អ៊ីស្រាអែល

ដើម្បី​សន្លឹក​ឆ្នោត នាយក​រដ្ឋមន្ត្រី​ផុត​អាណត្តិ​អ៊ីស្រាអែល​សន្យា​សង់​លំនៅដ្ឋាន​បន្ថែមនៅ​ហ្ស៊េរុយសាឡិម

លោក Benyamin Netanyahu នៅ​ក្នុង​មិទ្ទិញ​ឃោសនា ថ្ងៃ​​ចុងក្រោយ​
លោក Benyamin Netanyahu នៅ​ក្នុង​មិទ្ទិញ​ឃោសនា ថ្ងៃ​​ចុងក្រោយ​ REUTERS/Baz Ratner

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ​ បាន​ប្រកាស​សន្យា នៅ​ថ្ងៃ​ចន្ទ​ ទី​១៦​មីនា ថ្ងៃ​ឃោសនា​ចុងក្រោយ​​​ ​ថា​នឹង​បន្ត​សាង​សង់​លំនៅដ្ឋាន​ឱ្យបាន​​កាន់​តែ​ច្រើន​ នៅ​ក្រុង​ហ្ស៊េរ៉ុយសាឡិម​ ប្រសិន​បើ​គណបក្ស​របស់​លោក​ជាប់​ឆ្នោត ហើយ​ក៏​គ្មាន​ដែរ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ប្រសិន​បើ​លោក​ជា​នាយក​រដ្ឋមន្ត្រី។ ការ​បោះឆ្នោត​សភា ត្រូវ​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អង្គារ​ទី ១៧​មីនា​ ២០១៥​នេះ។ តែ​ការ​ស្ទង់​មតិ​បាន​បង្ហាញ​គណបក្ស​កាន់​អំណាច​របស់​លោក នេតាន់យ៉ាហ៊ូ ចាញ់​ប្រៀប​គណបក្ស​ប្រឆាំង។

ផ្សាយពាណិជ្ជកម្ម

បន្ត​សង់​លំនៅដ្ឋាន​នៅហ្ស៊េរុយសាឡិម​ ឱ្យ​បាន​កាន់​តែ​ច្រើន​ បើ​ជាប់​ឆ្នោត ! នេះ​ជា​ពាក្យ​សន្យា​ នៅ​នាទី​ចុង​ក្រោយ​ របស់​​​នាយក​រដ្ឋមន្ត្រីផុត​អាណត្តិ​​អ៊ីស្រាអែល​ លោក នេតាន់យ៉ាហ៊ូ ក្រោម​ហេតុ​ផល​ថា អាណានិគមកិច្ច​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាង​កើត គឺ​ជា​មធ្យោបាយ​តែមួយ​គត់​សម្រាប់​ទប់​ស្កាត់​កុំ​ឱ្យ​ក្រុង​នេះ​ត្រូវពុះ​ច្រៀក និង​កុំ​ឱ្យ​ប៉ាឡេស្ទីន​ដណ្តើម​យក​ទៅធ្វើ​ជា​រដ្ឋធានី​​បាន។

ដឹង​ខ្លួន​ថា​កំពុង​ចាញ់​ប្រៀប​បក្ស​ប្រឆាំង លោក​នាយក​រដ្ឋមន្ត្រី​​ ​បាន​​ប្រើ​គ្រប់​មធ្យោបាយ​​ដើម្បី​ប្រមូល​សំឡេង ! លោក​បាន​ចោទ​ប្រកាន់​គូ​ប្រជែង​ ថា​ចង់​បំបែក​ក្រុងហ្ស៊េរុយសាឡិម (ការ​បំបែក​ដែល​មាន​ន័យ​ស្មើ​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​អ៊ីស្រាអែល) និង​ បាន​​បញ្ជាក់​​ថា ប៉ាឡេស្ទីន​គ្មាន​ថ្ងៃ​បង្កើត​ជា​រដ្ឋ​ឯករាជ្យ​មួយ​បាន​ឡើយ ដរាប​ណា​មាន​លោក​​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល។

 
តាំង​ខ្លួន​ជា​មនុស្ស​តែ​ម្នាក់​ដែល​មាន​សមត្ថភាព​ដឹកនាំ​នយោបាយ​ការពារ​សន្តិសុខ​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​បាន​​ប្រកាស​រៀបចំ​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​សង្ឃឹម​ថានឹង​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​​​​បួន​អាណត្តិ​ជាប់​គ្នា។ លោក​បាន​ដឹកនាំ​ឃោស​នា​​ដោយ​ឈរ​ជា​ប្រធានបទ​​សន្តិសុខ​ ៖ ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​ពី​សំណាក់​អ៊ីរ៉ង់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អ៊ីស្លាម​ជ្រុល​និយម​​នៅ​តំបន់​ហ្កាហ្សា។

ប៉ុន្តែ​ផ្ទុយ​ពីការ​គិត បញ្ហា​សន្តិសុខ​​អ៊ីស្រាអែល​មិន​មែន​មិន​សំខាន់​ឡើយ​តែ បញ្ហា​សេដ្ឋកិច្ច​ និង​សង្គម​ គឺ​ជា​កង្វល់​ធំ​ជាង។ ​ មតិ​សាធារណៈ​ហាក់​កំពុង​ងាក​ចាប់​អារម្មណ៍​គិតគូរ​ខ្លាំង​លើ​ប្រធានបទ​សេដ្ឋកិច្ច​និង​សង្គមវិញ។​ នៅក្នុង​ការ​ស្ទង់​មតិ​ចុង​ក្រោយ​ គណបក្ស​​ស្តាំ​អភិរក្ស​និយម លីគួដ ​​របស់​​​លោក នេតាន់យ៉ាហ៊ូ ត្រូវ​ដឹក​មុខ​ដោយ​គណបក្ស​ឆ្វេង​កណ្តាល​និយម​ union Sioniste ដល់​ទៅ​បួន​កៅអី។ សករាជ​របស់​នេតាន់យ៉ាហ៊ូ អាច​នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​អង្គារ​នេះតែ​ម្តង​ក៏​ថា​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI