អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​បើក​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ ចូល​ទៅ​ទីទួល​វិហារ​អ៊ីស្លាម​បូរាណ ដើម្បី​បន្ថយ​ភាព​តានតឹង

ប្រជាជន​ប៉ាឡេស្ទីន ធ្វើការ​ថ្វាយបង្គំ​សូត្រធម៌ នៅមុខ​វិហារ​អ៊ីស្លាម​បូរាណ ​ក្រុងហ្សេរូសាឡឹម ថ្ងៃ​ទី ១៩ មិថុនា ២០១៥
ប្រជាជន​ប៉ាឡេស្ទីន ធ្វើការ​ថ្វាយបង្គំ​សូត្រធម៌ នៅមុខ​វិហារ​អ៊ីស្លាម​បូរាណ ​ក្រុងហ្សេរូសាឡឹម ថ្ងៃ​ទី ១៩ មិថុនា ២០១៥ REUTERS/Ammar Awad
ដោយ៖ ម៉ម ពិសី
១៨ នាទី

ទីបំផុត​​ បន្ទាប់​ពី​មាន​អន្តរាគមន៍ ​ពី​សហគមន៍​អន្តរជាតិ​​ ដែល​សំណូមពរ​ ឲ្យ​មាន​ការ​យល់យោគ​គ្នា ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ​រវាង​អ៊ីស្រាអ៊ែល ​និង ​ប៉ាឡេស្ទីន ​នៅថ្ងៃ​សុក្រ​ទី​ ២៣​ តុលា​ម្សិលមិញ​ អាជ្ញាធរ​ អ៊ីស្រាអែល ​បាន​សម្រេច ​បើក​ច្រក​ចេញ​ចូល ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​​ អាច​ចូល​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ ​ដែល​ជា​ទី​សក្ការៈបូជា​ធំ​បំផុត ​របស់​ប្រជាជន​អ៊ីស្លាម។ នេះ​ជា​កាយ​វិការ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ដើម្បី​បន្ធូរ​បន្ថយ ​សកម្មភាព​ហឹង្សា ​របស់​យុវជន​ប៉ាឡេស្ទីន ​ដែល​ក្តៅ​ក្រហាយ ​ដោយសារ​តែ​ការ​ជិះជាន់​ ហាម​ឃាត់​ពី​សំណាក់ ​អាជ្ញាធរ​អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃសុក្រ ​ទី ​២៣​ តុលា ​ប្រជាជន​ប៉ាឡេស្ទីន​ទាំង​ចាស់​ទាំង​ក្មេង ​អ្នក​រស់​នៅ​តំបន់​ហ្សេរូសាឡឹម​ខាង​កើត​ បាន​បញ្ជៀត​គ្នា ​ណែនណាន់​តាន់​តាប់ ​ដើម្បី​ឡើង​ទៅ​កាន់​វិហារ​អ៊ីស្លាម​បូរាណ ​ដែល​ជា​ទី​សក្ការៈ​បូជា​របស់​ពួក​គេ។ អស់​រយៈ​ពេល ​២​សប្តាហ៍​មក​ហើយ ​ ដែល​អាជ្ញាធរ​អ៊ីស្រាអែល ​បាន​បិទ​ច្រក​ចេញ​ចូល​នេះ ​មិន​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​អាយុ​ក្រោម​៥០​ឆ្នាំ ​ឡើង​ទៅទេ​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​អំពើ​ភេរវកម្ម។

 
ទើបតែ​នៅ​ថ្ងៃនេះ ​ អ៊ីស្រាអែល ​បាន​បើកផ្លូវ​ លែង​ធ្វើ​ការ​ត្រួត​ពិនិត្យ​តឹងរឹង​ ហើយ​អនុញ្ញាត​ ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​គ្រប់​វ័យ​ចូល​ទៅ ​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ។ តាម​ការ​ផ្តល់​ដំណឹង​ ​នេះ​គឺ​ជា​ការ​ស្នើរ​សុំ​ ពី​លោក​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ចន ឃែរី​ ដែល​យល់​ថា ​ ការ​បិទ​ទីលាន​វិហារ​ អ៊ីស្លាម​បូរាណ ​វា​មិន​បាន​ផ្តល់​ផល​ប្រយោជន៍​អ្វី​ទេ ​ ផ្ទុយ​ទៅ​វិញ ​គឺ​វា​រឹត​តែ​បញ្ឆេះ​កំហឹង​ យុវជន​ប៉ាឡេស្ទីន ​ឲ្យ​ធ្វើ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង។

ជាការ​ពិត​ណាស់ ​ រដ្ឋាភិបាល ​លោក​នេតាន់យ៉ាហ៊ូ ​ បាន​រង​ការ​រិះគន់​ជា​ខ្លាំង​ ក្នុង​រយៈពេល​ ពីរ​សប្តាហ៍​កន្លង​មក​នេះ។ រដ្ឋាភិបាល​អ៊ីស្រាអែល ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ ​ ស្តី​បន្ទោស​ថា​ ​បាន​ប្រើ​កម្លាំង ​ជ្រុល​ហួស​ហេតុ ​ក្នុង​ការ​បិទ​ខ្ទប់​អំពើ​ហិង្សា​ផុសផុល​ របស់​យុវជន​ប៉ាឡេស្ទីន​​ ដែល​ការ​នេះ ​ វា​បាន​បង្ករ​ការ​លំបាក ​ដល់​ប្រជាជន​ប៉ាឡេស្ទីន​ទូទៅ ​ ហើយ​ព្រម​ទាំង​ដុត​កំហឹង​របស់​ពួក​គេ ​ឲ្យ​រឹត​តែ​ក្តៅងំ​ខ្លាំង​ឡើង​ ថែម​ទៀត។

សូម​បញ្ជាក់​ថា ​កន្លង​មក​ ទីលាន​វិហារ​អ៊ីស្លាម​បូរាណ​នេះ ​ តែងតែ​ជា​ចំណុច​ក្តៅ ​ដែល​ជះ​ចេញ​ជា​អំពើ​ហឹង្សា​រវាង​ អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន​ ព្រោះ​វា​ជាទី​សក្ការៈ​បូជា​របស់​ប្រជាជន​អ៊ីស្លាម ​ ហើយ ​ទី​នោះ​ក៏​ជា​អតីត​វិហារ​បូរាណ ​ជាទី​សក្ការៈ​របស់​ប្រជាជន​កាន់​សាសនា​ជ្វីហ្វ​ផងដែរ។ ដើម្បី​បញ្ជៀស​បញ្ហា ​ ការ​គ្រប់គ្រង​ចាត់​ចែង​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ​នេះ ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​មូល​និធិ​មួយ​ របស់​ប្រទេស​ហ្សកដានី ​ ក៏​ប៉ុន្តែ​អ៊ីស្រាអែល​ ជា​អ្នក​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល ​ទៅ​មក។

កន្លង​មក​ ប៉ាឡេស្ទីន ​ បាន​ចោទ​ប្រកាន់​អ៊ីស្រាអែល ​ថា​ធ្វើ​តាម​តែ​ចិត្ត​ខ្លួន ​ពេល​ចង់​បើក​ឲ្យ​ចូល​ក៏​បើក ​ ចង់​បិទ​ក៏​បិទ។ ​ទោះបី​ជា​យ៉ាង​ណាក៏​ដោយ ​ កាយវិការ​អ៊ីស្រាអែល​នា​ពេល​នេះ​ វា​ក៏​ជា​កាយវិការ​ល្អ​មួយ​ដែរ ​ ក្នុង​ការ​បន្ធូរ​បន្ថយ​ស្ថានការណ៍ ​នៃ​អំពើ​ហិង្សា ​ដែល​បាន​រីក​រាលដាល​ ពាស​ពេញ​តំបន់​ហ្សេរូសាឡឹម ​និង​តំបន់​ស៊ីសហ្សកដានី។ ប៉ុន្តែ​នេះ​មិន​មាន​ន័យ​ថា ​ជម្លោះ​អ៊ីស្រាអែល-​ប៉ាឡេស្ទីន​ និង​ត្រូវ​បិទ​បញ្ចប់​នោះ​ទេ។ ដរាប​ណា ​អ៊ីស្រាអែល ​ នៅតែ​បន្ត​ទន្ទ្រាន​យក​ដី​ប៉ាឡេស្ទីន​​ ក្នុង​តំបន់​ស៊ីសហ្សកដានី ​ហើយ​បំបិទ​សិទ្ធិ​សេរីភាព​ដើរហើរ​ របស់​ប្រជាជន​ប៉ាឡេស្ទីន​​ អំពើ​ហិង្សា​បះបោរ​ថ្មី​ទៀត ​នឹង​អាច​កើត​មាន​ឡើង​ គ្រប់​ពេល​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ