តួកគី-អ៊ីរ៉ង់

ប្រធានាធិបតី​តួកគី​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ដើម្បី​​បន្ថយ​ភាព​តាន​តឹង និង​ពង្រឹង​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rohani ធ្វើ​គារវកិច្ច​ទទួល​សមភាគី​តួកគី​លោក Recep Tayyip Erdoganនា​ឱកាស​ទស្សនកិច្ច​ផ្លូវ​ការ​ថ្ងៃ​ទី ៧ មេសា ២០១៥
ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rohani ធ្វើ​គារវកិច្ច​ទទួល​សមភាគី​តួកគី​លោក Recep Tayyip Erdoganនា​ឱកាស​ទស្សនកិច្ច​ផ្លូវ​ការ​ថ្ងៃ​ទី ៧ មេសា ២០១៥ AFP/Atta Keanre

លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី បាន​អញ្ជើញទៅ​ដល់​ក្រុង​ តេហេរ៉ង់ និង​ទទួល​ស្វាគមន៍​ដោយ​សមភាគី​អ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី សម្រាប់​ទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​មួយ​ថ្ងៃ។ ជា​ដំណើរ​ទស្សនកិច្ច ដែល​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ដ្បិត​ប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ​នេះ ទើប​តែ​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​នយោបាយ ក្នុង​តំបន់។ ក្រៅ​អំពី​បញ្ហា​នយោបាយ​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន​ទំនង​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ​នា​ឱកាស​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​តួកគី បាន​រិះគន់​ខ្លាំង​ណាស់​​អ៊ីរ៉ង់​ដែល​គាំទ្រ​ពួក​ឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន និង​បាន​បរិហារ​អ៊ីរ៉ង់​ថា​មាន​មហិច្ឆតា​ត្រួត​ត្រា​តំបន់។ នេះ​ជា​អ្វី​ដែល​លោក បាន​ប្រកាស​កាលពី​ខែ​មីនា ដោយ​ថែមទាំង​ទាមទារ​​ឱ្យ​តេហេរ៉ង់ ដក​ទ័ព​ចេញ​ពី​ប្រទេស​យេម៉ែន ស៊ីរី និង​អ៊ីរ៉ាក់ទៀត។ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ បាន​ឆ្លើយ​បក​យ៉ាង​សោះ​កក្រោះ​មក​វិញ​ ដោយ​ចោទ​ប្រកាន់​តួកគី​ថាបាន​ចិញ្ចឹម​ចិត្ត​ឱ្យ​មាន​អស្ថិរភាព​នៅ​តំបន់​ដើម​បូព៌ា។

 

អ៊ីរ៉ង់​ទទួល​ស្គាល់​ថា​បាន​ផ្តល់​ប្រឹក្សា​ដល់​យោធា​ស៊ីរី និង​អ៊ីរ៉ាក់ ប៉ុន្តែ​បដិសេធ​អំពី​វត្តមាន​យោធា​នៅ​យេម៉ែន។ ផ្ទុយ​ទៅ​វិញ​ តេហេរ៉ង់​ ចោទ​តួកគី​ថា​បាន​ជួយ​ពួក​ឧទ្ទាម​នៅ​ស៊ីរី និង​សម្រួល​ឱ្យ​មាន​ពួក​ជីហាត​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពួក​ភេរវនិយម​រណសិរ្ស​អាល់​ណូស្រា ស្និទ្ធ​នឹងអាល់កៃដា។ អ៊ីរ៉ង់​ថែម​ទាំង​បាន​ថ្កោល​ទោស​តួកគី​ដែល​បាន​ចូល​រួម​​ក្នុង​ប្រតិបត្តិការ​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត នៅ​យេម៉ែន … សូម​បញ្ជាក់ថាប្រទេស​ជិត​ខាង​គ្នា​ទាំង​ពីរ​នេះ បាន​ស្គាល់​ភាព​តាន​តឹង​នឹង​គ្នា​ខ្លាំង​ណាស់ ​ក្នុង​វិបត្តិ​យេម៉ែន​។ សូម្បី​តែ​ប៉ាគីស្ថាន ក៏​កំពុង​តាមដាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​តួកគី​​នៅ​អ៊ីរ៉ង់​នេះ​ខ្លាំង​ណាស់​ដែរ មុន​នឹង​សម្រេច​ចិត្ត​បញ្ជូន​ឬ​មិន​បញ្ជូន​ទ័ព​ ទៅ​ចូល​រួម​ជាមួយ​កង​កម្លាំង​សម្ព័ន្ធ​មិត្ត​

ប៉ុន្តែ​នៅ​ទី​បំផុត​​ នៅ​ថ្ងៃ​នេះ ប្រធានាធិបតី​តួកគី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់ ! ជំនួប​​មួយ​ទល់​មួយ បាន​ផ្តល់​ជា​ការ​ព្រមព្រៀង​ តួកគី​-អ៊ីរ៉ង់ ក្នុង​ការ​បញ្ឈប់​សង្គ្រាម​នៅ​យេម៉ែន​ និង​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​រួម​។

ការ​ខ្វែង​គំនិត​នយោបាយ​មាន​ច្រើន​មែន ប៉ុន្តែ​អ៊ីរ៉ង់​និង​តួកគី ចង់​ពង្រឹង​​ទំនាក់ទំនង​​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច នឹង​គ្នា បើ​ទោះ​បី​ជា​សម្រាប់​តួកគី​ចាញ់​ប្រៀប​អ៊ីរ៉ង់​បន្តិច​ក្តី (អ៊ីរ៉ង់​នាំ​ចេញ​១០​ពាន់​លាន តែនាំ​ចូល​ត្រឹម​៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ពី​តួកគី)។ កម្មវត្ថុ​ គឺ​បង្កើន​​ការ​ផ្តោះប្តូរ​ឱ្យ​បាន​ទ្វេ​ដង​ ដល់​៣០​ពាន់​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០១៥​នេះ។ អ៊ីរ៉ង់ ចង់​បង្កើន​ការ​លក់​ឧស្ម័ន​ និង​នាំចេញ​កាត់​ ទៅ​ឱ្យ​តួកគី និង​តាម​តួកគី​សំដៅ​អឺរ៉ុប​ នៅ​ពេល​ណា​ទណ្ឌកម្ម​អន្តរជាតិ​ត្រូវ​លើក​ចេញ​ពី​អ៊ីរ៉ង់​នៅ​ចុង​ខែ​មិថុនា ក្រោយការ​ប្រសូត​ជា​ស្ថាពរ​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI