អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋមន្រ្តី​៦​នាក់លាលែង​ពីមុខ​​តំណែង​ក្នុងជួរ​​រដ្ឋាភិបាល​អេហ្ស៊ីប

ស្រ្តី​អេហ្ស៊ីប​ប្រឆាំង​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Morsi ចុះចេញ​ពីតំណែង
ស្រ្តី​អេហ្ស៊ីប​ប្រឆាំង​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​Morsi ចុះចេញ​ពីតំណែង ©reuters
ដោយ៖ ឈាង បុប្ផា
២៦ នាទី

នៅម៉ោង​២ ​ព្រឹកថ្ងៃ​អង្គារ​ទី ២ កក្កដា លោក​ប្រធានាធិបតី​អេហ្ស៊ីប Mohamed Morsi បាន​រុញច្រាន​ចោល​​ឧសាទវាទ របស់​ក្រុមយោធា​អេហ្ស៊ីប ដែល​បាន​ប្រកាស​ទុកពេល​៤៨​ម៉ោង ឲ្យ​លោក​ប្រធានាធិបតី ​ឆ្លើយតប​ទៅនឹង​ការទាមទារ​របស់​ចលនា​មហា​បាតុកម្ម ដែល​បាន​ផ្ទុះឡើង តាំងពី​ថ្ងៃ​អាទិត្យ។ ប្រធានាធិបតី អាមេរិក​បាន​សំដែង​កង្វល់​ដែល​ឃើញ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាន់តែរីកធំឡើងៗ ក្នុង​ប្រទេស​អេហ្ស៊ីប។

ផ្សាយពាណិជ្ជកម្ម

 

លោក​ប្រធានាធិបតី​Morsi មិន​បាន​ចាំ​ដល់​៤៨​ម៉ោង ដើម្បី​ឆ្លើយតប​នឹង​ឧសានវាទ​របស់​យោធា​ទេ។ គ្រាន់តែ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ​យោធា​ដាក់​ឧសានវាទ ប្រធានាធិបតី​អេហ្ស៊ីប បាន​ឆ្លើយតប​ថា ការិយាល័យ​របស់​លោក​មិន​បាន​ទទួល ជា​ផ្លូវការ សេចក្តី​ប្រកាស​ដាក់​ឧសានវាទ​របស់​ក្រុមយោធា​ទេ។

មួយវិញទៀត បើតាម​សេចក្តីប្រកាស​របស់​វិមាន​ប្រធានាធិបតី ខ្លឹមសារ​ដាក់ឧសាទវាទ​របស់​ក្រុម​យោធា ទៀតសោត អាច​បង្ក​ឲ្យ​មាន​ការភាន់ច្រឡំ។ គួរដឹងថា នៅក្រោយ​យោធា​ប្រកាស​ដាក់​ឧសានវាទរបស់​យោធា កាលពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមបាតុករ​អេហ្ស៊ីបបាន​នាំគ្នា​ទះដៃ​អបអរ ព្រោះ គេ​គិតថា ឧសានវាទ​នេះ អាច​បញ្ជាក់​ពី​អាណត្តិ​ជិតផុត​រលត់​របស់​លោក​ប្រធានាធិបតី​Morsi ពោលគឺ​លោកប្រធានាធិបតី​កំពុង​បាត់បង់​ការគាំទ្រ​ពី​ក្រុមយោធា​អេហ្ស៊ីប។

ក្រុមយោធា​ដែលជាស្ថាប័ន មាន​អំណាច​កំពូល នៅ​អេហ្ស៊ីប ធ្លាប់​អះអាង​ថា ដើរតួនាទី​កណ្តាល មិនលូកដៃ​ក្នុង​នយោបាយ។ ប៉ុន្តែ យោធា​អេហ្ស៊ីប នឹង​ធ្វើ​អន្តរាគមន៍ ប្រសិន​បើ​នយោបាយ​ជាប់គាំង នៅអេហ្ស៊ីប គឺ​ដូចដែល​គេ​ធ្លាប់​បាន​ធ្វើ នៅក្នុង​អំឡុង​បដិវត្តន៍​អេហ្ស៊ីប កាលពី​មួយឆ្នាំ​មុន។ ពេលនេះ យោធា​បាន​ទុកពេល​៤៨​ម៉ោង ឲ្យ​លោកប្រធានាធិបតី Morsi ដោះស្រាយជាមួយ​ក្រុមប្រឆាំង និង​ត្រូវ​ឆ្លើយតប​នឹង​ការចង់​បាន​របស់​បាតុករ​អេហ្ស៊ីប។ ប៉ុន្តែ លោក​ប្រធានាធិបតី Morsiបដិសេធ​មិន​​ធ្វើតាម ក្រុមយោធា ព្រោះ​បើ​ធ្វើតាម គឺ​លោក​ត្រូវ​បាត់បង់​តំណែង។ ដូចគេ​ដឹងហើយថា គោលដៅ​ទាមទារ​របស់​មហាបាតុកម្ម​អេហ្ស៊ីប មាន​តែមួយគត់ គឺ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ចុះចេញ​ពីតំណែង។

យ៉ាងណាក៏ដោយ នៅក្នុង​សេចក្តី​ប្រកាសព័ត៌មាន នៅព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ប្រធានាធិបតី​ Morsi បាន​បញ្ជាក់​ពី​តំណែង​ស្របច្បាប់​របស់​លោក ដែល​បាន​មក​ពី​ការបោះឆ្នោត​របស់​ប្រជាជន តាមបែប​ប្រជាធិបតេយ្យ។ និង​ថា ក្រុមយោធា គ្មានសិទ្ធិ​នឹង​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ធ្វើតាម​​ខ្លួនទេ។ នៅក្រោម​សម្ពាធ​របស់​ក្រុមយោធា លោក​ Morsi ដែល​ប្រធានាធិបតី​លើក​ដំបូង​របស់​អេហ្ស៊ីប មកពី​ក្រុម​សាសនា​អ៊ីស្លាមនិយម បាន​បរិហា​សេចក្តីប្រកាស​របស់​គ្រប់​និន្នាការ​ដែល​មាន​បំណង បំបែកបំបាក់ ជាតិ ឬ​បំផ្លាញ​សន្តិភាព​សង្គម។ លោក​ Morsi ប្តេជ្ញា​ដែរ​ថា លោក​នឹង​បន្ត​នយោបាយ​ផ្សះផ្សា​ជាតិ នៅអេហ្ស៊ីប។

រហូតមកដល់​ម៉ោងនេះ យោធាមិនទាន់ចេញ​ប្រតិកម្ម​តបនៅឡើយទេ។ ប៉ុន្តែ កាលពីថ្ងៃ​ចន្ទ ក្រុមយោធា ដែល​ជា​ស្ថាប័ន​ធ្លាប់​មាន​អំណាច​កំពូល​នៅ​អេហ្ស៊ីប បាន​ប្រកាស​ថា នឹង​ធ្វើ​អន្តរាគមន៍ ដោយ​ស្នើ​ឲ្យ​គេ​អនុវត្ត​ផែនទី​ចង្អុលផ្លូវ មួយ ប្រសិន​បើ​រដ្ឋាភិបាល​បរាជ័យ ក្នុង​ការចរចា​ជាមួយ​ក្រុមបាតុករ។ ក្រុមយោធា​បាន​ទាត់ចោល​ផងដែរ ពាក្យ​ចចាមអារ៉ាម ដែល​ថា នឹង​មាន​រដ្ឋប្រហារ​យោធា ទម្លាក់​ប្រធានាធិបតី Morsi។ រដ្ឋប្រហារ ដែល​ក្រុមបាតុករ​មិន​ប្រាថ្នាចង់ឲ្យ​មាន។ នេះ​បើតាម​អ្នកតំណាង​ក្រុមប្រឆាំង។

ត្រូវដឹងថា ក្នុង​ផែនទី​ចង្អុលផ្លូវ ដែល​ក្រុមអ្នកប្រឆាំង​បាន​ស្នើឡើង គេ​តម្រូវ​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង មុនចប់​អាណត្តិ ហើយ គេ​បាន​ទាមទារ​ឲ្យ​មាន​ការរៀបចំ​ការបោះ​ឆ្នោត​ប្រធានាធិបតី មួយទៀត។ ក្នុង​អំឡុងពេល​រៀបចំ​ការបោះឆ្នោត ជាថ្មី គេ​ស្នើ​ឲ្យ​មាន​ប្រធានាធិបតី​​បណ្តោះអាសន្ន​មួយ ក្រុមប្រឹក្សា​ប្រធានាធិបតី អ្នកតំណាង​ម្នាក់​មកពី​ខាង​កងទ័ព និង​នាយករដ្ឋមន្រ្តី​ម្នាក់ ដែលនឹង​គ្មានសិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។ អ្នកតំណាង​មក​ពី​ខាង​យោធា​ម្នាក់ នៅក្នុង​រដ្ឋាភិបាល​បណ្តោះ​អាសន្ន នេះ​សំខាន់ណាស់ សម្រាប់​កងទ័ព​អេហ្ស៊ីប ដែល​បាន​បាត់បង់​អំណាច​របស់ខ្លួន បន្តិចម្តងៗ ចាប់តាំងពី​រដ្ឋាភិបាល​អេហ្ស៊ីប​ត្រូវ​ដឹកនាំ​ដោយ​លោក​ Morsi ដែល​ជា​ជន​ស៊ីវិល​សុទ្ធសាធ។ ដូច្នេះ​ជាមួយ​ផែនទី​ចង្អុលផ្លូវ យោធា​ហាក់​ទំនងជា​ចង់​ត្រលប់​មក​ក្តោបក្តាប់​អំណាច នៅអេហ្ស៊ីប ដូចមុន។

លោក​ Morsi​បាត់បង់​ប្រជាប្រិយភាព ក្នុង​ចំណោម​ប្រជាជន ឥលូវ​ត្រូវ​បាត់បង់​ការគាំទ្រ​ពី​មន្រ្តី​រដ្ឋាភិបាល​របស់ខ្លួនទៀត។ បន្ទាប់ពី​រដ្ឋមន្រ្តី​បួនរូប​លាលែង​ចេញ​ពី​តំណែង នៅថ្ងៃ​អង្គារ នេះ រដ្ឋមន្រ្តី​ការបរទេស បាន​ដើរចេញ​ពី​រដ្ឋាភិបាល​របស់​លោក​ Morsi។ នេះ គេ​មិន​រាប់បញ្ចូល​រដ្ឋមន្រ្តីការពារជាតិ​ដែល​បាន​ប្រកាស​រក្សា​ជំហរ នៅ​ជាមួយ​ប្រជាជន រួច​ទៅហើយ គឺ​ក្រុម​ប្រឆាំង​​នោះទេ។ លោក​ Morsi​កាន់តែ​ឯកា​មួយ​កម្រិត​ទៀត ព្រោះថា រហូត​មកដល់​ពេល​នេះ ក្រុម​ភាតរ​អ៊ីស្លាម ដែល​ជា​បក្សពួក​របស់​លោក ក៏​មិន​បាន​ចេញមុខ​ជួយ​គាំទ្រ​លោក នៅក្នុង​វិបត្តិ​នយោបាយ​លើក​នេះ​ដែរ។

អសមត្ថភាព​គ្រប់គ្រង​ប្រទេស ក្នុង​កាលៈទេសៈ​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​អេហ្ស៊ីប​បច្ចុប្បន្ន​បាត់បង់​ទំនុកចិត្ត ពីប្រជាជន​អេហ្ស៊ីប និង​សូម្បី​ពី​ក្រុម​អ្នកកាន់​សាសនា​អ៊ីស្លាម ដែល​ធ្លាប់​បោះឆ្នោត។

នៅ​លើ​ឆាក​អន្តរជាតិ វិញ វិបត្តិ​នយោបាយ​នៅអេហ្ស៊ីប​បាន​ធ្វើ​ឲ្យ​អាមេរិក​ដែល​ធ្លាប់​ជា​ដៃគូ​យោធា ព្រួយបារម្ភ។ តាម​ទីក្រុង​វ៉ាស៊ីនតោន លោកប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បាន​ទូរស័ព្ទ​លើកទឹកចិត្ត​លោក​ Morsi ឲ្យចាត់វិធានការ​រកដំណោះស្រាយ​ជូន​ប្រជាជន​អេហ្ស៊ីប។ លោក​ប្រធានាធិបតី​​អាមេរិក​បាន​ស្នើ​ដល់​ប្រធានាធិបតី​អេហ្ស៊ីប​ឲ្យ​អំពាវនាវ​ដល់​ក្រុមអ្នកគាំទ្រ​របស់លោក​ដែល​មក​ពី​ភាតរអ៊ីស្លាម កុំ​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម ដែល​នឹង​អាច​ប្រឈមមុខ ហិង្សា ក្រុម​អ្នកតវ៉ា​បច្ចុប្បន្ន។ គួររំលឹកថា ក្នុង​ទំនាក់ទំនងអេហ្ស៊ីប ​អាមេរិក ទីក្រុង​វ៉ាស៊ីនតោន​មិន​សូវ​ជា​ស្វាគម​ប៉ុន្មានទេ អ្នកដឹកនាំ​អេហ្ស៊ីប​ថ្មី ដែល​មាន​និន្នាការ​ទៅរក​ក្រុមអ៊ីស្លាមនិយម ដែល​ភាគច្រើន​មិនចូលចិត្ត នយោបាយ​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ