អេហ្ស៊ីប-ស៊ីរី

អេហ្ស៊ីប ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជា​មួយ​រដ្ឋាភិបាល​ស៊ីរី

លោក Mohamed Morsi ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​​ជា​​មួយ​​ស៊ីរី ក្នុង​សន្តិសីទ​មួយ​ នៅ​ទី​ក្រុង Caire ថ្ងៃ​ទី១៥ មិថុនា​ ២០១៣​
លោក Mohamed Morsi ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​​ជា​​មួយ​​ស៊ីរី ក្នុង​សន្តិសីទ​មួយ​ នៅ​ទី​ក្រុង Caire ថ្ងៃ​ទី១៥ មិថុនា​ ២០១៣​ REUTERS/Egyptian Presidency/Handout

លោក ប្រធានាធិបតី អេហ្ស៊ីប ​Mohamed Morsi បាន​​​ប្រកាស​ពី​សៅរ៍​ទី​១៥ មិថុនា​ ផ្តាច់​​ទំនាក់ទំនង​​ការទូត​​រវាង​​រដ្ឋាភិបាល​​ស៊ីរី​បច្ចុប្បន្ន​​​ដែល ដឹកនាំ​​​ដោយ​​​​លោក Bachar el Assad។ រដ្ឋាភិបាល​អេហ្ស៊ីប បាន​​អះអាង​​មិន​​ពេញ​​ចិត្ត​​ចំពោះ​​ស៊ីរី ​ដែល​​មាន​​ការ​​គាំទ្រ ពី​​ ចលនា​ហេបូឡា ដែល​​កាន់​និកាយ Chiit។

ផ្សាយពាណិជ្ជកម្ម

លោក Mohamed Morsi ប្រធានាធិបតី​អេហ្ស៊ីប បាន​សម្រេច​ចិត្ត ផ្តាច់​ទំនាក់ទំនង ការ​ទូត​ជា​មួយ រដ្ឋាភិបាល​ស៊ីរី កាល​ពី​ថ្ងៃ​​សៅរ៍​ទី​១៥​ មិថុនា។ ស្ថានទូត​របស់​ស៊ីរី នៅ​ទីក្រុង Caire ត្រូវ​បាន គេ​បិទ ហើយ​​មន្ត្រី​​ការទូត​​ទាំងអស់​តម្រូវ​ឱ្យត្រឡប់​ទៅ​ប្រទេស​វិញ។ ចំណែក​មន្ត្រី​ការទូត របស់​អេហ្ស៊ីប ក៏​រដ្ឋាភិបាល​ប្រកាស​ឱ្យ​ត្រឡប់ ចូលស្រុកវិញដែរ។

ការ​សម្រេច​ចិត្ត​នេះ បាន​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ និង​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប់​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ លើ​ចំណុច​នេះ អេហ្ស៊ីប ក៏​ចង់​បង្ហាញ​ពី​ការ​សាមគ្គីភាព​របស់​ខ្លូន​ផង​ដែរ ជា​មួយ​សម្ព័ន្ធ​អារ៉ាប់ ដែល​ប្រឆាំង នឹង​រដ្ឋាភិបាល​របស់ លោក អាសាដ។

អ្នកវិភាគ​លើ នយោបាយ របស់វិទ្យាស្ថានសិក្សា និងស្រាវជ្រាវ នយោបាយ មួយ​នៅ​អេហ្ស៊ីប បាន​​យល់​​ថា របត់​នេះ គឺ ជា​លេស​មួយ របស់ លោក Morsi ក្នុង​គោល​បំណង​បង្វែរ​ការ​ចាប់​អារម្មណ៍ អំពី​វិបត្តិ​សេដ្ឋកិច្ច នៅ​​ក្នុង​​ប្រទេស និង​​ការ​​ផ្លាស់​​ប្តូរគំនិត ប្រជាជន ដែល​​មិន​ពេញ​ចិត្ត​ពី​​ការ​​ដឹកនាំ​​របស់​​លោក។

គឺ​នៅ​ថ្ងៃ​ទី៣០ មិថុនា​ខាង​មុខ ជា​ថ្ងៃ​គម្រប់​មួយ​ឆ្នាំ ក្នុង​ការ​ឡើង​កាន់​អំណាច​របស់​លោក Mohamed Morsi ហើយ​​ក៏​​ជា​​ថ្ងៃ ដែល​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​អេហ្ស៊ីបជា​ច្រើន គ្រោង​នឹង​ធ្វើ​បាតុកម្ម​​ដើម្បី​​សុំ​ឱ្យ​​លោក​​ចុះ​ចេញ​​ពី​តំណែង​​ផង​ដែរ។

ចំពោះ​ខាង​គណបក្ស​ប្រឆាំង នៅ​អេហ្ស៊ីបវិញ បាន​បង្ហាញ​ពី​កង្វល់​របស់​ខ្លួន​ថា ការ​ប្រកាស​នេះ នឹង​ធ្វើ​ឱ្យ​មាន​ស្ថានភាព​តឹងតែង រវាងស៊ីរី និងអេហ្សីប។ ជាពិសេស ដល់​ក្រុមភៀស​ខ្លួន​ស៊ីរី ដែល​​បាន​​មក​​លើ​ទឹក​អេហ្ស៊ីប ប្រមាណ ៣០ម៉ឺននាក់។ ហើយ​សម្រាប់​ជនជាតិ​អេហ្ស៊ីប ជាង​១០ម៉ឺន​នាក់ ដែល​ធ្វើ​ការ និង​រស់​នៅ​ស៊ីរី វិញ​ក៏​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​លំបាក​ដែរ។

នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ដែរ លោក Mohamed Morsi ក៏​មិន​បាន​ភ្លេច ព្រមាន​ដល់​ក្រុម​អ្នក​ប្រឆាំង​ថា កុំ​ឱ្យ​ចេះ​តែ​បង្ករ​ភាព​វឹកវរ​ក្នុងប្រទេស ដែល​នឹង​ធ្វើឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ភាព​មហន្តរាយ​ តាមរយៈ ការ​​បំផុស​​ឱ្យ​មាន​​បាតុកម្ម​ ប្រឆាំង​រូប​លោក​ជា​ដើម។

ប្រតិកម្ម​តប​​វិញ​​នឹង​ការ ផ្តាច់​ទំនាក់ទំនង​ការទូត​នេះ ​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​១៦ មិថុនា រដ្ឋាភិបាល​ទីក្រុង​​ដាម៉ាស់ បាន​ប្រកាស​ថ្កោសទោស រដ្ឋាភិបាល​ទីក្រុង Caire ថា​ជា​ទង្វើ​ដែល​គ្មាន​ទំនួល​ខុសត្រូវ។ ហើយ​ទីក្រុង​ដាម៉ាស់​បញ្ជាក់​ថា ទាំង​នេះ​មិនមែន កើត​ចេញ​អំពី​ឆន្ទៈ របស់​ប្រជាជន​អេហ្ស៊ីប​ទេ។ តែ​ផ្ទុយ​ទៅ​វិញ លោក Mohamed Morsi ផ្ទាល់ កំពុង​តែ​ស្ថិត​ក្រោម​ខ្សែ​​ញាក់​របស់ សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI