទទួល​​សំឡេង​​ដាច់​គេ​​រហូត​​ដល់ ៥២%។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​លទ្ធផល​បណ្តោះ​អាសន្ន ក្នុង​ការ​រាប់ សន្លឹក​ឆ្នោត ប្រមាណ​១៨% នៃ​សន្លឹក​ឆ្នោត​សរុប​ជាង​៥០លាន នៅអ៊ីរ៉ង់ គេឃើញ បេក្ខជន​ដែល​មាន​នយោបាយ កំណែទម្រង់ និយម មាន​សំឡេង​ឈាន​មុន​គេ។ គឺលោក Hassen Rohani ​បាន​ទទួល​សំឡេង​ហូត​ដល់​៥២%។ នេះបើ​តាម​ការ​ប្រកាស របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​អ៊ីរ៉ង់ កាល​ពី​ព្រឹក ថ្ងៃសៅរ៍ ទី១៥ មិថុនា ឆ្នាំ២០១៣។

 
ចំណែក ដៃគូ​ប្រគួត ប្រជែង គឺលោក Mohammed Bagher Ghalibaf ជា​អតីត អភិបាល​ក្រុង Téhéran ទទួល​បាន​សំឡេង​តែ ១៧% ប៉ុណ្ណោះ។ លោក មក​ពី​​គណបក្ស ដែល​មាន​នយោបាយ អភិរក្ស​និយម។

កាល​ពី​ម្សិញមិញ​ ការិយាល័យ​បោះឆ្នោត ភាគ​ច្រើន ​បាន​ពន្យា​ពេល ​របស់​ខ្លួន​រហូត​ដល់ ម៉ោង​ប្រមាណ ១០យប់។ ខាង​អាជ្ញាធរ អ៊ីរ៉ង់​បាន​អះអាង​ថា ដោយ​សារ​តែ​មាន​ប្រជាជន ជា​ច្រើន​កុះករ នាំ​គ្នា​មក​បោះ​ឆ្នោត​ជា​បន្តបន្ទាប់។ ​ដែល​ក្នុង​នោះ ​មាន​ប្រជាជន​ប្រមាណ​ជិត ៨០% ក្នុង​ចំណោម អ្នក​ដែល​បាន​ចុះ​ឈ្មោះ​ ជាង​៥០លាន​នាក់ បាន​ទៅ​ចូលរួម​បោះឆ្នោត។

ក្នុង​សំណុំ​រឿង នុយក្លេអ៊ែរ នៅអ៊ីរ៉ង់ បេក្ខជន​ថ្មី គឺ​លោក Hassen Rohani ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស ដែល​ទំនោរជា​វិជ្ជមាន ទាក់ទង​នឹង​ការ​ចចា​នានា ជាមួយ ប្រទេស​បច្ចិមលោក។ ដោយ​សារ​តែ នៅ​ប៉ុន្មាន​ឆ្នាំ ចុង​ក្រោយ​នេះ សហគមន៍​អន្តរជាតិ បាន​ចោទ អ៊ីរ៉ង់​ថា​មាន​លួចលាក់​ផលិត អាវុធ​នុយក្លេអ៊ែរ។ ហេតុ​ផល​ខាង​លើ​គឺដើម្បី​ស្ថារ​សេដ្ឋកិច្ច អ៊ីរ៉ង់ ឡើងវិញ។ ដូច្នេះ​លោក​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​បាន​ដាក់​មក​លើ ប្រទេស​អ៊ីរ៉ង់​កន្លង​មក។

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ គ្រាន់​តែ​ជា​លទ្ធផល ក្នុង​ដំណាក់​កាល​ដំបូង​ប៉ុណ្ណោះ។ ​ប្រសិន​បន្ទាប់​ពី​លទ្ធផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ចប់​សព្វគ្រប់ ហើយ​លោក Hassen Rohani អាច​ទទួល​បាន​សំឡេង ចាប់​ពី៥០% ឡើង​ទៅ នៅ​ជុំ​ទី១​នេះ គឺ​បេក្ខភាព​របស់​លោក នឹង​ក្លាយ​ជា​ប្រធានាធិបតី​ដោយ​ស្វ័យប្រវត្ត។ តែ​បើ​មិនដូច្នេះ​ទេ បក្ខជន ដែល​មាន​សំឡេង​ឈាន​មុខ​គេ ទាំងពីរ​ខាង​លើ​នឹង ត្រូវ​ក្រកួត​ប្រជែង​គ្នា នៅ​ជុំ​ទី២ទៀត ដែល​គ្រោង នៅ​សប្តាហ៍​ក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI