ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អឺរ៉ុប​នៅ​អ៊ីរ៉ង់ ទទួល​បាន​ការស្វាគមន៍​ផង រិះ​គន់​ផង

សំឡេង ០៤:១៣
លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Catherine Ashton និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif នៅ​ទីក្រុង​វីយ៉ែន ថ្ងៃទី ២០ កុម្ភៈ២០១៤
លោកស្រី​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Catherine Ashton និង​សមភាគី​អ៊ីរ៉ង់​លោក Mohammad Javad Zarif នៅ​ទីក្រុង​វីយ៉ែន ថ្ងៃទី ២០ កុម្ភៈ២០១៤ Reuters/Heinz-Peter Bader

លោកស្រី កាទ្រីន អាស្ហតុន (Catherine Ashton) បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​មួយ នៅ​ក្រុង​តេអេរ៉ង់​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ក្នុង​នាម​ជា​ប្រមុខ​ការទូត​សហភាពអឺរ៉ុប។ សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ជា​ប្រធានបទ​សំខាន់​ ក្នុង​ជំនួប​រវាង​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប និង​សមភាគី​អ៊ីរ៉ង់។ អឺរ៉ុប​ ក្រុម​បស្ចឹម​លោក​កំពុង​ស្វែង​រក​យ៉ាង​សស្រាក់ស​ស្រាំ​ កិច្ច​ព្រមព្រៀង​ នុយក្លេអ៊ែរ ចុងក្រោយមួយ ដែលគ្មាន​ស្រមោលនិង​​​ភាព​​សង្ស័យ​ ថា​​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់មាន​ទិសដៅ​ស៊ីវិលពិតៗ។ ការ​ចរចា​មានការ​ស្មុគស្មាញ​ខ្លាំង ... មិន​ប្រាកដ​​ថា​នឹង​បាន​ទទួល​ជោគជ័យ​មែន​ ប៉ុន្តែ​ទំនាក់ទំនង​ល្អ​អាច​កើតមាន​រវាង​អឺរ៉ុប​និង​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​របស់​លោកស្រី​ប្រមុខ​ការទូត​​សហភាពអឺរ៉ុប​ មាន​តម្លៃ​​ជា​និមិត្តរូបខ្លាំង​ណាស់ ព្រោះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខណៈ​ដែល​​ ​ក្រុង​តេអេរ៉ង់និង​ក្រុម​មហា​អំណាច​កំពុង​​ចរចា​គ្នា។ ប៉ុន្តែ​​លោកស្រីប្រមុខ​ការទូត បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ដោយ​បាន​ប្រកាស​ភ្លាម​ ក្រោយ​ជំនួប​ជាមួយ​សមភាគី​អ៊ីរ៉ង់ថា គ្មាន​ការ​ធានា​អះអាង​ណា​មួយ​បញ្ជាក់​អំពី​ជោគជ័យ​ឈាន​ដល់​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ចុង​ក្រោយ​ជាមួយ​អ៊ីរ៉ង់​ទេ។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ចុងក្រោយ​ ដែល​នៅ​មាន​សល់​ចំណុច​រសើបៗខ្វែង​គ្នា​មួយ​ចំនួន ដូច​ជា​ទំហំ​នៃ​កម្មវិធី​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ឬ​មជ្ឈមណ្ឌល​មាន​ប្រតិករ​ធ្ងន់ធ្ងន់ ដែល​ក្រុម​បស្ចឹម​លោក​ទាមទារ​បិទ តែ​អ៊ីរ៉ង់​បដិសេធ។​

 
កិច្ច​ព្រមព្រៀង​បឋម​រវាង​មហាអំណាច​និង​អ៊ីរ៉ង់ នឹង​ត្រូវ​ផុត​ឱសានវាទ​នៅ​ថ្ងៃទី ២០​កក្កដា​ខាង​មុខ សម័យ​ប្រជុំ​ថ្មី​នឹង​ត្រូវ​បើក​ទ្វារ​ នៅ​ថ្ងៃ​ទី ១៧​មីនា​ សប្តាហ៍​ក្រោយ​ ! ការ​ចរចា​កំពុង​ប្រព្រឹត្ត​ទៅ​យ៉ាង​លំបាក់​លំបិនមែន ប៉ុន្តែ​គ្រប់​ភាគី​ សុទ្ធ​តែ​មាន​ចេតនា និង​កម្មវត្ថុ​​ចង់​ចរចា​ឱ្យ​ចេញ​ជា​លទ្ធផល ! លោកស្រីអាស្ហតុន ទទួល​អារម្មណ៍​ថា សមាជិក​​រដ្ឋាភិបាល​អ៊ីរ៉ង់​ ក៏​គាំទ្រ​លោក​មហាម៉េត ហ្សាវ៉ា ហ្សារីហ្វ ប្រមុខ​ការទូត​អ៊ីរ៉ង់ និង​ជា​អ្នក​ដឹកនាំ​ការ​ចរចា​សំណុំ​រឿង​នុយក្លេអ៊ែរ ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា បស្ចឹម​លោក និង​អ៊ីស្រាអែល តែង​ចោទ​ប្រកាន់​អ៊ីរ៉ង់ ​ថា​បាន​និង​កំពុង​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ ក្នុង​បំណង​ផលិត​អាវុធ​បរមាណូ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ នៅ​លើក​នេះ​ ក៏​ដូច​ជា​លើក​មុនៗ និង​ដូច​ទម្លាប់ អ៊ីស្រាអែល​ ​តែង​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​រាល់​ការ​ប៉ុន​ប៉ង​ស្វែង​រក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​តេអេរ៉ង់។ ម្យ៉ាង​វិញទៀត ការ​រិះគន់​លើក​នេះ ធ្លាក់​មក​ជួន​ចំ​ពេល​អ៊ីស្រាអែល​​មាន​ភស្តុតាង ទើប​ចាប់​​បាន​នាវា​ដឹក​ជញ្ជូន​មួយ​គ្រឿង​ក្នុង​សមុទ្ទ​ក្រហម មាន​ផ្ទុក​គ្រាប់​រ៉ុកកែត ដល់​ទៅ​៤០គ្រាប់ មាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ​ប្រមាណ​ ១៦០​គីឡូម៉ែត្រ។ សព្វាវុធ​នេះ​ទំនង​ជា​ត្រូវ​បញ្ជូន​ចេញ​ពី​អ៊ីរ៉ង់ ទៅ​ឱ្យ​ក្រុម​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា។ ប៉ុន្តែ​អ៊ីរ៉ង់ បាន​បដិសេធ​ទាំង​ស្រុង​ ការ​ចោទ​ប្រកាន់របស់​អ៊ីស្រាអែល​នេះ។

សម្រាប់​អ៊ីស្រាអែល ប្រឈម​មុខ​នឹងស្ថានការណ៍​បែប​នេះ លោកស្រី​កាទ្រីន​ អាស្ហតុន គួរ​តែ​លើកពេល ឬ​ផ្អាក​ដំណើរ​ទស្សនកិច្ច នៅ​អ៊ីរ៉ង់ ទៅ​វិញ ព្រោះ​តេអេរ៉ង់ បាន​រំលោភ​ ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ហាម​ប្រាម​​តេអេរ៉ង់ មិនឱ្យ​បញ្ជូន​ចេញ ឬ​ប្រមូល​ចូល​សម្ភារៈ​បរិក្ខា​យោធាទេ។ ក្នុង​ជំនួប​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ លោក​នាយក​រដ្ឋអ៊ីស្រាអែល បាន​ថែម​ទាំ​ង​ប្រកាស​ថា នឹង​ស្នើ​សុំ​ឱ្យ​លោកស្រី​អាស្ហតុន ចោទ​សួរដោយ​ចំៗ​ទៅ​កាន់​អ៊ីរ៉ង់ស្តី​ពី​ការ​បញ្ជូន​មីស្ស៊ីល​​ទៅ​ឱ្យ​ក្រុម​ភេរវនិយម​នេះ ហើយ​បើ​លោកស្រី​មិន​សួរ​ អ៊ីស្រាអែល​ចង់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មិន​សួរ ! អ្នក​វិភាគ​អ៊ីស្រាអែល​មួយ​ចំនួន បាន​មើល​ឃើញ​លេស​មួយ​នេះ ថាអាច​គ្រប់គ្រាន់​សម្រាប់​សហគមន៍​អន្តរជាតិ​បន្តឹង​គំនាប​លើ​ក្រុង​តេអេរ៉ង់។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ ដែល​តែង​ដាក់​សម្ពាធ​លើ​សហគមន៍​អន្តរជាតិ ឱ្យ​រក្សា​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​ និង​​​កម្មវិធី​នុយក្លេអ៊ែរ លើ​អ៊ីរ៉ង់។
 

ប៉ុន្តែ​ក្នុង​ខណៈ​ដែល​យោធា​អ៊ីស្រាអែល​កំពុង​បន្ត​ឆែក​ឆេរ​នាវា​​មាន​ផ្ទុក​មីស្ស៊ីល និង​មិន​សប្បាយ​ចិត្ត​នេះ លោកស្រី​ប្រមុខ​​ការទូត បាន​បន្ត​ដំណើរ​ទស្សនកិច្ច តាម​គម្រោង​ ដែល​ឧទ្ទិស​យ៉ាង​ខ្លាំង​ដល់​កិច្ច​ចរចា​​​នុយក្លេអ៊ែរ​ផង និង​ដែល​បំប៉ន​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​អឺរ៉ុប និង​អ៊ីរ៉ង់ ឱ្យ​មាន​មុខ​មាត់​ថ្មី។ ភ្ជាប់​ទំនាក់ទំនង​ថ្មី​ជាមួយ​សហភាព​អឺរ៉ុប មាន​ជា​អាទិ៍​​ចំនង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ថាមពល​ និង​ពាណិជ្ជកម្ម​។ អឺរ៉ុប​និង​អ៊ីរ៉ង់ អាច​នឹង​​បើក​កិច្ច​សហប្រតិបត្តិការ ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ព្រមទាំង​អំពើ​ជួញ​ដូរ​គ្រឿង​ញៀន មកពី​អាហ្វហ្កានិស្ថាន​ អ៊ីរ៉ាក់ ឬ​ស៊ីរី។ ព្រោះ​សូម​ចង​ចាំ​ថា អ៊ីរ៉ង់ គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​កម្រ​មួយ​របស់​លោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ អាល់អាសាទ។

ក្នុង​ឱកាស​ដែល​អ៊ីរ៉ង់​មាន​រដ្ឋាភិបាល​មិន​ជ្រុល​និយម កិច្ចព្រមព្រៀង​បឋម​ក៏​កំពុង​មាន​សុពលភាព វត្តមាន​របស់​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប ​​នៅ​តេអេរ៉ង់​ ជា​ការ​បង្ហាញ​ចេតនា​របស់​សហភាព​អឺរ៉ុប​ដែល​ចង់​មាន​ទំនាក់ទំនង​ល្អ​ និងមាន​​ប្រសិទ្ធិភាពជាមួយ​អ៊ីរ៉ង់​ ទន្ទឹមនឹង​ការ​ចរចា​នុយក្លេអ៊ែរ ដែលជា​ឱកាស​ល្អ​​មិន​គួរ​រំលង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI