យេម៉ែនចង់ហាមឃាត់អាពាហ៏ពិពាហ៏កុមារ
រដ្ឋមន្រ្តីសិទ្ធិមនុស្សរបស់ប្រទេសយេម៉ែនបាននិយាយ កាលពីល្ងាចថ្ងៃសៅរ៍ ម្សិលមិញ ថា លោកស្រីខំប្រឹងជំរុញឲ្យរដ្ឋាភិបាល និងសភាអនុម័តច្បាប់មួយដែលហាមឃាត់អាពាហ៏ពិពាហ៏កុមារី។ ពោលគឺអាយុរៀបអាពាហ៏ពិពាហ៏ស្របច្បាប់ត្រូវមានយ៉ាងតិច ១៧ឆ្នាំ។ ការប្រកាសរបស់រដ្ឋមន្រ្តីសិទ្ធិមនុស្សធ្វើឡើង ក្រោយពីកុមារីម្នាក់ អាយុ ៨ឆ្នាំបានស្លាប់ ដោយសារការរំលោភរបស់ប្តីដែលនាងបានរៀបការតាមផ្លូវច្បាប់។
ចុះផ្សាយនៅថ្ងៃ៖
Houria Machhour រដ្ឋមន្រ្តី សិទ្ធិមនុស្សរបស់ប្រទេសយេម៉ែនបាននិយាយថា លោកស្រីបានសរសេរទៅសភារួចហើយ ដើម្បី សុំឲ្យគេពិភាក្សាពីគម្រោងច្បាប់ ដែលនឹងហាមការរៀបការកុមារ អាយុក្រោម ១៧ឆ្នាំ។ សេចក្តី ព្រាងច្បាប់នេះត្រូវបានផ្អាកព្យួរ តាំងពីឆ្នាំ ២០០៩មកម្ល៉េះ។ ប៉ុន្តែ លោកស្រី រដ្ឋមន្រ្តីយេម៉ែនបានសន្យាថា លោកស្រីនឹងការពារច្បាប់នេះជាថ្មី នៅគណៈរដ្ឋមន្រ្តី គឺបន្ទាប់ពីមានព័ត៌មានមរណៈភាពរបស់កុមារីម្នាក់ នៅខេត្តHajjaដែលស្ថិតនៅភាគពាយ័ព្យប្រទេសយេម៉ែន។
កុមារី ឈ្មោះRawanដែលត្រូវបានបង្ខំឲ្យរៀបការ នៅអាយុ៨ឆ្នាំ អាចស្លាប់ដោយសារការរំលោភផ្លូវភេទរបស់ប្តីនាង។ បើតាមរដ្ឋមន្រ្តី សិទ្ធិមនុស្ស ពេលនេះ រដ្ឋាភិបាលយេម៉ែនបានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតលើករណីរំលោភសម្លាប់កុមារី Rawan។ បើសិនជាគេរកឃើញថា ជនដៃដល់ជាប្តីរបស់កុមារី នោះមែន នោះទោសឧក្រិដ្ឋនឹងត្រូវគេអនុវត្តឲ្យធ្ងន់ធ្ងរបំផុត។
កាលពីឆ្នាំ ២០១០ កុមារីNojoud Mohamed Aliអាយុទើបតែ១០ឆ្នាំបានតស៊ូមតិ រហូតសម្រេចជោគជ័យលែងលះប្តីដែលបានរំលោភ និងវាយដំនាងកន្លងមក។ Mohamed Aliត្រូវឪពុកម្តាយចាប់បង្ខំឲ្យរៀបការ តាំងពីនាងអាយុ ៨ឆ្នាំ ជាមួយបុរសដែលមានអាយុច្រើនជាងនាង ២០ឆ្នាំ។ ករណីរបស់កុមារី Mohamed Aliបានបង្កឲ្យមានមតិរិះគន់ និងតវ៉ាដែលទាមទារឲ្យគេធ្វើច្បាប់ហាមឃាត់កុមារី អាយុ ក្រោម ១៨ឆ្នាំ។
រឿងអាពាហ៏ពិពាហ៏ចាប់បង្ខំកុមារី កើតមានសឹងជាទម្លាប់ទៅហើយ នៅប្រទេសយេម៉ែន។ ប្រទេសអ៊ីស្លាមមួយនេះ កុមារីត្រូវគេចាប់បង្ខំឲ្យរៀបការជាមួយមនុស្សចាស់ ដែលមានប្រពន្ធច្រើនរួចទៅហើយ ក៏មាន៕
ទោះបីជាអាពាហ៏ពិពាហ៏កុមារត្រូវបានហាមឃាត់ដោយច្បាប់ ក្នុងប្រទេសមួយចំនួន និងដោយសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ ប៉ុន្តែ គេវាយតម្លៃថា មានកុមារីអាយុក្រោម១៨ឆ្នាំ ប្រមាណ ៥១លាននាក់ ក្នុងពិភពលោកដែលត្រូវបានគេចាប់បង្ខំឲ្យរៀបការ ដែលជាញឹកញយ ក្នុងរូបភាពលាក់កំបាំង។ ការចាប់បង្ខំកុមារីឲ្យរៀបការ កើតមាន នៅក្នុងប្រទេសក្រីក្រ ដោយមូលហេតុសងបំណុល ឬគោរពតាមប្រពៃណីចាស់បុរាណ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ