នៅពីរថ្ងៃក្រោយ កងទ័ពទម្លាក់លោកប្រធានាធិបតីមហាម៉េដ ម៉រស៊ី ចេញពីតំណែង ក្រុមភាតរអ៊ីស្លាមដែលជាអ្នកគាំទ្រលោកម៉រស៊ីបានអំពាវនាវឲ្យគ្នីគ្នារបស់ពួកគេចុះថ្នល់ធ្វើបាតុកម្ម នៅថ្ងៃសុក្រ ពោលគឺនៅក្រោយចប់ពិធីថ្វាយបង្គំព្រះល្ងាចនេះ។ ក្រុមភាតរអ៊ីស្លាម ដែលជាក្រុមរបស់លោកអតីតប្រធានាធិបតីម៉រស៊ីបានបរិហារពីការធ្វើរដ្ឋប្រហារយោធា និងយុទ្ធនាការចុះចាប់មេដឹកនាំរបស់ក្រុមភាតរអ៊ីស្លាម។
បើទោះបីជាព្រឹត្តិការណ៍ទម្លាក់លោកប្រធានាធិបតីម៉រស៊ីបានប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា ឬការប្រើប្រាស់អាវុធពីសំណាក់កងទ័ព ប៉ុន្តែ យើងឃើញថា ក្រុមភាតរអ៊ីស្លាម ដែលជាក្រុមរបស់លោកម៉រស៊ី កំពុងក្លាយជាផ្ទាំងស៊ីប ក្នុងការតាមចាប់ប្រមាញ់របស់ពួកយោធា។ មេដឹកនាំជាន់ខ្ពស់របស់ចលនាអ៊ីស្លាមមួយនេះត្រូវបានកងទ័ពចាប់ដាក់ឃុំ ដោយអ្នកខ្លះត្រូវកងទ័ពចោទថា បានញុះញង់ឲ្យមានអំពើហិង្សា សម្លាប់មនុស្ស ចាប់តាំងពីមានបាតុកម្មរបស់ក្រុមប្រឆាំងនឹងលោកម៉រស៊ី។
បើទោះបីជាកងទ័ពប្រកាសអនុញ្ញាតឲ្យមានបាតុកម្ម ប៉ុន្តែ កងទ័ពបានបញ្ជាក់ថា គេនឹងធ្វើអន្តរាគម ក្នុងករណីណាមានផ្ទុះអំពើហិង្សា ឬសកម្មភាពណាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
រហូតមកដល់ថ្ងៃនេះ សារព័ត៌មាន ទូរទស្សន៍ របស់ក្រុមភាតរអ៊ីស្លាម ត្រូវបានកងទ័ពបញ្ជាឲ្យបិទទ្វារ ក្នុងហេតុផលទប់ស្កាត់កុំឲ្យមានការអំពាវនាវឲ្យអ្នកគាំទ្រលោកម៉រស៊ីចេញធ្វើបាតុកម្ម រហូតបង្កអសន្តិសុខ និងអសណ្តាប់ធ្នាប់ ក្នុងប្រទេស។
ការដែលកងទ័ព ទម្លាក់តំណែងរបស់ម៉រស៊ី បានធ្វើក្រុមភាតរអ៊ីស្លាមខឹងមួយកម្រិតហើយ ប៉ុន្តែ មិនទាន់ខ្លាំងពេកទេ ព្រោះថា ការទម្លាក់តំណែងធ្វើឡើង បន្ទាប់ពីមានការមិនសប្បាយចិត្ត និងការទាមទាររបស់ប្រជាជនអេហ្ស៊ីបរាប់លាននាក់ ដែលបានចុះថ្នល់តាំងពីថ្ងៃអាទិត្យមុន។ ប៉ុន្តែ អ្វីដែលធ្វើឲ្យក្រុមភាតរអ៊ីស្លាមក្តៅក្រហាយ និងអំពាវនាវឲ្យមានបាតុកម្ម នៅថ្ងៃនេះ ក៏ព្រោះតែកងទ័ពបានចាប់ដាក់ឃុំមេដឹកនាំសាសនាសំខាន់ៗរបស់ពួកគេ។ ការប្រមូលចាប់សកម្មជនរបស់ក្រុមភាតរអ៊ីស្លាម លើកនេះ ធ្វើឲ្យគេព្រួយបារម្ភពីការបង្រ្កាបទៅលើចលនាភាតរអ៊ីស្លាម ព្រោះថា វិធានការនេះធ្លាប់កើតមាន នៅ ក្នុងសម័យលោកប្រធានាធិបតីអូស្នី ម៉ូបារ៉ាក់។
បើទោះបីជាក្រុមភាតរអ៊ីស្លាមមិនបានដើរតួនាទីសំខាន់ ក្នុងការផ្តួលអំណាចរបស់លោកម៉ូបារ៉ាក់ កាលពីឆ្នាំ ២០១១ ប៉ុន្តែ ក្នុងពេលបោះឆ្នោត ប្រធានាធិបតីកាលពីចុងឆ្នាំ ២០១២ គឺបេក្ខជនមកពីក្រុមនេះដែលជាអ្នកឈ្នះបានធ្វើជាប្រធានាធិបតី គឺលោកមហាមេដ ម៉រស៊ីនេះឯង។ នោះក៏ព្រោះថា ប្រជាជនអេហ្ស៊ីបលែងចង់ក្រុមយោធាមកធ្វើជាមេដឹកនាំផ្តាច់ការរបស់ខ្លួនតទៅទៀត។
នៅអេហ្ស៊ីប កងទ័ពបានបាត់បង់អំណាចជាផ្លូវការរបស់ខ្លួន ចាប់តាំងពីលោកអូស្នី មូបារ៉ាក់បានមហាបដិវត្តប្រជាជនបណ្តេញចេញពីតំណែង នៅឆ្នាំ ២០១១។ កងទ័ព អេហ្ស៊ីបដែលបានកាន់អំណាច គ្រប់គ្រងអេហ្ស៊ីបតាំងពីទសវត្សរ៍ ឆ្នាំ ៥០ មិនចង់បាត់អំណាចរបស់ខ្លួន ដោយស្រួល អ៊ីចឹងពេកទេ។ បើទោះបីជាកងទ័ពបានប្រកាសតាំងពីដំបូងទី ថា ខ្លួនមិនលូកដៃក្នុងនយោបាយ ឬកាន់ជើងគណបក្សណាមួយទេ ប៉ុន្តែ កងទ័ពអេហ្ស៊ីបបានប្រើប្រាស់មហាបាតុកម្មរបស់ប្រជាជនរាប់លាននាក់ កាលពីថ្ងៃអាទិត្យ ដើម្បីត្រលប់មកឆាកនយោបាយ បង្ហាញឥទ្ធិពលរបស់ខ្លួនឡើងវិញ។ កងទ័ពបានឆ្លៀតឱកាសនេះទម្លាក់លោកម៉រស៊ី ព្រោះថា តាំងពីដើមមក លោកម៉រស៊ី ដែលជាមេដឹកនាំស៊ីវិលទីមួយនៅអេហ្ស៊ីប មិនចុះសម្រុងជាមួយកងទ័ព និងព្យាយាមប្រមូលអំណាចចេញ ពីដៃកងទ័ពមកវិញ។
យ៉ាងណាក៏ដោយ រហូតមក បើទោះជាកងទ័ពមិនបានចេញមុខ ចេញមាត់ គ្មានអំណាចផ្តាច់មុខ នៅក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែ នៅពីក្រោយការដឹកនាំរបស់រដ្ឋាភិបាល កងទ័ពនៅតែដើរតួនាទីសំខាន់ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងនយោបាយ។ ឧទាហរណ៍ជាក់ស្តែង នៅក្រោយកងទ័ពទម្លាក់លោកម៉រស៊ី ប្រជាជនអាចចាប់ប្រើភ្លើងអគ្គិសនី និងប្រេង ដែលក្នុងអាណត្តិគ្រប់គ្រងរបស់លោកម៉រស៊ី ត្រូវគេបិទ ឬដំឡើងថ្លៃ។
ប្រជាជនអេហ្ស៊ីបជាត្រូវការអន្តរាគមន៍របស់កងទ័ព ដើម្បីបណ្តេញលោកប្រធានាធិបតីម៉រស៊ីចេញពីតំណែង។ ប្រជាជនអេហ្ស៊ីបដែលស្គាល់របបផ្តាច់ការរបស់យោធា មិនចង់ឃើញកងទ័ពដើរតួនាទីសំខាន់ ដឹកនាំប្រទេសដូចមុនទេ។ ជាក់ស្តែង ការគ្រប់គ្រងបណ្តោះអាសន្នរបស់កងទ័ព នៅក្រោយការដួលរំលំភ្លាមនៃរបបលោកមូបារ៉ាក់ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីប្រជាជន។ ប្រជាជនដែលបានសម្រេចចិត្តបោះឆ្នោត ឲ្យលោកម៉រស៊ី ជាជនស៊ីវិល ព្រោះតែគេមិនចង់ឲ្យរបបយោធាត្រលប់មកកាន់អំណាចឡើងវិញ នៅអេហ្ស៊ីប។
ក្រុមយោធាអេហ្ស៊ីបលើកនេះ មានការប្រុងប្រយ័ត្នជាងមុន។ កងទ័ពបានជ្រើសរើសប្រធានតុលាការធម្មនុញ្ញ មកធ្វើជាប្រធានាធិបតីស្តីទី ក្នុងសម័យអន្តរកាលរង់ចាំការបោះឆ្នោតប្រធានាធិបតីជាថ្មី។
៤ លោកAdly Mansour ជានរណា?
ពីមុន មក ប្រជាជនអេហ្ស៊ីបក្នុងស្រុក មិនដែលស្គាល់ ឬលឺឈ្មោះប្រធានាធិបតីស្តី នេះ ទេ។ គេស្គាល់មុខប្រធានាធិបតីថ្មី នៅពេលគាត់ស្បថចូលកាន់តំណែង កាល ពីថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ ២០១៣។ លោកAdly Mansour អាយុ ៦៤ឆ្នាំ ដែលធ្លាប់រៀននៅសាលារដ្ឋបាលជាតិបារាំង ជាចៅក្រមអេហ្ស៊ីប ដែលទើបចូលកាន់តំណែង ជាប្រធានតុលាការធម្មនុញ្ញ បានបីថ្ងៃ មុននឹងក្លាយជាប្រធានាធិបតីស្តីទី។ កងទ័ពជ្រើសរើសលោក Mansour ដោយសារតែលោក Mansour ប្រឆាំងលោកប្រធានាធិបតីម៉រស៊ី ហើយដោយសារតែលោក Mansour គ្មានជាប់ពាក់ព័ន្ធនឹងនយោបាយណាទេ។ មួយវិញទៀត កងទ័ពតែងតាំងលោក Mansour ក៏ព្រោះតែ ប្រធានាធិបតីស្តីទីបច្ចុប្បន្ន ធ្លាប់ធ្វើជារដ្ឋមន្រ្តីយុត្តិធម៌ក្នុងសម័យគ្រប់គ្រងរបស់លោកមូបារ៉ាក់ គឺធ្លាប់មានទំនាក់ទំនងជាមួយកងទ័ពអេហ្ស៊ីប៕។
លើកនេះ ប្រជាជនរាប់លាននាក់ មិនមែនទាមទារត្រឹមតែឲ្យលោកប្រធានាធិបតី បច្ចុប្បន្នចុះចេញពីតំណែងតែប៉ុណ្ណោះទេ ប៉ុន្តែ គេទាមទារផងដែរឲ្យរដ្ឋាភិបាលគិតគូរដោះស្រាយបញ្ហាប្រទេសជាតិ ឡើងវិញ ដោយរាប់តាំងពីភាពក្រីក្រ ទំនិញឡើងថ្លៃ ជាដើម។
ជាមួយគ្នានេះផងដែរ បាតុកម្មលើកនេះកំពុងធ្វើឲ្យគេបារម្ភពីលទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយក្នុងសង្គមអេហ្ស៊ីប ព្រោះថា លើកនេះ កងទ័ពបានទម្លាក់តំណែងរបស់ប្រធានាធិបតីដែលចេញមកពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ លើសពីនោះ កងទ័ពការតាមចាប់ក្រុមភាតរអ៊ីស្លាម ដែលជាក្រុមរបស់លោកប្រធានាធិបតីម៉រស៊ី រឹតតែបង្កឲ្យមានការក្តៅក្រហាយរបស់អ្នកកាន់សាសនាអ៊ីស្លាម ដែលតំណាងឲ្យប្រជាជន៨០ភាគរយ នៅអេហ្ស៊ីប។ ដូច្នេះ ចង់ ឬមិនចង់ ចលនាបះបោរប្រឆាំងអំណាចផ្តាច់ការ ពីសំណាក់ក្រុមភាតរអ៊ីស្លាមនឹងកើតមានជាថ្មី នៅអេហ្ស៊ីប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ