តួកគីរឹតបន្តឹងសន្តិសុខតាមព្រំដែន បន្ទាប់ពីរងភេរវកម្មបង្កឡើងដោយក្រុមជីហាដអ៊ីស្លាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វាជាភេរវកម្មដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០១៣ មក ដែលបានកើតឡើង នៅក្នុងក្រុង ស៊ូរូស កាលពីថ្ងៃអង្គារ ទី ២១កក្កដា នៅភាគខាងត្បូងតួកគី ដែលបានសម្លាប់មនុស្សអស់៣២នាក់ និងរបួសជាងមួយរយនាក់។ ដោយឡែក កាលពីថ្ងៃពុធម្សិលមិញ មានឃាតកម្មលើមន្ត្រីនគរបាលតួកគីពីរនាក់ ដែលជាស្នាដៃរបស់ក្រុមឧទ្ទាមគួដ ត្រូវបានធ្វើឡើង ដើម្បីដាក់់បន្ទុក លើរដ្ឋាភិបាលតួកគី ដែលក្រុមនេះ បានចោទថាបានព្រងើយកន្តើយ បើកដៃឲ្យក្រុមជីហាដ ចេញចូលធ្វើភេរវកម្ម នៅក្នុងដីតួកគី បានស្រេចតែនឹងចិត្ត។ រដ្ឋាភិបាលតួកគី បានប្រជុំបន្ទាន់ នឹងបានដាក់ចេញ នូវវិធានសន្តិសុខមួយចំនួន ដើម្បីគ្រប់គ្រងចរាចរណ៍ចេញចូល តាមព្រំដែនជាមួយស៊ីរី។
មួយថ្ងៃក្រោយភេរវកម្មដែលបានសម្លាប់ជីវិតមនុស្សចំនួន ៣២នាក់ កាលពីថ្ងៃពុធ ទី២២ កក្កដា មានអំពើឃាតកម្មពីរកើតឡើង ដោយមានអ្នកស្លាប់ពីរនាក់ ជាមន្ត្រីអាជ្ញាធរតួកគី នៅ ក្រុង ស៊ីឡង់ពីណារ តាមព្រំដែនស៊ិរី។ ឃាតកម្មនេះ ត្រូវបានក្រុមឧទ្ទាមគួដ ចេញមកមកទទួលខុសត្រូវ ដោយបានអះអាងថា ពួកគេធ្វើនេះ ដើម្បីជាការដាក់ទណ្ឌកម្ម ដល់អាជ្ញាធរ និងរដ្ឋាភិបាលតួកគី ដែលកន្លងមកបានចូលដៃជាមួយ ក្រុមជីហាដរដ្ឋអ៊ីស្លាម។
ដោយសារស្អប់ពួកគួដ តួកគីមិនខ្វល់ពីការកាប់សម្លាប់ របស់ក្រុមជីហាដអ៊ីស្លាម៖
បញ្ហារវាងក្រុមឧទ្ទាម គួដ និង រដ្ឋាភិបាលតួកគី គឺវាមានលក្ខណៈស្មុគស្មាញបន្តិច។ តួកគី មានព្រំដែនភាគខាងត្បូង យ៉ាងវែងអន្លាយ ជាប់ជាមួយនឹងស៊ីរី។ ចំណែកក្រុមជនជាតិគួដនេះ មាននៅភាគច្រើន នៅក្នុងទឹកដីតួកគី ក្នុងទឹកដីស៊ីរី នឹងក្នុងទឹកដីអ៊ីរ៉ាក់ផងដែរ។ ក្រុមគួដនេះ ជាក្រុមប្រឆាំងយ៉ាងសំខាន់ ក្នុងឆាកនយោបាយរបស់តួកគី។ ចំណែកក្រុមជនជាតិគួដ ដែលរស់នៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរី គឺត្រូវបានក្រុមជីហាដអ៊ីស្លាម ធ្វើបាបដុតផ្ទះសម្បែង និងកាប់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ក៏ដោយសារតែ ជនជាតិគួដ មានសាសនានិងប្រពៃណីទំនៀមទំលាប់ ខុសពីពួកអ៊ីស្លាមរបស់ក្រុមជីហាដ។
ត្រលប់ទៅសួរថា ហេតុអ្វីបានជាក្រុមឧទ្ទាមគួដនៅតួកគី ចោទថាតួកគី បានចូលដៃចូលជើងជាមួយក្រុមជីហាដ នេះក៏ដោយសារតែកន្លងមក រដ្ឋាភិបាលតួកគី មាននយោបាយមិនច្បាស់លាស់ទាល់តែសោះ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុមជីហាដ។ កន្លងមករដ្ឋាភិបាលតួកគី តែងតែអះអាងថាគេ មិនគាំទ្រក្រុមជីហាដរដ្ឋអ៊ីស្លាមទេ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាលតួកគី បានបដិសេធ មិនជួយសហការជាមួយកម្លាំងប្រយុទ្ធ របស់ជនជាតិគួដនៅស៊ីរី ដែលខិតខំតស៊ូវាយប្រយុទ្ធតទល់ ជាមួយក្រុមជីហាដ។ នេះក៏ដោយសារតែ តួកគីយល់ថា បើជួយជនជាតិគួដនៅស៊ីរី វាហាក់ដូចជាជួយសត្រូវដូច្នោះដែរ ព្រោះបើកាលណា ក្រុមគួដនៅស៊ីរី ឈ្នះ នោះក្រុមគួក ដែលជាបក្សប្រឆាំងនៅតួកគី ក៏មានកម្លាំងទៅតាមនោះដែរ។
ឈាមសងដោយឈាម៖
មួយវិញទៀត ភេរវកម្មកាលពីថ្ងៃអង្គារ គឺជាស្នាដៃរបស់ក្រុមជីហាដ ដែលបានធ្វើឡើង ដើម្បីសម្លាប់ ចលនាតស៊ូគួដ ដែលមានមូលដ្ឋាននៅតួកគី។ ក្រុមចលនាតស៊ូនេះ ធ្លាប់បានប្រកូកប្រកាសឲ្យយុវជនគួដ ចូលទៅជួបប្រយុទ្ធតទល់ជាមួយក្រុមជីហាដ នៅស៊ីរី និងនៅអ៊ីរ៉ាក់។ អញ្ចឹងហើយបានជា រដ្ឋាភិបាលតួកគី ឱបដៃឈរមើល ក្រុមជីហាដ សម្លាប់ និងធ្វើបាបក្រុមជនជាតិគួដ នៅស៊ីរី។ ត្រង់នេះហើយ បានជាក្រុមគួក នៅតួកគី ចោទរដ្ឋាភិបាល លោក អ៊ែក ដូហ្គាន់ ថាចូលដៃចូលជើង ជាមួយក្រុមជីហាដ ហើយបានធ្វើការសងសឹក ដោយបានសម្លាប់មន្ត្រីនគរបាលតួកគីពីរនាក់។
ក្រុមឧទ្ទាមគួក បានអះអាងថា នេះជាសារ ប្រាប់រដ្ឋាភិបាលតួកគីថា បើតួកគីនៅតែបន្តព្រងើយកន្តើយ បើកដៃឲ្យពួកជីហាដចូលមកសម្លាប់ ជនជាតិគួដទៀត នោះពួកគេនឹងធ្វើការសងសឹក ដោយសម្លាប់អាជ្ញាធរតួកគីណា ដែលឃុបឃិត ស៊ុមគ្រលំ ជាមួយពួកជីហាដអ៊ីស្លាម។
ទោះបីជាយ៉ាងណា អំពើឃាតកម្ម នៅតែជាអំពើឃាតកម្ម ទោះបីវាធ្វើឡើង ក្នុងហេតុផលអ្វីក៏ដោយ។ មនុស្សបីនាក់ ដែលជាសកម្មជន ជនជាតិគួក ត្រូវបានអាជ្ញាធរតួកគី ចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី ២៣ កក្កដា និងបានបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថាជាជនដៃដល់ នៃអំពើមនុស្សឃាត ទៅលើមន្ត្រីនគរបាល ទាំងពីររូប នៅក្រុងស៊ីឡង់ពីណារ។
តួកគីគួរយល់ពីតួនាទីខ្លួន ក្នុងការប្រយុទ្ធ ជាមួយក្រុមជីហាដ៖
ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាលតួកគី ត្រូវតែធ្វើការសម្រេចចិត្ត ព្រោះក្រុមជីហាដ ចាប់ផ្តើមធ្វើការវាយលុក មកដល់ក្នុងទឹកដីខ្លួន ហើយទោះចង់មិនចង់ បើតួកគី សម្រេចធ្វើការវាយបកលើក្រុមជីហាដ អ្នកដែលទទួលបានផលដោយប្រយោល គឺសត្រូវរបស់រដ្ឋាភិបាលតួកគីមួយទៀត គឺក្រុមជនជាតិគួដនេះឯង។
លោកបារ៉ាក់ អាបាម៉ា យល់យ៉ាងច្បាស់ថា ការវាយប្រយុទ្ធកម្ទេចក្រុមជីហាដ គឺត្រូវការតួកគីជាចាំបាច់។ បើយើងនិយាយពីកត្តាភូមិសាស្រ្ត តួកគីមានតួនាទី សំខាន់ណាស់ ព្រោះព្រំដែនភាគខាងជើង ស៊ីរី ទាំងស្រុង គឺជាប់ជាមួយនឹងតួកគី។ តាមបណ្តោយព្រំដែននេះហើយ ដែលជាច្រកចេញចូល របស់ក្រុមជីហាដ រាប់ពាន់នាក់ ដែលធ្វើដំណើរពីអឺរ៉ុប និងតំបន់ផ្សេងៗទៀត ដើម្បីចូលទៅបំរើឲ្យអង្គការរដ្ឋអ៊ីស្លាម។ ដូច្នេះ ការងារដ៏សំខាន់ គឺធ្វើយ៉ាងណា បិទព្រំដែននេះ ឲ្យបានជិត ដើម្បីកុំឲ្យក្រុមជីហាដ វាកើនចំនួនអ្នកប្រយុទ្ធ។
ការបង្កើតតំបន់ស ក្នុងដីស៊ីរី មិនអាចធ្វើទៅបាន៖
បន្ទាប់ពីភេរវកម្មកាលពីថ្ងៃអង្គារ រដ្ឋាភិបាលតួកគី បានធ្វើការប្រជុំវិសាមញ្ញ ដើម្បីធ្វើការពិចារណា ដាក់វិធានសន្តិសុខថ្មី ដើម្បីទប់ស្កាត់មិនឲ្យក្រុមជីហាដ អាចចេញចូល តាមព្រំដែនដោយងាយស្រួល។ វិធានទាំងនោះ មានដូចជា គម្រោងបង្កើត ជាតំបន់ស នៅក្នុងទឹកដីស៊ីរី ជាប់តាមបណ្តោយព្រំដែនជាមួយតួកគី។
គម្រោងបង្កើតជាតំបន់សនេះ ត្រូវបានស្នើសុំ ដោយរដ្ឋាភិបាលបារាំង ជាងពីរឆ្នាំមកហើយ ប៉ុន្តែគ្មាននរណាអើរពើរទេ។ ហើយសម្រេចសម្រួលទៅ រដ្ឋាភិបាលតួកគី បានសម្រេចនៅថ្ងៃនេះថា គម្រោងនេះ មិនអាចអនុវត្តបានទេ។ ការបង្កើតជាតំបន់ស គឺត្រូវការការផ្តល់ភ្លើងខៀវ ពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រោះវាអាចរំលោភអធិយតេ្យភាពរបស់ស៊ីរី។
បន្ថែមសមត្ថភាពបច្ចេកទេស ក្នុងការត្រួតពិនិត្យព្រំដែន ជាមួយស៊ីរី៖
បើយោងតាមសាររបស់ លោក នាយករដ្ឋមន្ត្រី តួកគី ដែលបានសរសេរនៅលើទំព័រ Twetter របស់គាត់ គឺថា រដ្ឋាភិបាលតួកគី នឹងមានគម្រោង រឹតបន្តឹងការយាមកាម តាមបណ្តោយព្រំដែន ជាមួយនឹងស៊ីរី។ ការរឹតបន្តឹងសន្តិសុខ មានជាអាទិ៍ តាមរយៈ ការធ្វើរបងបន្លាលួស ការជីករណ្តៅការពារ ព្រមទាំង ការដាក់បំពាក់កាមេរ៉ា សុវត្ថិភាព និងអំពូលភ្លើង បំភ្លឺ នៅតាមបណ្តោយព្រំដែន។
វិធានសន្តិសុខទាំងនេះ ត្រូវបានរដ្ឋាភិបាលតួកគី ចាត់ទុកថា ជាវិធានសន្តិសុខការពារអាយុជីវិតប្រជាជន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការ បន្ថែមបេសកកម្មយោធា នៅតាមបណ្តោយព្រំដែនដែរ។ វាគ្រាន់តែជាការបន្ថែម សមត្ថភាពបច្ចេកទេស ក្នុងការត្រួតពិនិត្យ និងយាមល្បាតតែប៉ុណ្ណោះ។ ក្រៅពីគម្រោងដាក់បន្ថែម សម្ភារៈ និងបច្ចេកទេស គ្រប់គ្រងព្រំដែនទាំងនេះ លោកនាយករដ្ឋមន្រ្តីតួកគី បានប្រកាសថា នឹងបង្កើតជាតំបន់សន្តិសុខពិសេស ពីរកន្លែង នៅតាមបណ្តោយព្រំដែនស៊ីរី។ តំបន់សន្តិសុខពិសេសទាំងពីរកន្លែងនេះ នឹងត្រូវបិទ មិនឲ្យមានចរាចរណ៍ចេញចូលទាំងសងខាងព្រំដែន ក្នុងរយៈពេល៥ថ្ងៃ។
តាមពិតទៅកិច្ចការទាំងអស់នេះ តួកគី គួរណា តែធ្វើយូរណាស់មកហើយ ព្រោះថា ដោយសារតែការធ្វេសប្រហេស នៅតាមព្រំដែន របស់តួកគីនេះហើយ ទើបពីរឆ្នាំកន្លងមកនេះ ក្រុមជីហាដ បានរបូតចូលទៅក្នុងទឹកដីស៊ីរី រាប់ពាន់នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ