មានស្លាប់រាប់រយនាក់ដោយរត់ជាន់គ្នា ក្នុងថ្ងៃបុណ្យសាសនា នៅអារ៉ាប៊ីសាអ៊ូឌីត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចំនួនមនុស្សស្លាប់បានកើនឡើងឥតឈប់ ! គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ មានមនុស្សស្លាប់យ៉ាងហោចណាស់ ៧១៧នាក់ និងរបួស៨០៥នាក់ ក្នុងហេតុការណ៍រត់ជាន់គ្នា នៅក្បែរក្រុង La Mecque ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ គឺជាសោកនាដកម្មដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានកើតឡើងក្នុងអំឡុងពេលបុណ្យគប់ដុំថ្មប្រចាំឆ្នាំ លើទឹកដីដ៏សក្តិសិទ្ធ របស់អ្នកកាន់សាសនាអ៊ីស្លាម។
រូបភាពវីដេអូបង្ហាញអំពីសាកសពមនុស្ស ដេកស្លាប់លើដី ខ្លះមានរុំក្រណាត់ស ខ្លះអត់ ស្បែកជើង ឆ័ត្រ របស់របររាយប៉ាយពេញផ្លូវ ! ភ្នាក់ងារសង្គ្រោះ និងសន្តិសុខ កំពុងឆ្វាត់ឆ្វែងជម្លៀសសាកសពចេញ ក្រោមក្រសែភ្នែកអសមត្ថភាពរបស់អ្នកបានរួចពីស្លាប់។
នេះជាសោកនាដកម្មលើកទីពីរ សម្រាប់អ្នកកាន់សាសនាអ៊ីស្លាម ក្នុងតែមួយឆ្នាំ និងខែនេះ។ កាលពីថ្ងៃទី ១១ កញ្ញា មានអ្នកស្វែងធម៌១០៩នាក់បានស្លាប់ក្នុងហេតុការណ៍បាក់រលំឡានសន្ទូចដែលកំពុងសាងសង់ពង្រីងវិហារនៅក្រុងឡាម៉ិច។
ហេតុការណ៍រត់ជាន់គ្នាដល់ស្លាប់លើកនេះកើតឡើង ក្នុងពិធីបុណ្យគប់ដុំថ្ម ដែលបើតាមក្រសួងសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីត មកពីសាសនិកជនគ្មានវិន័យ មិនស្តាប់សេចក្តីណែនាំរបស់អ្នករៀបចំកម្មវិធី ដោយងើបដើរដោយមិនគោរពម៉ោង និងទិសនៃការដើរ ទើបត្រូវបុកទង្គិចជាមួយហ្វូងមនុស្សមកពីទិសបញ្ច្រាសទៀត។
គិតចាប់ពីឆ្នាំ១៩៩០មក គ្រោះថ្នាក់ដល់ស្លាប់ពេលស្វែងធម៌របស់អ្នកអ៊ីស្លាមបានកើតឡើងចំនួន៧ដង ក្នុងនោះ៦ដងជាការរត់ជាន់គ្នានៅ Mina ក្រុងឡាម៉ិច La Mecque ក្រុងសក្តិសិទ្ធិរបស់អ៊ីស្លាមនេះឯង។ ការជាន់គ្នាស្លាប់លើកចុងក្រោយគឺនៅឆ្នាំ២០០៦ ស្លាប់អស់មនុស្ស៣៦៤នាក់។ ការជួសជុល កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចូលក្រោមដី ឬផ្លូវលើអាកាស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតែមិនអាចបញ្ចៀសគ្រោះថ្នាក់បានទៀត។
គេនៅមានទាន់ដឹងថាមានជនបរទេសប៉ុន្មាននាក់ ប៉ុន្មានសាសន៍បាត់បង់ជីវិតក្នុងហេតុការណ៍ដើរជាន់គ្នានេះទេ។ តែអ៊ីរ៉ង់ដែលមានពលរដ្ឋបាត់បង់ជីវិតអស់យ៉ាងហោចណាស់៩០នាក់ (តួលេខបណ្តោះអាសន្ន) បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត ថាមានភាពទន់ខ្សោយផ្នែកសន្តិសុខ។
ជារៀងរាល់ឆ្នាំ មានបណ្តាជនអ៊ីស្លាមជាងពីរលាននាក់ ក្នុងជិតមួយលាននាក់កន្លះមកពីបរទេស និងប្រមាណ៦០ម៉ឺននាក់ជាពលរដ្ឋក្នុងស្រុក បានចូលរួមប្រារព្ធពិធីបុណ្យគប់ដុំថ្ម ដែលប្រព្រឹត្តទៅរយៈពេលពីរទៅបីថ្ងៃ។ បើតាមអាជ្ញាធរ អារ៉ាប៊ីសាអ៊ូឌីត បានប្រមូលកម្លាំងប៉ូលិស ជាង១០ម៉ឺននាក់ ទាហាន ក្រុមគ្រូពេទ្យ ដើម្បីរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់ផង និងទប់ស្កាត់គ្រោះរាតត្បាតនៃជំងឺ Mers ដែលអារ៉ាប៊ីសាអ៊ូឌីតរងគ្រោះខ្លាំងជាងបំផុតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ