ស៊ីរី

អ្នកជំនាញ​ចាប់ផ្តើម​បំផ្លាញ​អាវុធ​គីមី នៅ​ស៊ីរី

ក្រុមការងារ​អន្តរជាតិ​របស់​ដែល​ចេញមក​ពី​ការរួមគ្នា​រវាង​អង្គការ​ហាមឃាត់​អាវុធគីមី និង​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្តើម នៅថ្ងៃ​អាទិត្យ ទី ៦ តុលា ដំណើរការ​បំផ្លាញ​អាវុធ​គីមី នៅក្នុង​ប្រទេស​ស៊ីរី។ អ្នកជំនាញ​ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ដាម៉ាស តាំង​ពី​ថ្ងៃ អង្គារ​សប្តាហ៍មុន ត្រូវ​ធ្វើ​ការងារ​បំផ្លាញ​អាវុធ​គីមី នៅស៊ីរី នៅក្នុង​ក្របខ័ណ្ឌ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បោះឆ្នោត កាលពី​ចុង​ខែ​កញ្ញា​កន្លងទៅ។

រថយន្ត​របស់​ក្រុមអ្នកជំនាញ​អាវុធ​គីមី​របស់​អង្គការ​សហប្រជាជាតិ នៅ​ស៊ីរី កាលពី​ថ្ងៃ​ទី ៥​តុលា ២០១៣
រថយន្ត​របស់​ក្រុមអ្នកជំនាញ​អាវុធ​គីមី​របស់​អង្គការ​សហប្រជាជាតិ នៅ​ស៊ីរី កាលពី​ថ្ងៃ​ទី ៥​តុលា ២០១៣ © REUTERS/Khaled al-Hariri
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​បាន​ទៅដល់​ទីតាំង​ដែល​មាន​ស្តុក​ទុក​អាវុធ​គីមី​របស់​រដ្ឋាភិបាល​ស៊ីរី។ តាម​ប្រភព​ពី​មន្រ្តី​ម្នាក់​របស់​ក្រុមជំនាញ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ដកស្រង់​សំដី នៅថ្ងៃ​អាទិត្យ គេ​កំពុង​ពិនិត្យ​មើល​បញ្ជី​អាវុធ​គីមីដែល​រដ្ឋាភិបាល​ស៊ីរី​បាន​ប្រគល់​ឲ្យ និង​ពិនិត្យ​មើល​ទីតាំង​ដែល​ស្តុក និង​ផលិត​អាវុធ​គីមី។ បន្ទាប់ពី​ពិនិត្យរួចហើយ គេ​ចាប់ផ្តើម​ប្រតិបត្តិការ​បំផ្លាញ​អាវុធ​គីមី ដោយ​ប្រើ​រថយន្ត​ធុន​ធ្ងន់​បំផុត​បើក​កិន​កម្ទេច​ក្បាលគ្រាប់ គ្រាប់បែក​គីមី និង​ឧបករណ៍​សម្រាប់​ផលិត និង​ស្តុកទុក​អាវុធ​គីមី​ផ្សេងទៀត។

កាលពី​ថ្ងៃ​ទី ២៩​កញ្ញា​កន្លងទៅ អ្នកទទួលខុសត្រូវ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី បាន​បញ្ជាក់​ហើយ​ថា គេ​នឹង​ប្រើ​វិធីសាស្រ្ត​លឿន និង​មាន​ប្រសិទ្ធិភាព​ដើម្បី​បំផ្លាញ​អាវុធ​គីមី នៅ​ស៊ីរី។ នៅក្នុង​វិធីសាស្រ្ត​នេះ គេ​នឹង​អាចបំផ្លាញ​អាវុធ​គីមី​បានច្រើន ដោយ​គេ​អាច​ប្រើ​រថក្រោះ​កិន​ពីលើ ឬ​ប្រើគ្រាប់ផ្ទុះ។ ​តាម​អ្នកទទួល​ខុសត្រូវ​ខាងលើ វិធីសាស្រ្ត​លឿន និង​មាន​ប្រសិទ្ធិភាព​មិន​ទាន់​ឆ្លើយតប​ពេញ​លក្ខណៈ​នឹង​បទដ្ឋាន ដែល​មាន​ចែង​នៅក្នុង​អនុសញ្ញា​ទេ ប៉ុន្តែ គេ​ចាំបាច់​ត្រូវ​ប្រើ​វិធីសាស្រ្ត​នេះ នៅក្នុង​ដំណាក់កាល​ដំបូង ដើម្បី​អាច​ឲ្យ​គេ​ច្បាស់​ក្នុង​ចិត្ត​ថា ទីតាំង​ដែល​ស្តុក និង​ផលិត​អាវុធ​គីមី​នឹង​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទីរ ដែល​គេ​នឹង​មិន​អាច​ដំឡើង​ប្រើប្រាស់ ដើម្បី​ផលិត​អាវុធ​គីមី​ជាថ្មី​ម្តងទៀត។

គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ ដែល​គេ​បំផ្លាញ អាវុធ​គីមី នៅក្នុង​ប្រទេស​មួយ​ដែល​កំពុង​ធ្លាក់​នៅក្នុង​សង្រ្គាម​ស៊ីវិល។ ទីក្រុង​ដាម៉ាស​បាន​ប្រកាស​ទទួល​ស្គាល់​ជាលើកទីមួយ កាលពី​ឆ្នាំ ២០១២ ថា​ខ្លួន​មាន​អាវុធ​គីមី និង​គំរាម​ប្រើប្រាស់ នៅណា​មាន​ការឈ្លានពាន​ពី​ប្រទេស​លោកខាងលិច។ យោងតាម​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា យុទ្ធសាស្រ្ត ស៊ីរី​មាន​អាវុធ​គីមី​ច្រើន​ជាងគេ​នៅ​ដើម​បូព៌ា។ ស៊ីរី​លួច​ផលិត​អាវុធ​គីមី​ដើម្បី​រក្សាទម្ងន់ ទប់ទល់​នឹង​អាវុធនុយក្លេអ៊ែរ​របស់​អ៊ីស្រាអែល។ ​តាម​របាយការណ៍​ដែល​សរសេរ​ឡើង​ដោយ​អ្នកជំនាញ​អាមេរិកាំង និង​រុស្ស៊ី និង​ដែល​កាសែត​The washington Post ចុះផ្សាយ អាវុធ​គីមី​របស់​ស៊ីរី​ភាគច្រើន ជាអាវុធ ដែល​គេ​លែង​អាច​ប្រើប្រាស់​បាន ដោយសារ​ស្ថានភាព​របស់វា។ ដូច្នេះ គេ​ទាមទារ​កម្ទេច​វា​ឲ្យ​បាន​លឿន មុន។ ស៊ីរី​មាន​អាវុធ​គីមី​ច្រើន​ជាង១ពាន់​តោន។ នៅក្នុង​នោះ មាន​៣០០​តោន​ជាឧស្ម័ន​Moutarde ដែល​មាន​សមត្ថភាព​បំផ្លាញ​ស្បែក សួត និង​ភ្នែក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI