អ៊ីរ៉ង់-នុយក្លេអ៊ែរ

លោក​ខាងលិច​ទាមទារ​ឲ្យ​ពិន័យ​អ៊ីរ៉ង់ ​រឿង​បាញ់​កាំជ្រួច​ម៊ីស៊ីល

ទង់ជាតិ​អ៊ីរ៉ង់ បក់រវិច នៅក្បែគ្រាប់ម៊ីស៊ីលSegil ដែលត្រៀម ​បាញ់​បង្ហោះ​
ទង់ជាតិ​អ៊ីរ៉ង់ បក់រវិច នៅក្បែគ្រាប់ម៊ីស៊ីលSegil ដែលត្រៀម ​បាញ់​បង្ហោះ​ ( Photo : AFP )

ប្រទេស​មហា​អំណាច​លោក​ខាង​លិច​ មាន​បារាំង​ អង់គ្លេស​ អាល្លឺម៉ង់ ​និង​សហរដ្ឋ​អាមេរិក ​បាន​ធ្វើការ​​ស្នើ​សុំ​ទៅ​គណៈកម្មាធិការ​ទណ្ឌកម្ម ​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ ធ្វើការ​ស៊ើប​អង្កេត​ ឲ្យបាន​ហ្មត់​ចត់​ ស្តីពី​សកម្មភាព ​បាញ់​សាកល្បង​កំាជ្រួច​ម៊ីស៊ីល ​របស់​អ៊ីរ៉ង់ ​នា​ពេល​ថ្មីៗ​នេះ។ តាម​ការ​ប៉ាន់​ស្ថាន​ ការ​បាញ់​សាកល្បង ​កាំជ្រួច​ម៊ីស៊ីល ​របស់​អ៊ីរ៉ង់ ​បាន​រំលោភ​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​ លេខ​១៩២៩​ របស់​អង្គការ​សហ​ប្រជា​ជាតិ ​ដែល​បាន​ហាម​ឃាត់ ​អ៊ីរ៉ង់​ មិន​ឲ្យ​ប្រើ​ប្រាស់ ​កាំជ្រួច​ធន់​ធំ​ ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​បិទ​ទ្វារ​មួយ ​បាន​ធ្វើ​ឡើង​ នៅ​ល្ងាច​ថ្ងៃ​ពុធ​ ទី​ ២១​ តុលា ​នា​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ​ តាម​រយៈ​ ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក។ សហរដ្ឋ​អាមេរិក​ រួម​ជាមួយ​ប្រទេស​បី​ទៀត ​បារាំង​ អង់គ្លេស ​និង​អាល្លឺម៉ង់​ បាន​ស្នើ​ទៅ​គណៈកម្មាធិការ​ទណ្ឌកម្ម ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ដើម្បី​ស៊ើបអង្កេត ​ពី​សកម្មភាព​បាញ់​កាំជ្រួច​ម៊ីស៊ីល ​របស់​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​ទី ​១១ ​តុលា​កន្លង​ទៅ​ថ្មីៗ​នេះ។

 
ប្រទេស​មហា​អំណាច​ទាំង​បួន ​បាន​ធ្វើ​លិខិត​មួយ​រួម​គ្នា ​ផ្តល់​ទៅ​ដល់​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង​អស់​ដោយ​បាន​លើក​ឡើង​ថា ​ការ​បាញ់​សាក​ល្បង​កាំជ្រួច​របស់​អ៊ីរ៉ង់ ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ ទៅ​លើ​មាត្រា៩​ ​នៃ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៩២៩​ របស់​អង្គការ​សហ​ប្រជា​ជាតិ​​ ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​២០១០។ ប្រទេស​មហា​អំណាច​ទាំង​បួន ​បាន​ទាមទារ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ របស់​គណៈកម្មាធិការ​ទណ្ឌកម្ម​ ធ្វើការ​ស៊ើប​អង្កេត ​ដើម្បី​បង្ហាញ​ឲ្យ​ល្អិតល្អន់ ​ថា​សកម្មភាព​បាញ់​បង្ហោះ​កាំជ្រួច​ម៊ីស៊ីល ​របស់​អ៊ីរ៉ង់ ​ពិត​ជា​ត្រឹមត្រូវ​រឺ​ក៏​មិនមែន។

សូម​បញ្ជាក់​ថា ​អ៊ីរ៉ង់​ បាន​បាញ់​កាំជ្រួច​សាកល្បង ​ដែល​ខាង​គេ​បាន​អះអាង​ថា ​ជា​កាំជ្រួច​សាមញ្ញ ​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​ការពារ​ខ្លួន​ ក៏​ប៉ុន្តែ​មិន​បាន​ផ្តល់​ព័ត៌មាន​លំអិត​បន្ថែម​ទេ។​ ក៏​ប៉ុន្តែ​ក្នុង​លិខិត​ របស់​ប្រទេស​មហា​អំណាច​ទាំងបួន ​បាន​សន្និដ្ឋាន​ថា ​កាំជ្រួច​ដែល​អ៊ីរ៉ង់ ​បាន​បាញ់​ ជា​កាំជ្រួច​ ប្រភេទ​បាលីស្ទីក (Missile balistique) ​ដែល​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ហើយ​ដែល​ការ​បាញ់​បង្ហោះ​អាវុធ​ប្រភេទ​នេះ ​ត្រូវ​បាន​ហាម​ឃាត់​ ដោយ​ជាក់​ច្បាស់ ​ក្នុង​មាត្រា៩​ នៃ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ១៩២៩។

លោកស្រី ​សាម៉ាន់តា ផោវើ ​ ប្រមុខ​ការទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​អះអាង​ថា នេះ​គឺ​ជា​សកម្មភាព​ផ្គើន ​និង​ក្អេងក្អាង​របស់​អ៊ីរ៉ង់ ​ហើយ​ដែល​វា​អាច​បង្ករ​អស្ថិរភាព​ក្នុង​តំបន់​ដើម​បូព៌ា។ សហរដ្ឋ​អាមេរិក​ និង​មហាអំណាច​ទាំង​បី​ទៀត ​ បាន​ទាមទារ​ ឲ្យ​ក្រុម​ប្រឹក្សា​ស៊ើប​អង្កេត ​ធ្វើ​ការ​ប្រកាស​លទ្ធផល​ស៊ើប​អង្កេត​ ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត។

ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏​ដោយ ​គេ​ពិបាក​សង្ឃឹម​ណាស់​ថា ​អង្គការ​សហ​ប្រជា​ជាតិ ​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ៊ីរ៉ង់​ ស្តីពី​សកម្មភាព​ព្រហើន​នេះ ​ព្រោះថា​ ចិន​ និង​រុស្ស៊ី ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ ប្រាកដ​ជា​នឹង​មិន​បោះឆ្នោត​យល់​ព្រម​ទេ។ មួយ​វិញ​ទៀត ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ទើបតែ​បាន​ចូល​ជា​ធរមាន​ ជា​ស្ថាពរ ​ដែល​នេះ​គឺ​ជា​លទ្ធផល​​ នៃ​ការ​ចរចា ​ដ៏​ត្រដាប​ត្រដួស ​រាប់​សិប​ឆ្នាំ​មក​ហើយ។ ដូច្នេះ ​គ្មាន​នរណា​ជឿ​ទេ ​ថា​ មហា​អំណាច ​លោក​ខាងលិច ​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ ទៅ​លើ​អ៊ីរ៉ង់ ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI