អានតួអត្ថបទ
សហរដ្ឋអាមេរិក-អ៊ីរ៉ាក់

ស្លាប់​ទាហាន​អាមេរិក​ម្នាក់​ ក្នុង​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង ​នៅ​អ៊ីរ៉ាក់

ទាហានអ៊ីរ៉ាក់ ដែលទទួល​បាន​ការ​បង្វឹក​ហាត់​ពី​ទាហាន​អាមេរិក​
ទាហានអ៊ីរ៉ាក់ ដែលទទួល​បាន​ការ​បង្វឹក​ហាត់​ពី​ទាហាន​អាមេរិក​ REUTERS/U.S. Army/Sgt. Cody Quinn/Handout
ដោយ៖ ម៉ម ពិសី
1 នាទី

កង​កម្លាំង​អាមេរិក​ នៅ​អ៊ីរ៉ាក់​ បាន​ចេញ​ធ្វើ​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង​ ប្រមាណ​ជា​៧០​នាក់​ ពី​កណ្តាប់​ដៃ ​របស់​ពួក​ជីហាដ​រដ្ឋ​អ៊ីស្លាម ​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់។ ក្នុង​ប្រតិបត្តិការ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ ទាហាន​អាមេរិក​ម្នាក់ ​បាន​ត្រូវ​របួស ​ហើយ​បាន​ស្លាប់ ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។ នេះ​ជា​លើក​ទីមួយ​ហើយ ​ ដែល​មាន​ទាហាន​អាមេរិក​ស្លាប់ ​នៅ​លើ​ទឹកដី​អ៊ីរ៉ាក់ ​បន្ទាប់​ពី​អាមេរិក​ បាន​សម្រេច​ ដក​ទ័ព​ចេញ​ពី​អ៊ីរ៉ាក់​ កាល​ពី​ចុង​ឆ្នាំ​២០១១។

ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាមេរិក​ បាន​ឆ្លើយតប​ទៅ​តាម​ការ​សំណូមពរ​របស់​ក្រុម​កំលាំង​រំដោះ ​គួកដ៍ ​ដើម្បី​ជួយ​សហការ​ ក្នុង​ប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំង​ ៧០​នាក់​ ពី​កណ្តាប់​ដៃ​ របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ប្រតិបត្តិការ​នេះ ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍ ​ម្សិលមិញ ​ដោយ​មាន​ការ​ចូលរួម​ ពី​ក្រុម​ប៉េសមែហ្គាស​ផង​ដែរ។ ក្នុង​ពេល​ប្រតិបត្តិការ ​ទាហាន​អាមេរិក​ម្នាក់ ​បាន​ត្រូវ​គ្រាប់ ​ហើយ​បាន​ស្លាប់​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ក្នុង​ពេល​សំរាក​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ។

 
តាម​ការ​ឲ្យដឹង​ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក ​ប្រតិបត្តិការ​នេះ ​ បាន​អនុញ្ញាតិ​ ឲ្យ​រំដោះ​បាន​ចំណាប់​ខ្មាំង​ចំនួន​៧០​នាក់ ​ដែល​ក្នុង​ចំណោម​នោះ ​មាន​២០​នាក់​ ជា​ទាហាន​អ៊ីរ៉ាក់។ ក្រុម​កម្លាំង​ចម្រុះ​ បាន​បាញ់​សម្លាប់​ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ប្រមាណ​ជា​២០​នាក់ ​ហើយ​បាន​ចាប់​ពួក​ជីហាដ​ចំនួន​ ៥​នាក់ ​ដែល​នៅ​រស់។

សូម​បញ្ជាក់​ថា ​នេះ​ជា​លើក​ទីមួយ​ហើយ ​ដែល​មាន​ទាហាន​អាមេរិក​ស្លាប់ ​នៅ​អ៊ីរ៉ាក់​ បន្ទាប់​ពី​អាមេរិក​ បាន​ដក​ទ័ព​ជា​ស្ថាពរ​ ចេញ​ពី​អ៊ីរ៉ាក់ ​នៅ​ចុង​ឆ្នាំ​២០១១។ ហើយ​ក៏​ជា​លើក​ទីមួយ​ដែរ ​បន្ទាប់​ពី​អាមេរិក​ បាន​ចេញ​ប្រតិបត្តិការ​ វាយ​ប្រហារ​កម្ទេច​ក្រុម​ជីហាដ​ នៅ​អ៊ីរ៉ាក់ ​ចាប់​ពី​ឆ្នាំ​២០១៤​មក។ ប្រតិបតិ្តការ​កម្ទេច​ក្រុម​ជីហាដ​នេះ ​ គឺជា​ប្រតិបត្តិការ​តែ​តាម​ផ្លូវ​អាកាស​តែ​ប៉ុណ្ណោះ។ ទាហាន​អាមេរិក​ ដែល​នៅ​ឈរ​ជើង ​តាម​មូលដ្ឋាន​សំខាន់ៗ​មួយ​ចំនួន​ នៅ​អ៊ីរ៉ាក់​ គឺ​មាន​បេសកកម្ម​ ត្រឹមតែ​ជួយ​ផ្តល់​ព័ត៌មាន ​យុទ្ធសាស្ត្រ ​ព្រម​ទាំង​ជួយ​បង្វឹកហាត់ ​កង​កម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​ក្រុម​រំដោះ​គៀកដ៍ ​តែ​ប៉ុណ្ណោះ។ ពួក​គេ​ មិន​អាច​ចេញ ​ធ្វើ​ប្រតិបត្តិការ​វាយ​ប្រហារ​ នៅ​លើ​ដី​បាន​ទេ។

ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​ឆ្លើយ​ថា ​បេសកកម្ម​រំដោះ​ចំណាប់​ខ្មាំង​នេះ ​ជា​បេសកកម្ម​ដ៏​កម្រ​ ​ក៏​ប៉ុន្តែ​វា​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ភាព​ចាំបាច់​ជាក់​ស្តែង ​ព្រោះ​ចំណាប់​ខ្មាំង​ទាំង​៧០​នាក់ ​បាន​ប្រឈមមុខ​ នឹង​ការ​សម្លាប់​របស់​ក្រុម​ជីហាដ។ ក្រុម​ជីហាដ​ បាន​ទាំង​ជីក​រណ្តៅ​ ទុក​សម្រាប់​កប់​សព​ចំណាប់​ខ្មាំង​រួច​ទៅ​ហើយ ​ ហើយ​បាន​ទាំង​ប្រាប់​ទៅ​ចំណាប់​ខ្មាំង​ទាំង​៧០​នាក់​ថា ​គេនឹង​សម្លាប់​ចោល ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​បន្ទាប់​ពី​បញ្ចប់​ពិធី​សូត្រធម៌​អ៊ីស្លាម។ បេសកកម្ម​រំដោះ ​បាន​ទៅ​ជួយ​ទាន់​ពេល​វេលា ​ពោល​គឺ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ​មុន​ពេល​ដែល​ពួក​ជីហាដ​ ធ្វើការ​សម្លាប់​ចំណាប់​ខ្មាំង។ បេសកកម្ម​នៅលើ​ដី​ដ៏​កម្រ​នេះ ​ត្រូវ​បាន​ផ្តល់​ភ្លើង​ខៀវ​ ដោយ​មន្ទីរ​ប៉ង់តាហ្គោន ​ហើយ​ក៏​បាន​ជូន​ដំណឹង​ទៅ​សេតវិមាន​ផង​ដែរ។ បេសកកម្ម​ដូច​គ្នា​នេះ ​ធ្លាប់​បាន​ធ្វើ​ម្តង​រួច​ទៅ​ហើយ ​នៅ​ស៊ីរី ​ដោយ​ទាហាន​អាមេរិក​ បាន​សម្លាប់​មេក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ម្នាក់​ឈ្មោះ ​អាប៊ូ សាយ៉ាហ្វ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ