UNESCOថ្កោលទោសអារ៉ាប៊ីសាអ៊ូឌីត ដែលទម្លាក់គ្រាប់បែកបំផ្លាញបិតិកភណ្ឌក្រុងសាណា
ការទម្លាក់គ្រាប់បែក ទៅលើប្រទេសយេម៉ែន ដោយក្រុមសម្ព័ន្ធមិត្តអ៊ីស្លាម ដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅមិនទាន់ចប់នៅឡើយទេ។ ក្រៅពីបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនពាន់នាក់ អារ៉ាប៊ីសាអ៊ូឌីតទើបបានធ្វើឲ្យមានការតវ៉ា ពីអង្គការយូនេស្កូ ដោយសារកាលពីថ្ងៃសុក្រទី ១២ មិថុនា កងទ័ពអាកាសអារ៉ាប៊ីសាអ៊ូឌីត បានទម្លាក់គ្រាប់មីស៊ីល លើក្រុងសាណា ក្នុងសង្កាត់មួយ ដែលត្រូវបានចាត់បញ្ចូលជាបិតិភណ្ឌពិភពលោក ព្រោះវាសំបូរសំណង់បូរាណ ដែលមានអាយុរាប់រយឆ្នាំមកហើយ។
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រទី ១២ មិថុនា វេលាទៀបភ្លឺ មានយន្តហោះកងទ័ពអាកាសរបស់ អារ៉ាប៊ីសាអ៊ូឌីត បានហោះមកទម្លាក់គ្រាប់មីស៊ីល មួយគ្រាប់ នៅពីលើក្រុងសាណា ក្នុងសង្កាត់ កាស៊ីមី(Qassimi) ដែល សំបូរដោយ សំណង់អាគារបូរាណ រាប់ពាន់ខ្នង ហើយដែលត្រូវបានអង្គការយូនេស្កូ ចាត់បញ្ចូលជាបិតិកភណ្ឌមនុស្សជាតិពិភពលោក។ ជាសំណាងល្អ គ្រាប់មីស៊ីលនេះ មិនបានផ្ទុះ។ ប៉ុន្តែទោះបីជាយ៉ាងណា គ្រាប់មីស៊ីលនេះ បានធ្វើឲ្យអាគារបូរាណមួយ បាក់រលំហើយបានបណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ក្នុងនោះមានមនុស្សស្រីម្នាក់ និងក្មេងម្នាក់ផងដែរ។
លោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយកអង្គការយូនេស្កូ ដែលមានទីទាំងនៅទីក្រុង ប៉ារីស បានចេញមុខថ្កោលទោសដោយចំហរ ចំពោះទង្វើខ្វះការទទួលខុសត្រូវរបស់អារ៉ាប៊ីសាអ៊ូឌីត ដែលជាអ្នកទំលាក់គ្រាប់បែក លើទីក្រុងសាណា។ ទីក្រុងសាណា រដ្ឋធានីប្រទេសយេម៉ែន គឺជាទីក្រុងបូរាណ ដែលមានប្រវត្តិនិងស្ថាបត្យកម្មតាមប្រពៃណីអ៊ីស្លាមបូរាណ មានចំណាស់ តាំងពី សតវត្សទី៧ ទី៨ម្លេះ។ នៅទីក្រុងនេះ មានវិហារម៉ូស្កេអ៊ីស្លាម ចំនួន១០៣កន្លែង និងផ្ទះបូរាណតាមបែបរចនាបថសាណា ចំនួនប្រមាណជា៦ពាន់ខ្នង ដែលសំណង់ទាំងអស់នេះ សុទ្ធតែត្រូវបានសាងសង់ តាំងពីមុនសតវត្សទី ៩ម្លេះ។ ការចាត់បញ្ចូលសំណង់ទាំងនេះ ជាបិតិកភណ្ឌពិភពលោក គឺមានន័យថា វាជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូល ហើយដែលគ្រប់គ្នាត្រូវតែថែររក្សា។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃ ទី ២៦ មីនាមក អារ៉ាប៊ីសាអ៊ូឌីត បានដឹកនាំកងកម្លាំង ដែលមានការចូលរួមពីប្រទេសអារ៉ាប់ស៊ូនីត ជាច្រើន ដើម្បីធ្វើការទម្លាក់គ្រាប់បែក កម្ទេចក្រុមឧទ្ទាមហ៊ូទីស នៅយេម៉ែន។ អង្គការសុខភាពពិភពលោក បានចេញរបាយការណ៍ ស្តីពីចំនួនអ្នកស្លាប់ នៅយេម៉ែន ដោយសារការទម្លាក់គ្រាប់បែករបស់ អារ៉ាប៊ីសាអ៊ូឌីត គឺមានចំនួនជាង ២៥០០នាក់។
យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងទេ ដែលអារ៉ាប៊ីសាអ៊ូឌីត ទម្លាក់គ្រាប់បែកលើតំបន់ដែលមានបិតិកភណ្ឌបូរាណ នៅយេម៉ែន។ ជាក់ស្តែង កាលពីចុងខែឧសភា ទំនប់បូរាណ ម៉ារីព ត្រូវបានបំផ្លាញ ដែលធ្វើឲ្យខូចខាតដល់សិលាចរិក ដែលមានសេសសល់តាំងពីជំនាន់អាណាចក្រសាបា។ ហើយមុននេះ ប៉ុន្មានថ្ងៃ សារមន្ទីរឋាម៉ារ (Dhamar) ដែលសំបូរទៅដោយវត្ថុបូរាណ ត្រូវបានបំផ្លាញចោលទាំងស្រុង។ អង្គការ យូនេស្កូ បានអំពាវនាវថា អារ៉ាប៊ីសាអ៊ូឌីតត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែក បំផ្លាញសំណង់បូរាណទាំងនេះ។ ដោយឡែក ក្រុមភាគីដែលមានជម្លោះនៅយេម៉ែន ដោយមានការជ្រោមជ្រែង ពីអង្គការសហប្រជាជាតិ នឹងជួបពិភាក្សាគ្នា នៅថ្ងៃអាទិត្យនេះ នៅទីក្រុង ហ្សឺណែវ ដើម្បីរកច្រកចេញ និងបញ្ចប់សង្គ្រាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ