អានតួអត្ថបទ

អង្គការ​រដ្ឋអ៊ីស្លាម​បង្កើន​ភេរវកម្មអត្តឃាត​នៅ​​អ៊ីរ៉ាក់​ និង​រំកិល​ខ្លួន​ដោយ​ស្ងាត់ៗ​ក្នុង​ទឹកដី​ស៊ីរី

ទាហាន​អង្គការ​រដ្ឋ​អ៊ីស្លាម លើកទង់ជាតិ​ពេល​វាយ​យក​បាន​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីរ៉ាក់-ស៊ីរីière irako-syrienne.
ទាហាន​អង្គការ​រដ្ឋ​អ៊ីស្លាម លើកទង់ជាតិ​ពេល​វាយ​យក​បាន​ភូមិ​នៅ​តាម​បណ្តោយ​ព្រំដែន​អ៊ីរ៉ាក់-ស៊ីរីière irako-syrienne. ALBARAKA NEWS / AFP
ដោយ៖ អៀង សុខម៉ិញ
1 នាទី

ឧត្តមសេនីយ៍​អ៊ីរ៉ាក់​ពីរនាក់ ត្រូវ​បាន​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត របស់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម ក្នុង​ខេត្ត​អាល់អាប៉ា ខេត្ត​ដែល​ជា​បណ្តុំ​ពួក​ជីហាត។ មិន​តែ​ប៉ុណ្ណោះ ពួក​អ៊ីស្លាម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម បាន​រំកិល​ដណ្តើម​ដី​បាន​កាន់​តែ​ច្រើនឡើងៗ នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

ម្នាក់​ជា​ឧត្តមសេនីយ៍ តំណាង​មេដឹកនាំ​ទីពីរ​នៃ​កង​បញ្ជាការ​យោធា​ភូមិភាគ​ខាង​លិច​អ៊ីរ៉ាក់ និងម្នាក់​ទៀត​ជា​ឧត្តមសេនីយ៍​ប្រចាំ​កង​ពល​តូច​ ពល​ទី​១០​ បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​រថយន្ត​ផ្ទុកពេញ​ទៅ​ដោយ​ជាតិ​ផ្ទុះ ​​ពី​សំណាក់​ភេរវជន​អត្តឃាត​ នៅ​ជាយ​ក្រុង​រ៉ាម៉ាឌី​របស់​អ៊ីរ៉ាក់។ បើ​តាមប្រភព​យោធា មាន​អត្តឃាត​ជន​ជា​ច្រើន​នាក់​បាន​ស្លាប់​ក្នុង​ភេរវកម្ម​នេះ។

 
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​ត្រួតត្រា​ក្រុង​រ៉ាម៉ាឌី​ និង​ខេត្ត​អាល់អានប៉ា បាន​អះអាង​ថា​ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​ទីស្នាក់ការ​កងទ័ព​អ៊ីរ៉ាក់ ជា​ស្នាដៃ​របស់​ក្រុម​អត្តឃាតជន​បួន​នាក់។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ាក់​បាន​បាត់​បង់ជីវិត​នោះ។ កាលពី​ឆ្នាំ​ទៅ ឧត្តមសេនីយ៍​ជាន់ខ្ពស់​ពីរ​នាក់ និង​អភិបាល​ខេត្ត​ អាល់អាន់បា បាន​រង​របួស​ និង​ខ្លះ​ទៀត​បាន​បាត់​ជីវិត​ កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៤ ក្នុង​ពេល​ដែល​ពួក​ជីហាត​វាយ​សម្រុក​ខ្លាំង​ដណ្តើម​គ្រប់គ្រង​ខេត្ត​នេះ។ ថ្វីបើ​មាន​ប្រតិបត្តិការ​ផ្លូវអាកាស​ វាយ​ប្រហារ​យ៉ាង​សន្ធាប់ តាម​បណ្តោយ​ព្រំដែន​អ៊ីរ៉ាក់​និង​ស៊ីរី ព្រមទាំង​មាន​​ការ​ពង្រាយ​បន្ថែម​ទ័ព បំពាក់​ដោយ​អាវុធ​ទំនើប​​បាន​មក​ពី​ក្រុម​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក ក៏​មិន​អាច​ដណ្តើម​យក​ក្រុង​រ៉ាម៉ាឌី ពី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​មក​វិញ​ដដែល។

ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​តែ​មាន​កម្លាំង រុល​ទៅ​មុខ​ជា​និច្ច។ ជាក់ស្តែង នៅ​ពេល​នេះ បើ​តាម​ក្រុម​អ្នក​សង្កេត​ការណ៍​ស៊ីរី មាន​ភូមិ​​៥ របស់​ពួក​ឧទ្ទាម​ស៊ីរី បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ។ ក្នុង​នោះ​មាន​ភូមិ​ពី​នៅ​ភាគ​ខាង​ជើង​បំផុត ជា​របស់​ខេត្ត​​​អាឡេប​ ជាប់​ព្រំប្រទល់​ប្រទេស​តួកគី។

​អង្គការ​រដ្ឋ​អ៊ីស្លាម ដែល​បាន​ស្វ័យ​ប្រកាស​ជា​រដ្ឋ​កាលីហ្វា បាន​រុល​ទៅ​មុខ​ខ្លាំង​ចំណេញ​ដី​កាន់​តែ​ច្រើន ក្នុង​ខណៈ​ដែល​តួកគី​ និង​សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ចេញ​សកម្មភាព​រួម​គ្នា​។ គិត​ចាប់​ពីវិបត្តិ​ស៊ីរី​បាន​ផ្ទុះ​ឡើង​នៅ​​ឆ្នាំ​២០១១​មក មនុស្ស​ជាង​២៤០០០០នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​​ និង​ជាង​បួន​លាន​នាក់​កំពុង​រត់​ភៀស​ខ្លួន ទៅ​លីបង់ តួកគី និង​កាន់​តែ​ច្រើន​ឡើងៗ​ប្រាថ្នា​រត់​ចូលទៅ​ជ្រកកោនអឺរ៉ុប៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ