ហ្សកដានី

ហ្សកដានី​ផុងខ្លួន​ក្នុង​សង្រ្គាម​ប្រឆំាង​ក្រុមជីហាត​នៅ​ស៊ីរី

ឪពុក​របស់​អ្នកបើក​យន្តហោះ​ចម្បាំង​ហ្សកដានី ដែល​ត្រុវ​ពួក​ជីហាត​ដុតសម្លាប់​ទាំងរស់
ឪពុក​របស់​អ្នកបើក​យន្តហោះ​ចម្បាំង​ហ្សកដានី ដែល​ត្រុវ​ពួក​ជីហាត​ដុតសម្លាប់​ទាំងរស់ REUTERS/Muhammad Hamed

កំហឹង ប្រឆាំង​នឹង​ក្រុមជីហាត នៅ​តែ​ពុះកញ្ច្រោល​នៅ​ហ្សកដានី ក្រោយ​ដំណឹង ប្រហារ​ជីហាត Pilote ហ្សកដានី ដោយ​ក្រុមជីហាត។ កាលពី​ល្ងាច​ថ្ងៃ​ពុធ ព្រះមហាក្សត្រ អាប់ដាឡា​ទីពីរ របស់​ហ្សកដានី ប្រកាស​សងសឹក ​ចាត់​វិធានការ​ចាស់​ដៃ​តប​វិញ នឹង​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​បាន​ដុត​សម្លាប់​អ្នកបើកបរ​យន្តហោះ​ចម្បាំង ជាតិ​ហ្សកដានី។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល នៅក្រោយ​កិច្ចប្រជុំ​មន្រ្តីយោធា​ជាន់ខ្ពស់ ដែល​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ​ហ្សកដានី។ 

ផ្សាយពាណិជ្ជកម្ម

ការដុតសម្លាប់​អ្នកបើក​យន្តហោះ ហ្សកដានី ដោយ​ពួកជីហាត​បាន​ធ្វើ​ឲ្យ​ហ្សកដានី​លែង​អាច​ដើរ​ថយក្រោយ នៅក្នុង​សង្រ្គាម​ប្រឆាំង​នឹង​ក្រុមជីហាត។ អ្នកបើកបរ​យន្តហោះ ហ្សកដានី ដែល​ត្រូវ​ពួក​ជីហាត ចាប់​ជាចំណាប់ខ្មាំង និង​ត្រូវ​ដុតសម្លាប់​ទាំងរស់ បាន​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស របស់​សម្ព័ន្ធ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​អាមេរិក ប្រឆាំង​នឹង​ក្រុមជីហាត។ ប្រជាជន​ហ្សកដានី​មួយ​ចំនួន​កំពុង​ បន្ទោស​រដ្ឋាភិបាល​ថា កំពុង​ធ្វើ​សង្រ្គាម​មួយ​ដែល​មិនមែន​ជា​របស់​សង្រ្គាម​របស់​ប្រជាជន​ហ្សកដានី។

ទោះបី​ជា​ហ្សកដានី មិន​ទទួល​រង​ប៉ះពាល់​ដោយ​ផ្ទាល់ ដោយ​សង្រ្គាម​របស់​ពួកជីហាត នៅស៊ីរី ប៉ុន្តែ គេ​អាច​យល់​បាន​ពី​ហេតុផល​ច្រើនយ៉ាង ដែល​ធ្វើ​ឲ្យ​ហ្សកដានី​ត្រូវ​តែ​ចូលរួម នៅក្នុង​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ក្រុមជីហាត។

ទីមួយ ហ្សកដានី ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ទាំង​ស៊ីរី និង​អ៊ីរ៉ាក់ កំពុង​មើលឃើញ ការគំរាមកំហែង មិនយូរ មិនឆាប់ របស់ក្រុមជីហាត ទៅលើ​សន្តិសុខ​របស់ខ្លួន ព្រោះថា ក្រុមជីហាត កំពុង​រីក​ឥទ្ធិពល​ខ្លាំង​នៅ​ស៊ីរី។ ទីពីរ ហ្សកដានី ដែល​ទទួល​ជនភៀសខ្លួន ស៊ីរី ដែល​តំណាង​ឲ្យ​២០ភាគរយ​នៃ​ប្រជាជន​របស់ខ្លួន ចង់​ចូលរួម​ប្រយុទ្ធប្រឆំាង​នឹង​ក្រុមជីហាត ដើម្បី​ធ្វើយ៉ាងម៉េច អាច​ឲ្យ​ប្រជាជន​ភៀសខ្លួន​ស៊ីរី​អាច​ត្រលប់​ទៅ​ទឹកដី​កំណើត​របស់ខ្លួន​វិញ។

ហេតុផល​ទីបី ​ហេតុផល​ចាំបាច់ដែល​គេ​មើលឃើញថា ហ្សកដានី​ត្រូវ​តែ​ចូលរួម​ប្រយុទ្ធ​ដាច់ខាត ជាមួយ​នឹង​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក នោះ​ក៏ព្រោះ​ថា ហ្សកដានី ជា​សម្ព័ន្ធមិត្ត សំខាន់​មួយ​របស់​អាមេរិក​ដែល​ជាអ្នកនាំ​មុខ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ក្រុមជីហាត នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់។ ហ្សកដានី​មិនត្រឹម​ផ្តល់​ទឹកដី​សម្រាប់​មូលដ្ឋាន​ទ័ព​អាមេរិក នៅ​ដើមបូព៌ា ប៉ុន្តែ បាន​សម្រេច​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​ទៀត។

នៅក្នុង​ជំនួប កាលពីថ្ងៃ​អង្គារ ជាមួយ​លោកប្រធានាធិបតី​អាមេរិក ព្រះមហាក្សត្រ​ហ្សកដានី អាប់ដាឡា ទីពីរ ទើប​បាន​ទទួល​ការសន្យា​ពី​លោក​អូបាម៉ា ដែល​ថា នឹង​បង្កើន​ទឹកប្រាក់​ជំនួយ ឲ្យ​ដល់​មួយពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ចាប់តាំងពី​ឆ្នាំ នេះ​ដល់​ឆ្នាំ ២០១៧។ ព្រះមហាក្សត្រ​អាប់ដាឡា ទីពីរ​បាន​ថ្លែង​អំណរគុណ​មិនឈប់​ពី ទឹកប្រាក់​ជំនួយ​របស់​អាមេរិក ដែល​មិនត្រឹម​តែ​ជួយ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន ស៊ីរី ប៉ុន្តែ នឹង​ជួយ​សេដ្ឋកិច្ច​ហ្សកដានី ដែល​មួយផ្នែក កំពុង​ពឹងអាស្រ័យ​សំខាន់​លើ​ជំនួយ​របស់​អាមេរិក។

នៅក្នុង​ពេល​ជួប​ជាមួយ​លោកអូបាម៉ា ព្រះមហាក្សត្រ​អាប់ដាឡា ទីពី​បាន​ប្រកាស​ថា ការប្រហារជីវិត​អ្នកបើកយន្តហោះ ចម្បាំង​ហ្សកដានី រឹត​តែ​ធ្វើ​ឲ្យ​ហ្សដានី​ប្តេជ្ញា​ចិត្ត​កាន់តែ​ខ្លាំង​ដើម្បី​ប្រយុទ្ធ​នឹងក្រុមជីហាត។ ហ្សកដានី​បាន​សងសឹក​នឹង​ក្រុមជីហាត​ភ្លាមៗ ដោយ​បាន​ព្យួរ​ក ស្រ្តីជីហាត​អ៊ីរ៉ាក់​ម្នាក់ នៅថ្ងៃ​ដែល​រូបភាព​បង្ហាញ​អ្នកបើកយន្តហោះ​ហ្សកដានី ត្រូវ​ពួកជីហាត​ដុត​សម្លាប់។ ជារួម អាជ្ញាធរ​ហ្សកដានី​បាន​ប្រហារ​ជីវិត​ភេរវជន​ពីរនាក់ ដែល​មានម្នាក់ ជា​មេអាល់កៃដា ប្រចាំ​នៅ អ៊ីរ៉ាក់ ផងដែរ។ បន្ទាប់ពីនេះ ហ្សកដានី​បាន​សន្យា​ធ្វើ​សង្រ្គាម​យោធា សង្រ្គាម​ព័ត៌មាន និង​សង្រ្គាម​មនោគមវិជ្ជា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។ តាម​ប្រធាន​សភា​ហ្សកដានី ដែល​វិទ្យុបារាំង​RFIបាន​ជួប​សម្ភាសន៍​កាលពីថ្ងៃ​ម្សិលមិញ ប្រជាជន​ហ្សកដានី​ដែល​ចង់​សងសឹក​ឲ្យអ្នកបើក​យន្តហោះ​Maaz Al Kassaheb​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ និង​លួច​យក​ព័ត៌មាន​ទាំងឡាយ​ណា ​ដើម្បី ឈាន​ទៅដល់​ការសម្លាប់​បំបាត់​ក្រុម​ជីហាត​ទាំងស្រុង។

ហ្សកដានី៖ ពួកជីហាត សាហាវ និង​ប្តេជ្ញាចិត្ត​ខ្ពស់​ដើម្បី​សម្លាប់​ចំណាប់ខ្មាំង
រដ្ឋាភិបាល​ហ្សកដានី​បាន​ធ្លាប់​ព្យាយាម​គ្រប់មធ្យោបាយ ដើម្បី​បាន​ការដោះលែង អ្នកបើកយន្តហោះ​ចម្បាំង​របស់ខ្លួន។ តាម​មន្រ្តីជាន់ខ្ពស់​ហ្សកដានី តាំងពី​ខែ​ធ្នូ យោធា​បាន​ចរចា ជាច្រើនដង តាមរយៈ អន្តរការី ភាគី​ទីបី ដើម្បី​​ឲ្យ​ក្រុមជីហាត​ដោះលែង​ចំណាប់ខ្មាំង​របស់​ខ្លួន។ ហ្សកដានី​បាន​សុខចិត្ត​យល់ព្រម​ដោះលែង ស្រ្តីជីហាត ភេរវជន​ទៅតាម​ការទាមទារ​របស់​ពួកជីហាត ប៉ុន្តែ ហ្សកដានី​ទាមទារ​ឲ្យ​ពួកជីហាត​បង្ហាញ​ភស្តុតាង ដែល​ថា អ្នកបើកយន្តហោះ​របស់ខ្លួន នៅ​មាន​ជីវិត​នៅឡើយ។

តាម​មន្រ្តីស៊ើបការណ៍​សម្ងាត់​របស់​ហ្សកដានី គេ​គ្មាន​សង្ឃឹមថា អ្នកបើកយន្តហោះ​ហ្សកដានីនៅ​មាន​ជីវិត​ទេ ព្រោះថា ពួកជីហាត​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ថា នឹង​សម្លាប់​ចំណាប់ខ្មាំង។ តាម​កាសែត​ក្នុងស្រុក​ហ្សកដានី អ្នកបើកយន្តហោះ​ចម្បាំង​ហ្សកដានី ត្រូវ​ពួក ជីហាត សម្លាប់​តាំង​ពីដើម​ខែ​មករា​ម្ល៉េះ ប៉ុន្តែ ពួកជីហាត​នៅ​បន្ត​ធ្វើ​ចរចា ដើម្បី បាន​ការដោះលែង​អ្នកទោស​ជីហាត​អ៊ីរ៉ាក់ ដែល​កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​រដ្ឋាភិបាល​ហ្សកដានី។

អេមីរ៉ា អារ៉ាប់ រួម​បាន​ផ្អាក លែង​បញ្ជូន​យន្តហោះ​ចម្បាំង ទៅ​វាយប្រហារ​ក្រុមជីហាត នៅ​ប្រទេស​ស៊ីរី
ប្រទេស​អេមីរ៉ា អារ៉ាប់​រួម​បាន​ផ្អាក​ប្រតិបត្តិការ​យន្តហោះ​ចម្បាំង​របស់ខ្លួន នៅ​ស៊ីរី តាំង​ពី​ខែ​ធ្នូ​ម្ល៉េះ ពោល គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ដែល​អ្នកបើក​យន្តហោះ​ចម្បាំង​ហ្សកដានី ត្រូវ​ពួកជីហាត ស្ទាក់​បាញ់ និង​ចាប់ជាចំណាប់ខ្មាំង។ ប៉ុន្តែ ដំណឹង​នេះ​ទើប​តែ​បែក​ចេញ​ជា​សាធារណៈ នៅក្រោយ​ការចុះផ្សាយ​របស់​កាសែតThe New York Times ​នៅ​ដើម​សប្តាហ៍នេះ។

មន្រ្តីយោធា​ជាន់ខ្ពស់​អាមេរិក ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ព័ត៌មាននេះ និង​បាន​អះអាងថា អេមីរ៉ា អារ៉ាប់​រួម​នៅតែ​ជាដៃគូ​របស់​អាមេរិក​ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត។

សូមបញ្ជាក់ថា មាន​ប្រទេស​ចំនួន​៤ (អេមីរ៉ា អារ៉ាប់រួម ហ្សកដានី ប៉ារ៉ែន និង​អារ៉ាប៊ី សាអូឌីត) ដែល​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមជីហាត នៅក្នុង​ទឹកដី​ស៊ីរី។ តាម​កាសែត The New York Times អេមីរ៉ា អារ៉ាប់​រួម​បាន​ទាមទារ​ឲ្យ​អាមេរិក​ចូលរួម​បន្ថែម ដើម្បី​រក្សា​ធានា​សន្តិសុខ​ឲ្យ​អ្នកបើកយន្តហោះ​ចម្បាំង​របស់ខ្លួន។ ជាក់ស្តែង អេមីរ៉ា អារ៉ាប់រួម ទាមទារ​ឲ្យ​អាមេរិក​បញ្ជូន​យន្តហោះ 22​Osprey ដែល​ហោះលឿន​ដូចយន្តហោះ​ចម្បាំង និង​អាច​ចុះចត​ដូច​ឧទ្ធម្ភាគចក្រ សម្រាប់​ជួយ​ជួយសង្រ្គាះ រំដោះ​ទាហាន ពី​មូលដ្ឋាន​ទ័ព​នៅ​ប្រទេស​កូវ៉ែត ឲ្យ​ទៅ​ប្រចាំការ​នៅ​ភាគខាងជើង​អ៊ីរ៉ាក់ ពោល​គឺ​នៅ​ឲ្យ​ជិត​នឹង​កន្លែង​ដែល​យន្តហោះ​ចម្បាំង​សម្ព័ន្ធ​អន្តរជាតិ​កំពុង​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​លើ​ពួកជីហាត​វិញ។ សេតវិមាន​នៅ​មិនទាន់​បាន​ឆ្លើយតប​យ៉ាងណា ចំពោះ ការទាមទារ​របស់​អេមីរ៉ា អារ៉ាប់ រួម ចំណែក អាជ្ញាធរ​អេមីរ៉ា អារ៉ាប់ រួម​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាននេះ​ដល់​អ្នកកាសែត ដោយ​ហេតុផល ថា ជា​ការសន្ទនា​ឯកជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI