ក្រុម​រាជាណាចក្រ​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​គាំទ្រ​អារ៉ាប៊ីសាអូឌីត​ក្នុង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់

ស្តេច​ប្រទេស Bahreïn ក្នុង​ជំនួប​ក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូង​សមុទ្ទពែក្ស
ស្តេច​ប្រទេស Bahreïn ក្នុង​ជំនួប​ក្រុមប្រឹក្សាសហប្រតិបត្តិការ​ឈូង​សមុទ្ទពែក្ស REUTERS/Hamad I Mohammed

រាជាណាចក្រ​អារ៉ាប​នៅតំបន់​ឈូង​សមុទ្ទ​ពែក្ស​ទាំង​អស់​ បាន​បង្ហាញ​សាមគ្គីភាព​ និង​ការ​គាំទាំង​ស្រុង​លើ​​អារ៉ាប៊ីសាអូឌីត​ ក្នុង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស​ គំរាម​នឹង​ចាត់​វិធានការ​​បន្ថែម​លើ​តេហេរ៉ង់​ទៀត ប្រសិន​បើ​អ៊ីរ៉ង់​មិន​ព្រម​បញ្ឈប់​សកម្មភាពហិង្សាបំពាន​លើ​អារ៉ាប៊ីសាអូឌីត​ទេ។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្ទ​ពែក្ស សូម​ថ្កោល​ទោស​សកម្មភាព​ប្រើ​កម្លាំង​បំពារ​បំពាន​លើ​តំណាង​ការទូត​អារ៉ាប៊ីសាអូឌី នៅ​អ៊ីរ៉ង់ ! នេះ​ជា​សេចក្តីថ្លែងការណ៍​រួម ប្រកាស​​ក្រោយ​ជំនួប​ប្រជុំ​វិសាមញ្ញ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៃ​ក្រុម​សមាជិក​៦​ប្រទេសជា​​រាជាណាចក្រ​នៅ​តំបន់​ឈូង​សមុទ្ទពែក្ស។

ក្រុមប្រទេស​នេះ បាន​នាំ​គ្នា​ងើប​ឈរ​ស្រែក​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់​ចំពោះ​អារ៉ាប៊ីសាអូឌីត។ សម្រាប់​ក្រុមប្រឹក្សា ដែល​គាំទ្រ​ទាំង​ស្រុង​សេចក្តី​សម្រេចចិត្ត​​របស់​អារ៉ាប៊ីសាអូឌីត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម ការ​កាត់ទោស​ប្រហារ​ជីវិត​មេដឹកនាំ​បក្ស​ប្រឆាំង​និកាយ​ឈីអ៊ីតធ្វើ​ឡើង​ស្រប​តាម​ច្បាប់​របស់​ប្រទេស និង​ប្រកប​ដោយឯករាជភាព​ពេញ​លេញ​ ខាង​ផ្នែក​តុលាការ។ ​

សូម​បញ្ជាក់​ថា ភាព​តាន​តឹង​រវាង​អ៊ីរ៉ង់​និង​អារ៉ាប៊ីសាអូឌីត បាន​ផ្ទុះ​ឡើង កាលពី​ថ្ងៃ​ទី ២​មករា ក្រោយ​ពី​ក្រុង​រីយ៉ាត​បាន​ប្រហារ​ជីវិត​​មេ​ដឹកនាំ​បក្ស​ប្រឆាំង​និកាយ​ឈីអ៊ីត​ ពី​បទ​ភេរវនិយម។ តែ​បាន​បង្ក​ឱ្យ​រលក​បាតុកម្ម​យ៉ាង​ខ្លាំង ពី​សំណាក់​ពលរដ្ឋ​អ៊ីរ៉ង់​អ្នក​គោរព​និកាយ​ឈីអ៊ីត រាលដាល​ទៅ​ជា​អំពើ​ហិង្សា​វាយប្រហារ​លើ​ស្ថានទូត​អារ៉ាប៊ីសាអូឌីត និង​ផ្តាច់​ទូត​រវាង​គ្នា​ទៀត។ បារ៉ែន​ក៏​បាន​ផ្តាច់​ទូត​ជា​មួយ​អ៊ីរ៉ង់​តាម​អារ៉ាប៊ីសាអូឌីត​ដែរ។​ អេមៀរ៉ាអារ៉ាប់រួម​កាត់​បន្ថយ​ទំនាក់ទំនង​ទូត។ ឯកូវ៉ែតបាន​កោះ​ហៅឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​មក​ព្រមាន។ កាតា និង​អូម៉ង់ បាន​ចេញ​សេចក្តី​ថ្កោល​ទោស​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រុមប្រឹក្សា​ថែម​ទាំង​បាន​ចោទ​ប្រកាន់​ថា អឺរ៉ង់​បាន​ញុះញង់​ឱ្យ​មាន​​ប្រើ​អំពើ​ហិង្សា​​បំពាន​លើ​បេសកកម្ម​ការទូត​របស់​អារ៉ាប៊ីសាអូឌីត​ នៅ​តេហេរ៉ង់ និង​បាន​គំរាម​ ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ៊ីរ៉ង់​ ប្រសិន​បើ​សកម្មភាព​បំពារបំពាន​មិន​ត្រូវ​បាន​បញ្ឈប់​ទេ។ ប៉ុន្តែ​ប្រទេស​ទាំង​៦​មិន​បញ្ជាក់​ថា​តើ​ជា​វិធានការ​អ្វី​ទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI