អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​ឥណ្ឌា​ក្លាយជា​ប្រទេស​នាំចូល​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​លើ​ពិភពលោក

របាយការណ៍​របស់ IHS Janes បង្ហាញ​ថា តម្រូវការ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ទើប​នឹង​រីកលូតលាស់​ថ្មី​កំពុង​មាន​កំណើន​ខ្លាំង​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន
របាយការណ៍​របស់ IHS Janes បង្ហាញ​ថា តម្រូវការ​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ទើប​នឹង​រីកលូតលាស់​ថ្មី​កំពុង​មាន​កំណើន​ខ្លាំង​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន REUTERS/Tami Chappell

នៅ​ឆ្នាំ​២០១៤ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រជែង​យក​ឈ្នះ​ឥណ្ឌា ដោយ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​នាំ​ចូល​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​​ខាង​ទីផ្សារ​សព្វាវុធ ដែល​មាន​ទីស្នាក់ការ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។ នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​ជំនាញ​ក៏​បាន​ធ្វើការ​កត់សម្គាល់​ផងដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ ទីផ្សារ​សព្វាវុធ​ពិភពលោក​បាន​កើនឡើង​ដល់​កម្រិត​មួយ​ដ៏ខ្ពស់​បំផុត​មិន​ធ្លាប់មាន​កន្លងមក។

ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នក​ជំនាញ​របស់​វិទ្យាស្ថាន​ IHS Janes ការជួញដូរ​គ្រឿងសព្វាវុធ​នៅ​ទូទាំង​ពិភពលោក​បាន​កើនឡើង​ជាប់​ជា​ប្រចាំ នៅ​ក្នុង​រយៈពេល​ ៦ឆ្នាំ​កន្លងទៅនេះ ដោយ​នៅ​ឆ្នាំ​២០១៤ ទីផ្សារ​គ្រឿងសព្វាវុធ​បាន​កើនឡើង​រហូតដល់​ទៅ​ជាង ៦៤ពាន់លាន​ដុល្លារ ពោលគឺកើនឡើង​ជាង ១៣% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៣។ ការជួញដូរ​គ្រឿងសព្វាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​នេះ គឺ​ដោយសារ​តែ​មាន​​កំណើន​នៃ​តម្រូវការ​យន្តហោះ​ចម្បាំង​ដ៏​ច្រើន​មិន​ធ្លាប់មាន​របស់​​បណ្តា​ប្រទេស​ដែល​ទើប​នឹង​រីកលូតលាស់​ថ្មីៗ និង​ម្យ៉ាងទៀត ដោយសារ​តែ​ភាពតានតឹង​​​ដែល​កើនឡើង​ខ្លាំង នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

របាយការណ៍​របស់​វិទ្យាស្ថាន IHS Janes ដែល​ធ្វើការ​សិក្សា​ទៅលើ​ប្រទេស​ចំនួន ៦៥ បាន​បង្ហាញ​ឲ្យឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ឥណ្ឌា​លែង​ជា​ប្រទេស​នាំចូល​គ្រឿងសព្វាវុធ​លំដាប់ទី១​ដូច​កាល​ពី​ពេលមុន​ទៀត​ហើយ ដោយ​តំណែង​នេះ​ត្រូវ​បាន​ទៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ដែល​គ្រាន់តែ​នៅ​ក្នុង​ឆ្នាំ​២០១៤ បាន​ទិញ​គ្រឿង​សព្វាវុធ​ពី​បរទេស​ក្នុង​ទំហំទឹកប្រាក់​រហូតដល់​ទៅ ៦ពាន់ ៤រយ​លាន​ដុល្លារ​អាមេរិក ហើយទំហំ​នៃ​ការ​នាំចូល​គ្រឿង​សព្វាវុធ​របស់​អារ៉ាប៊ីសាអ៊ូឌីត​អាច​នឹង​កើនឡើង​រហូតដល់​ទៅ​ជិត ១០ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។

បើ​និយាយ​ពី​ប្រទេស​អ្នក​លក់​អាវុធ​វិញ គេឃើញ​ថា សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​ដែល​នាំ​ចេញ​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​បង្អស់​។ ចំណែក​ឯ​រុស្ស៊ី​ស្ថិត​នៅ​លំដាប់ទី២ និង​បារាំង​នៅលេខ៣ បន្ត​កន្ទុយ​ពី​ក្រោយ​ដោយ​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អ៊ីស្រាអែល និង​ចិន។

ក្រុម​អ្នក​ជំនាញ​បាន​ធ្វើការ​ព្យាករ​ថា ការនាំចេញ​គ្រឿងសព្វាវុធ​របស់​រុស្ស៊ី​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ម្យ៉ាង​ដោយសារតែ​មាន​ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច នៅ​ក្នុង​វិបត្តិ​អ៊ុយក្រែន និង​ម្យ៉ាងទៀត ដោយសារ​តែ​​តម្លៃ​ប្រេងឆៅ​ធ្លាក់ចុះខ្លាំង ដែល​បណ្តាល​ឲ្យ​​ប្រទេស​មួយ​ចំនួន ដែល​សុទ្ធសឹង​ជា​អតិថិជន​សំខាន់ៗ​របស់​រុស្ស៊ី រួមមាន​ដូចជា អ៊ីរ៉ង់ និង​វេណេស៊ុយអេឡា ជាដើម ត្រូវ​បាត់បង់​ប្រាក់​ចំណូល ហើយ​អាច​នឹង​ត្រូវ​កាត់បន្ថយ​ការ​ទិញ​គ្រឿងសព្វាវុធ​ពី​រុស្ស៊ី។

ចំពោះ​ករណី​ចិន​វិញ គេ​សង្កេតឃើញ​ថា ថ្វីដ្បិត​តែ​ចិន​ជា​ប្រទេស​នាំចេញ​គ្រឿង​សព្វាវុធ​លំដាប់​ទី​៨ ក៏ប៉ុន្តែ ចិន​ក៏​ជា​ប្រទេស​នាំចូល​គ្រឿងសព្វាវុធ​ដ៏​ធំមួយ​ដែរ ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​អារ៉ាប៊ី​សាអ៊ូឌីត និង​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI