ស៊ីរី

រុស្ស៊ី ប្រតិកម្ម​នឹង​ការ​ចោទប្រកាន់ របស់​អាមេរិក​ថា រដ្ឋាភិបាល​ស៊ីរី​ប្រើ​អាវុធ​គីមី

ក្រុម​ទាហ៊ាន​ បះបោររៀបចំ គ្រាប់រ៉ូកែត សំដៅ​ទៅរក​ទាហ៊ានរដ្ឋាភិបាលស៊ីរី កាល​ពី​ថ្ងៃ​ទី ១៤​ ខែ​មិថុនា​​ឆ្នាំ​​២០១៣
ក្រុម​ទាហ៊ាន​ បះបោររៀបចំ គ្រាប់រ៉ូកែត សំដៅ​ទៅរក​ទាហ៊ានរដ្ឋាភិបាលស៊ីរី កាល​ពី​ថ្ងៃ​ទី ១៤​ ខែ​មិថុនា​​ឆ្នាំ​​២០១៣ REUTERS/Hamid Khatib

​​រុស្ស៊ី​បាន​​ចំអក​​ឲ្យ​​សហរដ្ឋ​អាមេរិក​​​ដែល​​​ចោទ​​ថា​​​រដ្ឋាភិបាល​​​ស៊ីរី​បាន​​ប្រើ​អាវុធ​​គីមី​ប្រឆាំង​​ក្រុម​​ឧទ្ទាម។ ទីក្រុង​​មូស្គូ​បាន​​ប្រៀបធៀប​​ការ​​ចោទ​​ប្រកាន់​​បែប​​នេះ​​ទៅ​​នឹង​​ការ​ភូតកុហក​​របស់​​អាមេរិក​​ដូច​​ករណី​​ចោទ​​ប្រកាន់​​ទៅ​​លើ​​សាដាម ហ៊ូសេន នៅអ៊ីរ៉ាក់​​កាល​​ពី​ឆ្នាំ ២០០២ ដែរ។ ប្រតិកម្ម​​នេះ​បាន​​ធ្វើ​​ឡើង បន្ទាប់​​ពី​​រដ្ឋាភិបាល​​លោក អូបាម៉ា បាន​​ប្រកាស​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ថា ប្រទេស​​ស៊ីរី​បាន​​ប្រើ​​អាវុធ​​គីមី​​ទៅ​​លើ​​ក្រុម​​ប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី​ដែល​ជា​សម្ពន្ធ័មិត្តសំខាន់​ជាង​គេ​របស់​ស៊ីរី​បាន​បញ្ចេញ​ប្រតិកម្ម​កាល​ពី​ថ្ងៃ​សុក្រ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​របស់​សហរដ្ឋ​អាមេរិក ដែល​ថា រដ្ឋាភិបាល​ស៊ីរី​របស់​លោក បាស្សា អាល អាសាដ បាន​ប្រើប្រាស់​អាវុធគីមី​ទៅ​លើ​ក្រុមប្រឆាំង។ ទីក្រុង​មូស្គូ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា មិន​អាច​ជឿ​បាន​ទេ។ រី ឯ​ការ​សន្យា​ផ្តល់​សព្វាអាវុធ​ទៅ​ឲ្យ​ក្រុមឧទ្ទាម​ពី​សំណាក់​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​រហូត​មក​ទល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៩៣ ០០០ នាក់។ នេះ​បើ​យោងតាម​តុល្យការ​ចុង​ក្រោយ​របស់​អង្គការ​សហប្រជាជាតិ។

 
ភ្លាមៗ​នោះ​ដែរ រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​អាមេរិក​ដោយ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា​​ការ​ភូតកុហក។ មន្ត្រីការ​បរទេស​ស៊ីរី​ម្នាក់​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ដោយ​ប្រឌិត​ភស្តុតាង​ដើម្បី​ទម្លាក់​ការ​ទទួលខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​របស់ខ្លួន។ ក្រសួង​ការបរទេស​ស៊ីរី​ក៏​បាន​បញ្ជាក់​ថា តាម​រយៈ​ការ​បំពាក់​អាវុធ​ដល់​ក្រុម​ឧទ្ទាម សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពី​នយោបាយ​មុខ​ពីរ​ចំពោះ​ការ​ប្រឆាំង​ទៅ​នឹង​ភេរកម្ម។
 

ទី​ក្រុង​ដាម៉ាស់ បាន​ប្រៀបធៀប​នយោបាយ​របស់​លោក​អូបាម៉ាទៅ​នឹង​នយោបាយ​របស់​អតីត​ប្រធានាធិបតី George Bush ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក​សាដាម ហ៊ូសេន នៅ​អ៊ីរ៉ាក់ កាលពីឆ្នាំ ២០០២ ថា​បាន​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក។ ប្រតិកម្ម​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី ​​អ្នក​នាំ​ពាក្យ​សេតវិមាន​បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ថា ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​អាមេរិកមាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​ស៊ីរីបាន​ប្រើ​អាវុធ​គីមី។

បើ​យោង​តាម​អ្នក​នាំ​ពាក្យ​សេតវិមាន​ដដែល ​របប​ក្រុង​ដាម៉ាស់​បាន​ប្រើ​អាវុធ​គីមី​ដែល​ទំនង​ជា​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ពី ១០០​ទៅ​១៥០នាក់។ នេះគឺ​ជា​ការ​រំលោភ​ទៅ​លើ​បន្ទាត់​ក្រហម​ដែល​គូស​ដោយ​អាមេរិក ដែល​ជំរុញ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បង្កើន​ជំនួយ​យោធា​ដល់​ក្រុម​ឧទ្ទាម។ ប៉ុន្តែ រុស្ស៊ី ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មួយ ដែរ​នោះ​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI