អានតួអត្ថបទ
អ.ស.ប

អ.ស.ប​នឹង​កាត់​បន្ថយ​ជំនួយ​ដល់​ជនភៀសខ្លួន​ស៊ីរី

ប្រជាជន​ស៊ីរីរាប់​ពាន់​នាក់​រត់​​ភៀសខ្លួនចេញ​ពី​ប្រទេស​ទៅ​ជ្រកកោន នៅ​អ៊ីរ៉ាក់ លីបង់ និង​ហ្សកដានី​
ប្រជាជន​ស៊ីរីរាប់​ពាន់​នាក់​រត់​​ភៀសខ្លួនចេញ​ពី​ប្រទេស​ទៅ​ជ្រកកោន នៅ​អ៊ីរ៉ាក់ លីបង់ និង​ហ្សកដានី​ ©Reuters
ដោយ៖ ឈាង បុប្ផា
១៣ នាទី

នៅ​​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ កញ្ញា ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស កាត់បន្ថយ​ជំនួយ​ដល់​ប្រជាជន​ស៊ីរី ដែល​រត់គេច​ពី​សង្រ្គាម និង​កំពុង​រស់នៅ​ភៀសខ្លួន ក្នុង​ទឹកដី​លីបង់។ តាមអ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ កង្វះ​មូលនិធិ​ជាមូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​គេ​កាត់បន្ថយ​ជំនួយ​សម្រាប់​ជនភៀសខ្លួន។

ផ្សាយពាណិជ្ជកម្ម

 

អង្គការ​សហប្រជាជាតិ​កំពុង​ជួប​វិបត្តិថវិកា។ សម្រាប់​គម្រោង​ជួយ​ដល់​ជនភៀសខ្លួន​ស៊ីរី​ដែល​កំពុង​ជ្រក​ក្នុង​ទឹកដី​លីបង់ អង្គការ​អន្តរជាតិ​ត្រូវ​បង្ខំចិត្ត​កាត់បន្ថយ​ជំនួយ​របស់​ខ្លួន។ ពោល​គឺ​ពី​ដើម​ខែ​តុលា​តទៅ មនុស្ស​ប្រមាណ ២សែននាក់ គឺ​មួយ​ភាគបួន នៃ​ប្រជាជន​ភៀសខ្លួន​ស៊ីរី​សរុប នៅ​លីបង់ នឹង​លែង​បាន​ទទួល​ជំនួយ​ស្បៀង​អាហារ​ពី​អង្គការ​សហប្រជាជាតិ។

បើតាម​លោកស្រី Roberta Russo អ្នកនាំពាក្យ​របស់​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​លីបង់ ការសម្រេចចិត្ត​ធ្វើ​ឡើង​ដោយ​លំបាក ព្រោះ​ថា ជនភៀសខ្លួន​ស៊ីរី​ទាំងអស់​ដែល​រត់ភៀសខ្លួន​ពី​សង្រ្គាម​ក្នុង​ស្រុក សុទ្ធ​តែ​ត្រូវការ​ជំនួយ ជាពិសេស​ស្បៀង​អាហារ។ ប៉ុន្តែ យ៉ាងណា​ក៏ដោយ គេ​បង្ខំ​ចិត្ត​ត្រូវ​តែ​កាត់បន្ថយ​ជំនួយ​ដ៏​សំខាន់នេះ ដោយសារ​គេ​ខ្វះខាត​ថវិកា។ តាម​អ្នកនាំពាក្យ​ដដែល អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​សុំ​ជំនួយ​មួយ​ពាន់ ប្រាំពីរ​រយ​លាន​ដុល្លារ ដើម្បី​ជួយ​ជនភៀសខ្លួន​ស៊ីរី នៅ​លីបង់។ ប៉ុន្តែ រហូត​មកដល់​ពេលនេះ គេ​ប្រមូល​បាន​តែ​២៧ភាគរយ ប៉ុណ្ណោះ នៃ​ប្រាក់​ជំនួយ​ដែល​គេ​ទាមទារ​ចង់បាន។

បញ្ហា​ថវិកា ធ្វើ​ឲ្យ​គេ​ចាយវាយ​ត្បិតត្បៀត និង​ផ្តោតតែ​ទៅលើ​ជនភៀស​ខ្លួន ជាង​៧០ភាគរយ​ទៀត ដែល​កំពុង​ត្រូវការ​ជំនួយ​ចាំបាច់។ សម្រាប់​អ្នកដែល​ខ្វះខាតខ្លាំង អង្គការ​នឹង​ផ្តល់​ជំនួយ​បន្ថែម ដូចជា​ការអប់រំ និង​ជំនួយ​សុខាភិបាល។

ការសម្រេច​ចិត្ត​កាត់បន្ថយ​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការលំបាក​របស់​អង្គការ​ប្រជាជាតិ​ដើម្បី​ជួយ​សង្រ្គោះ​ជនភៀសខ្លួន ដែល​រហូតមកដល់​ពេលនេះ​ត្រូវ​គេ​មើលឃើញ​ថា បាន​កើនឡើង លើស​ពីការគ្រោងទុក រហូត​ដល់ ជាង​ពីរលាន​នាក់។ កង្វះ​ថវិកា ធ្វើ​ឲ្យមន្រ្តី​របស់​ឧត្តមស្នងការ​របស់​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភដែរថា នឹង​មិន​អាច​ជួយ​សង្រ្គោះ​​ជនភៀសខ្លួន ស៊ីរី ដែល​នឹង​អាច​កើនឡើង​ថែមទៀត ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល​អាមេរិក​កំពុង​គំរាម​ធ្វើ​ប្រតិបត្តិការ​យោធា លើ​រដ្ឋាភិបាល​ស៊ីរី ដែល​អាមេរិក​ចោទ​ថា បាន​ប្រើ​អាវុធ​គីមី សម្លាប់​ប្រជាជន កាលពី​ខែ​សីហា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ