ប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិAIEA ទៅដល់អ៊ីរ៉ង់
លោកប្រធានទីភ្នាក់ងារអន្តរជាតិ គ្រប់គ្រងថាមពលនុយក្លេអ៊ែរ បានអញ្ជើញទៅដល់ រដ្ឋធានីតេអេរ៉ង់ នៅថ្ងៃសៅរ៍ ទី១៩កញ្ញា ដើម្បីជួបប្រជុំ ជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ។ ការប្រជុំគ្នានេះ គឺស្ថិតនៅក្នុងក្របខណ្ឌ នៃការអនុវត្តន៍កិច្ចព្រមព្រៀង ស្តីពីកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីរ៉ង់ បានចុះហត្ថលេខាព្រមព្រៀងជាមួយប្រទេសមហាអំណាច កាលពីពាក់កណ្តាលខែ កក្កដា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីសភាអាមេរិក បានបោះឆ្នោតអនុម័ត កិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលបានចុះហត្ថលេខា កាលពីខែកក្កដាកន្លងទៅ ចាប់ពីពេលនេះ កិច្ចព្រមព្រៀងនេះ លែងមានអ្វីមកជាឧបសគ្គទៀតហើយ។
យ៉ាងណាក៏ដោយ មុននឹងវាចូលជាធរមាន ជាស្ថាពរ ទីភ្នាក់ងារទទួលបន្ទុកថាមពលនុយក្លេអ៊ែរអន្តរជាតិ ហៅកាត់ថា AIEA ត្រូវធ្វើរបាយការណ៍មួយ ឲ្យបានមុនពាក់កណ្តាលខែធ្នូនេះ ដើម្បីដោះស្រាយនូវរាល់ចំណុចមន្ទិលសង្ស័យទាំងអស់ ស្តីពីសកម្មភាពផលិតជាតិអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ កន្លងមក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ពីភាពសុទ្ធចិត្ត ទៀងត្រង់របស់អ៊ីរ៉ង់។
ស្ថិតក្នុងក្រមខណ្ឌការងារនេះហើយ ទើបលោក យូគីយ៉ា អាម៉ាណូ អគ្គនាយកទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ បានអញ្ជើញទៅដល់ក្រុងតេអេរ៉ង់ នៅល្ងាចថ្ងៃសៅរ៍ ដើម្បីជួបប្រជុំ ជាមួយមន្ត្រីទទួលបន្ទុកនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ តាមការឲ្យដឹងព័ត៌មាន ទីភ្នាក់ងារនេះ បានផ្ញើរសំណុំឯកសារមួយចំនួន កាលពីថ្ងៃទី៩កញ្ញា ដើម្បីឲ្យអ៊ីរ៉ង់ដោះស្រាយបំភ្លឺ ទាក់ទិននឹងចំណុចមិនច្បាស់លាស់ជាច្រើន ស្តីពីសកម្មភាពផលិតថាមពលនុយក្លេអ៊ែររបស់អ៊ីរ៉ង់កន្លងមក។
តាមប្រភពជាច្រើន បានសង្ស័យថា យ៉ាងហោចណាស់ រហូតដល់ឆ្នាំ២០០៣ ដែលអ៊ីរ៉ង់ បានសំងំចម្រាច់ធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីធ្វើក្បាលគ្រាប់នុយក្លេអ៊ែរ។ ការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ប្រកែកដោះសារ ប៉ុន្តែព្រមជាមួយគ្នានេះ ភស្តុតាង រួមទាំងឯកសារផ្សេងៗ ដែលអ៊ីរ៉ង់ ប្រគល់ឲ្យ គឺវាមានលក្ខណៈស្រពិចស្រពិលច្រើន។
បើរបាយការណ៍របស់ទីភ្នាក់ងារនុយក្លេអ៊ែរអន្តរជាតិ បញ្ជាក់ថាចាប់ពីពេលនេះទៅ អ៊ីរ៉ង់ស្អាតស្អំ ហើយបញ្ចប់រាល់ការលួចផលិតថាមពលនុយក្លេអ៊ែរ ដើម្បីបំរើដល់វិស័យយោធា នោះប្រទេសមហាអំណាច នឹងដកទណ្ឌកម្មសេដ្ឋកិច្ច ម្តងមួយៗ ទៅតាមអ្វីដែលគេសន្យា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ