អំពើហិង្សានៅអេហ្ស៊ីបជាគ្រោះថ្នាក់គំរាមសន្តិសុខ នៅតំបន់ដើមបូព៌ា
ចុះផ្សាយនៅថ្ងៃ៖
អំពើហិង្សានៅអេហ្ស៊ីបបានរីកផ្ទុះកាន់តែធំឡើង។ កាលពីល្ងាចថ្ងៃសុក្រទី ៥ កក្កដា ២០១៣ ការវាយប្រហារដាក់គ្នាយ៉ាងហិង្សា រវាងក្រុមគាំទ្រ និងក្រុមប្រឆាំងលោកអតីតប្រធានាធិបតី មហាមេដ ម៉រស៊ី បានសម្លាប់មនុស្ស យ៉ាងតិច ២៦នាក់។ នយោបាយជាតិបានធ្វើឲ្យប្រជាជនអេហ្ស៊ីបពេលនេះបានបែកបាក់គ្នាជាពីរ។
វិបត្តិនយោបាយនៅអេហ្ស៊ីបកាន់តែស៊ីរូងជ្រៅ គ្មានថ្ងៃត្រលប់ថយទេ។ ពីមុន ប្រជាជនរួមគ្នាធ្វើបដិវត្តន៍ដើម្បីផ្តួលមេដឹកនាំយោធាផ្តាច់ការដូចជាលោកអូស្នី មូបារ៉ាក់។ ឥលូវ ប្រជាជនអេហ្ស៊ីបដដែលបានត្រលប់ចុះថ្នល់ធ្វើបាតុកម្ម ដើម្បីទាមទារឲ្យប្រធានាធិបតីដែលគេបោះឆ្នោតជ្រើសរើសនោះ ចុះចេញពីតំណែង។
លើកនេះ បើទោះជាមហាជនអេហ្ស៊ីបធ្វើបាតុកម្មប្រឆាំងលោកម៉រស៊ី មានចំនួនរាប់លាននាក់ ប៉ុន្តែ មានប្រជាជនអេហ្ស៊ីបជាច្រើននាក់ផ្សេងទៀត ជាពិសេស ក្រុមអភិរក្ស សាសនាអ៊ីស្លាមដែលមិនយល់ព្រម ឲ្យគេទម្លាក់មេដឹកនាំមកពីក្រុមភាតរអ៊ីស្លាម។
អ្វីដែលសំខាន់ គឺកងទ័ពមិនបានដើរផ្លូវកណ្តាលដូចខ្លួនសន្យាទេ។ កងទ័ពមិនត្រឹមទម្លាក់លោកប្រធានាធិបតីម៉រស៊ី ប៉ុន្តែ នៅបន្តចាត់វិធានការក្តៅប្រឆាំងក្រុមភាតរអ៊ីស្លាម ដែលជាគ្នីគ្នារបស់លោកម៉រស៊ី។ មេដឹកនាំរបស់ក្រុមភាតរអ៊ីស្លាម ត្រូវគេចាប់ដាក់ឃុំ ក្នុងពេលដែលមនុស្សជាង៣០០នាក់ ផ្សេងទៀត ដែលពាក់ព័ន្ធនឹងក្រុមភាតរអ៊ីស្លាម ដាក់ឃុំក្នុងគេហដ្ឋាន។ បើតាមប្រភពពីកងទ័ពអេហ្ស៊ីប អតីតប្រធានាធិបតី ម៉រស៊ី មិនត្រឹមតែគេដកហូតតំណែងប៉ុណ្ណោះទេ លោក អាចត្រូវគេចោទប្រកាន់ផងដែរ ពីបទ បានលួចរត់គេចចេញពីគុក ក្នុងសម័យដែលលោកប្រធានាធិបតីមូបារ៉ាក់ធ្វើជាប្រធានាធិបតី។ សម្រាប់ក្រុមភាតរអ៊ីស្លាម កងទ័ពកំពុងដើរនយោបាយរើសអើងប្រឆាំងនឹងក្រុមអ៊ីស្លាម នៅអេហ្ស៊ីប។
តើវិធានការក្តៅប្រឆាំងក្រុមភាតរអ៊ីស្លាម នឹងបង្កឲ្យមានផលវិបាកដែរឬទេ បុប្ផា?
សម្រាប់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមនិយមជ្រុល ការចាប់ដាក់ឃុំមេដឹកនាំក្រុមភាតរអ៊ីស្លាម គឺដូចជាការប្រកាសសង្រ្គាមដោយផ្ទាល់ ជាមួយប្រជាជនអ៊ីស្លាម នៅអេហ្ស៊ីប។ មើលទៅកងទ័ពកំពុងសើរើដំបៅចាស់ ព្រោះកុំភ្លេចថា ការបង្រ្កាបខ្លាំងអាចនឹងបង្កឲ្យមានការងើបបះបោរពីក្រុមអ្នកកាន់សាសនានិយមជ្រុល នៅក្នុងប្រទេសអេហ្ស៊ីប ដូចជាពួកជីហាតជាដើម។ សូមរំលឹកថា គឺពួកជីហាតនេះហើយដែលបានបះបោរ និងសម្លាប់បាន លោកប្រធានាធិបតីណាសាត កាលពីឆ្នាំ ១៩៨១។
មួយវិញទៀត ការផ្តួលរំលំប្រធានាធិបតីអ៊ីស្លាម ដែលចេញមកពីការបោះឆ្នោត នៅអេហ្ស៊ីប អាចនឹងដើរជាន់គន្លងចាស់ របស់ប្រវត្តិសាស្រ្តប្រទេសអាល់ហេ្សរី។ នៅអាល់ហ្សេរី ការបណ្តេញប្រធានាធិបតីអ៊ីស្លាមចេញពីតំណែងបានបណ្តាលឲ្យមានចលនាបះបោរ និងសង្រ្គាមស៊ីវិល ដែលបានសម្លាប់មនុស្សជាង ១សែន ៥ម៉ឺននាក់ រហូតមកដល់ថ្ងៃនេះ។
នៅអេហ្ស៊ីបវិញ កងទ័ពបានរុញច្រានក្រុមភាតរអ៊ីស្លាម ដល់គៀនជញ្ជាំងមួយដែល គ្មានផ្លូវដើរ។ តាមអង្គការSite ដែលជំនាញខាងតាមដានសកម្មភាពរបស់ក្រុមភេរវករ ក្រុមអ៊ីស្លាមជ្រុលនិយមមួយកំពុងចាប់ផ្តើមចេញជារូបរាង នៅអេហ្ស៊ីប បន្ទាប់ពីលោកប្រធានាធិបតីម៉រស៊ីត្រូវទាហានទម្លាក់ចេញពីតំណែង។ កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមអ៊ីស្លាមនេះបានប្រកាសថា នឹងចាប់ប្រមូលអាវុធ និងប្រមូលសមាជិក ហ្វឹកហ្វឺន ដើម្បីប្រឆាំងនឹងអាជ្ញាធរអេហ្ស៊ីប និងដើម្បីទាមទារឲ្យគេដាក់អនុវត្តច្បាប់សាសនាអ៊ីស្លាមដ៏តឹងរ៉ឹង នៅអេហ្ស៊ីប។
តើវិបត្តិអេហ្ស៊ីបអាចជះឥទ្ធិពលអាក្រក់ដែរឬទេ ទៅលើតំបន់ដើមបូព៌ា?
វិបត្តិនៅអេហ្ស៊ីប ផ្ទុះឡើង នៅក្នុងពេលមួយមិនល្អសោះ។ បណ្តាប្រទេសអារ៉ាប់ ធ្លាប់បាននាំគ្នាអបអរកោតសរសើរបដិវត្តអារ៉ាប់ នៅអេហ្ស៊ីប ដែលបានឈានទៅដល់ការផ្តួលរំលំមេដឹកនាំផ្តាច់ការ និងការរៀបចំការបោះឆ្នោតប្រជាធិបតយ្យ ជាលើកទីមួយ។
បើទោះជាកងទ័ពអេហ្ស៊ីបបាននិយាយថា គេអន្តរាគម ទៅតាមបំណងចង់បានរបស់មហាជនរាប់លាននាក់ដែលដើរតាមផ្លូវ ក៏ប៉ុន្តែ ការទម្លាក់អ្នកកាន់សាសនាអ៊ីស្លាម ម្នាក់ចេញពីតំណែងប្រធានាធិបតី គឺបង្ហាញពី បរាជ័យក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។ កំហុសនេះធ្ងន់ណាស់ ព្រោះវាបានបំផ្លាញការខិតខំប្រឹងប្រែង ក្នុងការប្រមូលក្រុមអ្នកកាន់សាសនាអ៊ីស្លាម នៅពិភពអារ៉ាប់ ឲ្យចូលរួមក្នុងនយោបាយ។ កន្លងមក ក្រុមអ៊ីស្លាមជ្រុលនិយម បានយល់ព្រមដើរចូលនយោបាយ រហូតធ្វើឲ្យអេហ្ស៊ីបមានប្រធានាធិបតីជាលើកទីមួយ ដែលមកពីក្រុមអ៊ីស្លាមនិយម។ ដូច្នេះ ការផ្តួលរំលំប្រធានាធិបតីចេញមកពីការបោះឆ្នោត អាចធ្វើឲ្យអ្នកកាន់សាសនាអ៊ីស្លាមអស់ទំនុកចិត្តលើលទ្ធិប្រជាធិបតេយ្យ និងផ្ទុយទៅវិញ អាចជ្រើសរើសយកអំពើហិង្សា ជម្លោះប្រដាប់អាវុធ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។ ហើយប្រជាជនអ៊ីស្លាមសម្រេចចិត្តជ្រើសរើសយកផ្លូវនេះ គឺក្រុមអ៊ីស្លាមជ្រុលនិយម ដូចជាពួកជីហាត ឬពួកអាល់កៃដា ដែលជាអ្នកទទួលប្រយោជន៍។
គេបារម្ភថា ការដាក់អ្នកកាន់សាសនាអ៊ីស្លាម នៅក្រៅឆាកនយោបាយ នឹងអាចធ្វើឲ្យពួកគេទាំងនេះ ងាកទៅចងសម្ព័ន្ធភាពជាមួយក្រុមជីហាត ដែលនឹងអាចពង្រីកខ្លួន ពង្រីកអំណាចកាន់តែធំនៅក្នុងតំបន់។ នៅពេលនោះ ការប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរ ឬក្រុមភេរវករ នឹងរឹតតែជាកិច្ចការលំបាកសម្រាប់មេដឹកនាំបណ្តារដ្ឋអារ៉ាប់។ និយាយឲ្យខ្លី គឺបរាជ័យបដិវត្តអារ៉ាប់ នៅប្រទេសអេហ្ស៊ីប នឹងអាចធ្វើចលនាអ៊ីស្លាមជ្រុលនិយម កាន់តែមានអំណាច និងឥទ្ធិពល ដែលនឹងអាចបង្កព្យុះភ្លៀង បង្កអសន្តិសុខ អស្ថិរភាពនយោបាយ នៅក្នុងតំបន់ដើមបូព៌ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ