ស៊ីរី

ទីក្រុងដាមាស​ថា​មិន​បាច់​ឱ្យ​ក្រុម​ឧទ្ទាម​ចូល​ចរចា​ទេ បើ​នៅ​តែ​ចង់​ឱ្យ​លោក​អាសាដ​ចេញ​ពី​តំណែង

ក្រុមទាហ៊ានឧទ្ទាម​ស៊ីរី​កំពុង​តែ​ការពារ​ដែន​ដី​របស់​ខ្លួន នៅ​ជិត​ព្រំដែន ទីក្រុង​ដាម៉ាស ថ្ងៃទី២២ មិថុនាឆ្នាំ២០១៣
ក្រុមទាហ៊ានឧទ្ទាម​ស៊ីរី​កំពុង​តែ​ការពារ​ដែន​ដី​របស់​ខ្លួន នៅ​ជិត​ព្រំដែន ទីក្រុង​ដាម៉ាស ថ្ងៃទី២២ មិថុនាឆ្នាំ២០១៣ REUTERS

គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​បាន​ថា ការ​ចរចា រក​សន្តិភាព​សម្រាប់​ដោះ​ស្រាយ​វិបត្តិ នៅ​ស៊ីរី នឹង​កើត​មាន​ឡើង​ដែរ​ឬទ រវាង​ភាគី​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម? ដោយ សារតែ​រដ្ឋាភិបាល​ទីក្រុង ដាម៉ាស បាន​ប្រកាស​យ៉ាង​ដាច់​ខាត កាល​ពីម្សិលមិញ​ថា លោក Bachar al Assad នឹង​មិន​ចុះចេញ​ពីតំណែង​ដើម្បី​ប្រគល់​អំណាច​ឱ្យ​ដល់​ក្រុម​ប្រឆាំង​ឡើយ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស៊ីរី បាន​ប្រកាស​កាល​ពី​ថ្ងៃចន្ទ​ម្សិលមិញ មិន​ឱ្យ​ក្រុម​អ្នក​ប្រឆាំង​ចូល​តុចរចា​នៅ​ទីក្រុង​ហ្សើណែវ​ទេ ប្រសិន​បើសិន​ពួក​គេ​នៅ​តែ​ប្រកាន់​ជំហរ​ឱ្យ លោក អាសាដ​ចុះចេញ​ពី​ដំណែង។ នេះ បើ​តាម​ការ​ប្រកាស ដៅ​ដល់​ក្រុម​ឧទ្ទាម​ក្នុង​សន្និសីទការសែត​មួយ​កាល​ពីម្សិល​មិញ ដោយ​លោក​បញ្ជាក់​ថា​វា​ជា​រឿង​អត់​ប្រយោជន៍​ក្នុង​ការ​ចូលរួមចរចា។

 
ដើម្បី​ដោះស្រាយ​វិបត្ត​នៅ​ស៊ីរី ទីក្រុងម៊ូស្គូ និង​ទីក្រុង​វ៉ាស៊ីតោន​គ្រោង​តាំង​ពី​យូរ​ណាស់​មក នូវ​សន្និសីទ​សន្តិភាព​មួយ​រវាង​រដ្ឋាភិបាល​និង​ក្រុម​ប្រឆាំង​ដោយ​មិនទាន់​បាន​កំណត់​ថ្ងៃ​ណា​មួយ​ជាក់់​លាក់​ឡើយ។ ព្រោះ​ភាគី​ទាំង​សងខាង​នៅ​មិនទាន់​មាន​ជំហរ​ក្នុង​បន្ទន់​ឥរិយាបទ​របស់​ខ្លួន ដើម្បី​ចូល​តុ​ចរចា​ទេ។

បច្ចុប្បន្ន កងទ័ព​របស់​រដ្ឋាភិបាល​ស៊ីរី បាន​ធ្វើ​ការ​វាយ​ប្រហារ និង​ដណ្តើម​បាន​តំបន់​មួយ​ចំនួន​របស់​ក្រុម​ប្រឆាំង ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ចលនា​ហេបូឡា ដែល​ជា​ក្រុម​ផ្ដាច់ខ្លួន នៅ​ប្រទេស​លីបង់។ ហេតុ​ផល​ខាងលើ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ប្រឆាំង នៅ ទទូច​ដល់ សហគមន៍​អន្តជាតិ​ក្នុង​ផ្តល់​សព្វាវុធ​បន្ទាន់ និង​គ្រប់គ្រាន់​ដល់​ពួក​គេ។ ដោយ​ពួក​គេ​អះអាង​អាវុធ​ដែល​បាន​ផ្តល់​ឱ្យ គឺ​វា​គ្រាន់​តែ​សម្រាប់ អូសបន្លាយ​ការ​វាយ​ប្រហារ​ពីរ​ក្រុម​ទាហ៊ាន​លោក អាសាដ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​ប្រជុំកាល ពី​ចុង​សប្តាហ៍​មុន នៅ​ទីក្រុង ដូហា (Doha) ប្រទេស​កាតា​(Qatar) ក្រុម​ប្រទេស​ដែល​គាំទ្រ​ពួក​ឧទ្ទាម​ប្រឆាំង​ស៊ីរី​ដែល​មាន​ដូច​ជា​អាមេរិក បារាំង និង​អង់គ្លេស​បាន​សម្រេច​ត្រៀម​ផ្តល់​សព្វាវុធ​ជា​បន្ទាន់​ដល់​ក្រុមឧន្ទាម​ដើម្បី ឱ្យ​មាន​សមភាព​ផ្នែក​សព្វាវុធ។ តែ​ក្នុង​នោះ​ដែរ​វា​ជា​ថ្នូរ​មួយ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមឧទ្ទាម​សុខ​ចិត្តចូល​តុចរចា។ ការ​សម្រេច​ផ្តល់​សព្វាវុធ​នេះ វា​អាស្រ័យ​លើ​ការ​កំណត់​ជាក់ស្ដែង​របស់​ប្រទេស​ដែល​ផ្ដល់​នីមួយៗ។

នៅ​ក្នុង​សន្និសីទ​ការសែត​ដដែល​រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​បាន​ចោទ​ទៅ​ក្រុម​ប្រទេស​បច្ចិម​លោក​ថា កំពុង​តែ​ធ្វើ​ឱ្យ​សង្គ្រាម នៅ​ប្រទេស​ស៊ីរី​អូស​បន្លាយ​កាន់តែ​យូរ​ទៅ​ដែល​ធ្វើ​ឱ្យ​ក្រុម​ភេរវកម្ម កាន់​តែ​បាន​ដៃ។

ទន្ទឹមនឹងនេះដែរ ក្រសួង​ការ​ប្រទេស​រូស្ស៊ី​បាន​ប្រតិកម្ម ដោយ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ថា​ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ក្នុង​ការ​សម្រេច​ខាង​លើ​ផ្តល់អាវុធដល់ក្រុមឧទ្ទាម​ពីសំណាក់ប្រទេស​បច្ចិមលោក។ ក្នុង​នោះ​រូស្ស៊ី​យល់ ថា​វា​ជា​ការ​ប្រថុយប្រថាន​មួយ ដោយ​ខ្លាច​អាវុធ​ទាំង​នោះ​នឹង​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ភេរវកម្ម។
 

សូម​រម្លឹក​ថា​រូស្ស៊ី​ជា​ប្រទេស​ដែល​គាំទ្រ​របប​ដឹកនាំ​លោក ​Bachar al Assad និង​សហរដ្ឋអាមេរិក គាំទ្រ​ក្រុម​ឧទ្ទាម បាន​គ្រោង​រៀបចំ​សន្និសីទ​សន្តិភាព​ម្តង​រួច​ទៅ​ហើយ សម្រាប់​ដោះស្រាយ​វិបត្តិសង្គ្រាម​នៅស៊ីរី នា​ទីក្រុង​ហ្សើណែវ តែ​ត្រូវ​ទទួល​បរាជ័យ ដោយ​ក្រុម​ទាំង​ពីរ​មិន​ចូលរួម។ លើក​នេះ​គេ​សង្ឃឹម​ថា នឹង​មាន​កិច្ច​ចរចា​សន្តិភាព​មួយ​ពិតប្រាដក​ព្រោះ​ថា សង្គ្រាម​ស៊ីវិល​មួយ​នេះ បាន​សម្លាប់​មនុស្ស​អស់​ប្រមាណណ​ជាង​៩ ៤០០០នាក់ គិត​ចាប់​តាំង​ពី​ខែមិនា​២០១១មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI