អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

វិបត្តិស៊ីរី ៖ តើ​អ៊ីរ៉ង់​ឡើង​ឆាក​អន្តរជាតិ​បាន​យ៉ាង​ដូចម្តេច ?

សំឡេង ០៤:២៧
លោក​ Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់
លោក​ Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ REUTERS/Raheb Homavandi/TIMA
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

ជា​លើក​ទី​មួយ កាលពី​ថ្ងៃទី ៣០ តុលា ដែល​អ៊ីរ៉ង់ បាន​ចូល​រួម​ យ៉ាង​ពេញមុខ​ពេញ​មាត់ ជួយ​រក​ដំណោះ​ស្រាយឱ្យ​​វិបត្តិស៊ីរី​។ តំណាងដោយ​រដ្ឋមន្ត្រី​ការបរទេស អ៊ីរ៉ង់ បាន​ចូល​តុ​អង្គុយ​ប្រជុំជាមួយ​សមភាគី​អាមេរិក រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត តួកគី បារាំង​ អាល្លឺម៉ង់ អង់គ្លេស អេហ្ស៊ីប លីបង់ និង​សហភាពអឺរ៉ុប។ ​វត្តមាន​អ៊ីរ៉ង់នេះ បញ្ជាក់​អំពី​ភាព​សំខាន់​របស់​តេអេរ៉ង់ ក្នុង​វិបត្តិ​ស៊ីរីផង និង​ជា​ការ​វិល​ត្រលប់​មក​កាន់​ឆាក​អន្តរជាតិ​របស់​អ៊ីរ៉ង់ផង។

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី បាន​ផ្ទុះ​ឡើង​តាំង​ពី​ឆ្នាំ​២០១១ សម្លាប់​ជីវិត​មនុស្ស​អស់​មិន​តិច​ជាង ២៥​ម៉ឺន​នាក់ និង​បង្កឱ្យ​មាន​ជន​ភៀស​ខ្លួន​ជាង​១៥​លាន​នាក់ ! ជំនួប​អន្តរជាតិ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​មហាអំណាច​ធំៗ​លើ​លោក សន្និសីទ​អន្តរជាតិ​នៅ​ហ្សឺណែវ បាន​រៀប​ចំ​ម្តង​ហើយ​ម្តង​ទៀត នៅ​តែ​មិន​អាច​រក​ច្រក​ចេញ​ឱ្យ​វិបត្តិ​ស៊ីរី​បាន។ ជា​រៀង​រាល់​លើក អ៊ីរ៉ង់​មិន​ត្រូវ​គេ​រាប់​រក ឬ​អញ្ជើញ​ឱ្យ​មកស្តាប់​ ឬ​បញ្ចេញ​យោបល់​អ្វី​ទាំង​អស់ បើ​ទោះ​បី​ជា​ដឹង​ថា​អ៊ីរ៉ង់​មាន​ពាក់ព័ន្ធ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​របប​ដឹកនាំ​ក្រុង​ដាម៉ាស របស់​លោក​ បាស្ហារ អាល់អាសាដ​ក៏​ដោយ។ ប្រទេស​ដែល​ប្រឆាំង​នឹង​វត្តមាន​អ៊ីរ៉ង់​ខ្លាំងជាង​គេ គឺ​សហរដ្ឋ​អាមេរិក និង​អារ៉ាប៊ីសាអ៊ូឌីត ដែល​កាលពី​ឆ្នាំ​២០១២ បាន​ជំរុញ​ឱ្យ​លោក​អគ្គលេខាធិការ​ អង្គការ​សហប្រជាជាតិ បាន គីមូន ដក​លិខិត​លែង​អញ្ជើញ​អ៊ីរ៉ង់ មក​កាន់​សន្និសីទ​អន្តរជាតិ​ក្រុង​ហ្សឺណែវវិញ។

 
ប៉ុន្តែ ថ្ងៃ​ទី​៣០​តុលា២០១៥ ​​ខុស​ពី​ឆ្នាំ​មុន ! ក្រោយ​ពី​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ អាមេរិក​ប្តូរ​ចិត្ត​ សំឡឹង​ឃើញ​ប្រយោជន៍​នៃ​វត្តមាន​របស់​អ៊ីរ៉ង់​ក្នុង​កិច្ចចរចា​ ​ទទួល​ស្គាល់​ ​អំពី​តួនាទី​ដ៏​ចាំបាច់​របស់​អ៊ីរ៉ង់​ក្នុង​វិបត្តិ​ស៊ីរី និង​បាន​អញ្ជើញ​ប្រទេស​ដែល​ធ្លាប់​​ឯកា​មួយ​នេះ​ ឱ្យ​ឡើង​ឆាក​ជាមួយ។ ដូច្នេះ​អ៊ីរ៉ង់​ក៏​បាន​ទទួល​ចំណែក​មួយ​ភាគ បើ​ទោះបី​ជា​ក្រុង​រីយ៉ាត នៅ​រក្សា​ជំហរ​ប្រឆាំង​ទៀត​ក៏ដោយ។

​វត្តមាន​អ៊ីរ៉ង់ ក្បែរ​អន្តរជាតិ​មិន​ធ្លាប់​មាន​បែប​នេះ​ អាចឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អ្វីៗ​ច្បាស់ជាង​មុន។ ហើយ​ការ​ដែល​អារ៉ាប៊ីសាអ៊ូឌីត សត្រូវជួរជាតិ​របស់​លោក​បាស្ហារ អាល់អាសាដ ព្រម​ឃើញ​វត្តមាន​អ៊ីរ៉ង់​ក្នុង​តុ​ប្រជុំ គឺ​ជា​កាយវិការ​ប្រកប​ដោយ​និមិត្តរូប​បំផុត​ទៅ​ហើយ។

ចុះ​ហេតុ​អ្វី​បាន​ជា​គ្រប់​គ្នា​ចាត់​ទុក​អ៊ីរ៉ង់ មាន​តួនាទី​សំខាន់​ក្នុង​ដំណោះស្រាយ​វិបត្តិស៊ីរី ?

រាល់​ការ​ចរចា​អន្តរជាតិ​មុនៗ ដែល​គ្មាន​អ៊ីរ៉ង់ សុទ្ធ​តែ​ជួប​បរាជ័យ​ទាំង​អស់ ! សន្និសីទ​អន្តរជាតិ​ក្រុង​ហ្សឺណែវ ក៏​ត្រូវ​ជាប់​គាំង !​ ដូច្នេះ​ ​​ការ​មិន​រាប់​អាន​អ៊ីរ៉ង់ មិនមែន​ជា​យុទ្ធសាស្ត្រ​ឈ្នះៗ​ទេ។ ដំណោះស្រាយ​ឱ្យ​វិបត្តិ​ស៊ីរី មាន​ច្រក​តែ​មួយ​គត់ គឺ​ទាល់​តែ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ទាំង​ខាង​ប្រឆាំង និង​គាំទ្រ ប្រឹង​រួម​គ្នា​ទើប​បាន។ នេះ​ជា​ការ​យល់​ឃើញ​របស់​តំណាង​ការទូត​ជាន់​ខ្ពស់​អឺរ៉ុប។

អ៊ីរ៉ង់ ដើរ​តួជា​កូន​សោ​ ក្នុង​សំណុំ​រឿង​ស៊ីរី​នេះ ព្រោះ​ប្រទេស​ទាំង​ពីរ ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិនលិច​ មាន​ប្រវត្តិ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ តាំង​ពី​យូរលង់។ គ្រាន់​តែ​បាន​ទទួល​ឯករាជ្យ​ភ្លាម​នៅ​ឆ្នាំ​១៩៤៦​ភ្លាម អ៊ីរ៉ង់​ជា​អ្នក​ទទួល​ស្គាល់​រដ្ឋាភិបាលផ្លូវការ​​ស៊ីរីមុន​គេ។ ក្រោយ​បដិវត្ត​ផ្តួល​រំលំ​របប​រាជានិយម​​អ៊ីរ៉ង់ នៅ​ឆ្នាំ​១៩៧៩ ​​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ បាន​ប្រកាស​គាំទ្រដោយ​គ្មាន​បង្អង់​ និង​ដោយ​ផ្ទាល់​ ប្រមុខ​សាសនា អាយ៉ាតូលា ខូមេណី នៃរបប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់។ ស៊ីរី និង​អ៊ីរ៉ង់ ល្មូកល្មើន​នឹង​គ្នាទាំង​ខាង​​សាសនា ​ និង​ទាំង​ខាង​សេដ្ឋកិច្ច​​កិច្ចសហប្រតិបត្តិការ។

ក្នុង​សម័យ​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​៨ឆ្នាំ (១៩៨០- ១៩៨៨) ក៏​ដូច​ជា​ក្រោយ​​របប​ Saddam Hussein ដួលរលំដែរ ស៊ីរី និង​អ៊ីរ៉ង់ នៅ​តែ​​រក្សា​បាន​ល្អ​ណាស់​នូវ​ទំនាក់ទំនង​ដ៏​កក់​ក្តៅ​នឹង​គ្នា។ ជានិច្ចកាល ក្រុង​ដាម៉ាស និង​តេហេរ៉ង់​តែងតែ​បាន​សហការ​រួម​គ្នា​ដោយ​ផ្អែក​លើ​ស្ថានការណ៍​ជាក់ស្តែង​ក្នុង​តំបន់ និង​តម្រូវការ​របស់​ខ្លួន​ម្នាក់ៗ។

សម្រាប់​អ៊ីរ៉ង់ គេ​គ្មាន​ហេតុផល​អ្វី​ត្រូវ​ធ្វើ​​ឱ្យ​ស៊ីរី​អាក់អន់​ស្រពន់​ចិត្ត​ទេ ព្រោះ​ស្ថានភាព​នយោបាយ​ប្រទេស​នេះ មាន​តែនាំ​ផល​ចំណេញ​ដល់​អ៊ីរ៉ង់​ ឱ្យ​មាន​តួនាទី​មិន​អាច​ខ្វះ​បាន​ នៅ​ក្នុង​តំបន់​តែ​ប៉ុណ្ណោះ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់ ស៊ីរី​បាន​ផ្តល់​អំណោយផល​ភូមិសាស្រ្តយុទ្ធសាស្រ្ត​ល្អ​ដល់​​អ៊ីរ៉ង់ ព្រោះ​ស៊ីរី​គឺ​ជា​ស្ពាន​ដែល​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​អាច​ចូល​ទៅ​កាន់​សមុទ្រមេឌីទែរ៉ាណេ ដោយ​កាត់​តាម​តំបន់ Alep ក្នុង​ទឹកដី​ស៊ីរី និង​ដែនដី​​លីបង់​របស់​ក្រុម Hezbollah ដែល​ស្និទ្ធិ​នឹង​របប​អ៊ីរ៉ង់។ ម្យ៉ាង​ទៀត និង​ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​របស់​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយឈីអ៊ីត​នៅ​លីបង់ អ៊ីរ៉ង់​ក៏​ត្រូវ​ការ​ស៊ីរី​ដែល​ធ្លាប់​បាន និង​កំពុង​បន្ត​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ឆាក​នយោបាយ​លីបង់។ ដូច្នេះ​អ៊ីរ៉ង់ ត្រូវ​ការ​ការពារ​និង​គាំទ្រ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​ស៊ីរី ដើម្បី​ទប់​ស្កាត់​ពួក​ឧទ្ទាម​ភេរវនិយម​នៃ​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពួក​អាល់ណូស្រា។

អ៊ីរ៉ង់​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​និង​យោធា របប​ក្រុង​ដាម៉ាស ចំណែក​អារ៉ាប៊ីសាអ៊ូឌីត ប្រទេស​អ៊ីស្លាម​និកាយ​ស៊ុននីត ជា​គូប្រជែង​ខ្លាំង​នឹង​អ៊ីរ៉ង់​ក្នុង​តំបន់ ប្រឆាំង​នឹង​ជំហរ​រក្សា​ទុក​រដ្ឋាភិបាល​ស៊ីរី​ ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​ឧទ្ទាម​ និង​ចូល​ដៃ​ធ្វើ​អន្តរាគមន៍​យោធា​ផ្លូវ​អាកាស​ជាមួយ​សម្ព័ន្ធមិត្ត​អន្តរជាតិ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ ជំហរ​ពីរ​បញ្ច្រាស​គ្នា​នេះ ជា​រនាំង​នៃ​ដំណោះស្រាយ​វិបត្តិ តែ​យ៉ាង​ហោច​ណាស់ ក៏​បាន​បង្ហាញ​ពី​សមភាព ដោយ​ក្រុមប្រទេស​អ្នកប្រឆាំង​ និង​អ្នក​គាំទ្រ​ បាន​ចូល​អង្គុយ​ទល់​មុខ​គ្នា​ចរចា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ