អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៥ឆ្នំា ក្រោយ​បដិវត្តន៍ ប្រជាជន​អេហ្ស៊ីប​នៅ​តែ​មិន​ស្គាល់​ជាតិប្រជាធិបតេយ្យ

សំឡេង ០៥:១៨
បាតុករ​អេហ្ស៊ីប​លើ​ទីលាន​តារៀរ ថ្ងៃទី២៧ វិច្ឆិកា ២០១១
បាតុករ​អេហ្ស៊ីប​លើ​ទីលាន​តារៀរ ថ្ងៃទី២៧ វិច្ឆិកា ២០១១ REUTERS/Ahmed Jadallah

កាល​ពី ៥ឆ្នាំ​មុន ពោល​នៅ​ថ្ងៃ​ចន្ទ ទី២៥ មករា ឆ្នាំ ២០១១ ប្រជាជន​អេហ្ស៊ីប​រាប់សិបម៉ឺន​នាក់​បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ហូស្ន៊ី មូបារ៉ាក់​ចុះ​ចេញ​ពី​អំណាច​ដែល​លោក​បាន​កាន់​តែ​ពី ៣០ឆ្នាំ។ បាតុកម្ម​របស់​ប្រជាជន​អេហ្ស៊ីប​កាល​ណោះ​បាន​ចម្លង​តាម​បដិវត្តន៍​អារ៉ាប់​ផ្ទុះ​ដំបូង​ចេញ​ពី​ប្រទេស​ទុយនីស៊ី។ បាតុកម្ម​រយៈ​ពេល ១៨ថ្ងៃ​បាន​ទម្លាក់​លោក​មូបារ៉ាក់​ចេញ​ពី​តំណែង និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨៥០នាក់។ ៥ឆ្នាំ ក្រោយ​បដិវត្តន៍​ប្រជាជន តើ​អ្វី​ទៅ​ជា​ស្ថានភាព​នយោបាយ​នៅ​អេហ្ស៊ីប?

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ប្រជាជន​អេហ្ស៊ីប​ចងចាំ​បាន​មិន​ភ្លេច ពិសេស​អ្នក​ដែល​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃទី២៥ មករា ឆ្នាំ ២០១១ នោះ គឺ​ជោគជ័យ​នៃ​ការ​ទម្លាក់​ជនផ្តាច់ការ​ចេញ​ពី​អំណាច​លោក​ប្រធានាធិបតី ឧត្តមសេនីយ​ហូស្ន៊ី មូបារ៉ាក់។ ប៉ុន្មាន​ខែ​ក្រោយ​ការ​ផ្តួល​រំលំ​របបផ្តាច់ការ​របស់​លោក​មូបារ៉ាក់ ពោល​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១២ អេហ្ស៊ីប​ក៏​បាន​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដោយ​សេរី និង​តាម​បែប​ប្រជាធិបតេយ្យ។ កាលណោះ ប្រជាជន​អេហ្ស៊ីប​ភាគ​ច្រើន​បាន​បោះឆ្នោត​ឲ្យ​ឥស្សរជន​នយោបាយ​ស៊ីវិល​ម្នាក់​ចេញ​មក​ពី​ចលនា​ភាតរអ៊ីស្លាម គឺ​លោក​ម៉ូហាមែត ម័រស៊ី។

ក៏​ប៉ុន្តែ​នៅ​តែ​មួយ​ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ថ្ងៃទី៣០ មិថុនា ឆ្នំា ២០១៣ អ្នក​ដែល​បាន​បោះឆ្នោត​ឲ្យ​លោក​ម័រស៊ី​ក្នុង​ខែ​មិថុនា ឆ្នំា ២០១២ បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​ថ្មី​ទាមទារ​ឲ្យ​លោក​ម័រស៊ី​ចុះ​ចេញ​ពី​តំណែង​ម្តង។ នៅ​ពេល​នោះ ក្បួនបាតុកម្ម​ប្រឆំាង​លោក​ម័រស៊ី​បាន​រីករាលដាល​កាន់​តែ​ធំ​រហូត​ធ្វើ​ឲ្យ​កងទ័ព​មិន​អាច​ឈរ​ឱបដៃ​មើល​បាន​ទេ។ ទីបំផុត​ក្នុង​ថ្ងៃទី៣ កក្កដា ឆ្នាំ ២០១៣ កងទ័ព​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ​អាប់ដែល ហ្វាតតា អាល់ ស៊ីស៊ី​ក៏​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រស៊ី​បាត់​ទៅ។ អំពើ​ហិង្សា​ដែល​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ ៤០០នាក់​ដែល​ភាគច្រើន​ជា​សកម្មជន​ចលនា​ភារតអ៊ីស្លាម​របស់​លោក​ម័រស៊ី។

ប៉ុន្តែ​ខែ​ក្រោយ​មក​ទៀត គឺ​រូប​ឧត្តមសេនីយ​អាល់ស៊ីស៊ី​នេះ​ឯង​ដែល​
បាន​លាលែង​ពី​មុខ​តំណែង​មេទ័ព ក្រវាត់ចោល​ឋានន្តរសក្តិ​ជា​សេនាប្រមុខ និង​ស្រាត​ខោអាវ​ទាហាន​ដែល​លោក​បាន​ពាក់​ជាប់​ខ្លួន​ជា​ប្រចំា​អស់​រយៈ ៤៤ឆ្នំា។ គោលដៅ​របស់​លោក​អាល់ ស៊ីសស៊ី​កាលណោះ គឺ​ដើម្បី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ប្រធានាធិបតី។ ហេតុផល​ដែល​លោក​អាល់ ស៊ីស៊ី​បាន​លើក​ទៅ​ពន្យល់​បកស្រាយ​នា​ពេល​នោះ ​គឺ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​ចង់​បាន​របស់​ប្រជាជន​អេហ្ស៊ីប​ទូទៅ។

អ្វីៗ​ពិត​ជា​សម្រេច​បាន​ដូច​បំណង និង​ការ​ចង់​បាន​របស់​ក្រុម​សកម្មជន​គាំទ្រ​លោក​អាល់ ស៊ីស៊ី​មែន ព្រោះ​មនុស្ស​ខ្លាំង​អាល់ ស៊ីស៊ី​រូប​នេះ​ត្រូវ​បាន​ប្រជាជន​បោះ​ឆ្នោត​ឲ្យ និង​បាន​ក្លាយ​ជា​ប្រធានាធិបតី​អេហ្ស៊ីប​តាំង​ពី​ថ្ងៃទី៨ មិថុនា ឆ្នាំ ២០១៤ មក​ដល់​សព្វថ្ងៃ។ មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​រវាង​បដិវត្តន៍​ថ្ងៃទី២៥ មករា ឆ្នាំ ២០១១ ទម្លាក់​លោក​ប្រធានាធិបតី​មូបារ៉ាក់ និង​បដិវត្តន៍​ថ្ងៃទី៣០ មិថុនា ឆ្នាំ ២០១៣ ទម្លាក់​លោក​ម័រស៊ី មួយ​ណា​បាន​កើត​ចេញ​ពី​ស្មារតី​នៃ​បដិវត្តន៍​អារ៉ាប់​ពិត​ប្រាកដ?

មាន​ចម្លើយ​ខុស​គ្នា​ចំពោះ​សំណួរ​ខាង​លើ និង​ផ្អែក​លើ​ប្រភេទ​មនុស្ស​ដែល​បាន​ឆ្លើយ។ សម្រាប់​ក្រុម​សកម្មជន​អ្នកប្រជាធិបតេយ្យ និង​ចលនា​ភារតអ៊ីស្លាម បដិវត្តន៍​ថ្ងៃទី២៥ មករា ជា​សា្មរតី​នៃ​បដិវត្តន៍​អារ៉ាប់​ដែល​បាន​ចម្លង​ចេញ​ពី​ប្រទេស​ទុយនីស៊ី។ ចំណែក​ក្រុម​សកម្មជន​ប្រឆាំង​នឹង​ពួក​អ៊ីស្លាម និង​ក្រុម​អ្នក​គាំទ្រ​លោក​អាល់ ស៊ីស៊ី​វិញ ពួក​គេ​មិន​បាន​ទាត់​ចោល​ទាំង​ស្រុង​ចំពោះ​ការ​យល់​ឃើញ​របៀប​នេះ​ទេ។ រូប​លោក​ប្រធានាធិបតី​អាល់ ស៊ីស៊ី​ខ្លួន​ឯង​ក៏​បាន​ទទួល​ស្គាល់​ពី​គោលការណ៍​នៃ​បដិវត្តន៍​ថ្ងៃទី២៥ មករា​ដែរ តែ​គ្រាន់​បាន​បន្ថែម​ថា បដិវត្តន៍​ថ្ងៃទី៣០ មិថុនា​បាន​ចូលរួម​កែតម្រូវ​កំហុស​ឆ្គង​មួយ​ចំនួន​ដែល​បន្សល់​ទុក​ដោយ​បដិវត្តន៍​ថ្ងៃទី២៥ មករា។

ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​អាល់ ស៊ីស៊ី​យ៉ាង​ដូច​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា អេហ្ស៊ីប​ជា​ប្រទេស​ដែល​មិន​អាច​គ្រប់គ្រង​ដោយ​
ចរន្ត​នយោបាយ​អ៊ីស្លាម​បាន​ឡើយ ពោល​ជា​ប្រទេស​ដែល​ស្គាល់​តែ​ការ​ដឹក​នំា​ដោយ​របប​យោធា និង​ដែល​កងទ័ព​ជា​អ្នក​មាន​អំណាច​ពិតប្រាដ​ក្នុង​ដៃ។ អ៊ីចឹង​ហើយ​បាន​ជា​តាំង​ពី​ក្រោយ​ការ​ទម្លាក់​លោក​ម័រស៊ី​ក្នុង​ឆ្នាំ ២០១៣ មក របបសឹក​មិន​អនុគ្រោះ​ឲ្យ​មាន​បាតុកម្ម​ឡើយ ទោះ​បី​ជា​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​អ្វី និង​មាន​គោលដៅ​ស្អី​ក៏​ដោយ។ ជាក់ស្តែង​នៅ​ក្នុង​ឱកាស​ខួប​ថ្ងៃទី២៥ មករា​ម្តងៗ រដ្ឋអំណាច​បាន​ពង្រឹង​វិធានការ​សន្តិសុខ​ដោយ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កម្លាំងទ័ព​យ៉ាង​ច្រើន​សម្បើម​ដើម្បី​ប្រឈម​ទប់​នឹង​ការ​បះបោរ​ជា​យថាហេតុ។

ក្នុង​រយៈពេល​នៃ​ការ​កាន់​តំណែង​ប្រធានាធិបតី​ជាង ១ឆ្នាំ​កន្លង​ទៅ លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី​មិន​ញញើត​នឹង​ប្រើ​វិធានការ​សឹក​បង្រ្កាប​ពួក​ប្រឆាំង​តាម​គ្រប់​រូបភាព។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ឲ្យ​ដឹង​ថា មាន​អ្នកទោស​នយោបាយ​ជាង ៤០ ០០០នាក់​កំពុង​ជាប់​ក្នុង​ទ្រង់ដែក​នៅ​អេហ្ស៊ីប​សព្វថ្ងៃ និង​ដែល​រូប​អ្នកទោស​ទាំង​នោះ​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ជា​ប្រចាំថ្ងៃ។ សម្រាប់​អង្គការ​សិទ្ធិមនុស្ស នេះ​ពិត​ជា​ស្ថានការណ៍​មួយ​ដែល​សែន​អាក្រក់​ជាង​សម័យ​លោក​មូបារ៉ាក់​ទៅ​ទៀត។

ទន្ទឹម​គ្នា​នេះ និង​ជួន​ចំ​ពេល​ដែល​អេហ្ស៊ីប​កំពុង​ទទួល​រង​ការ​គំរាមកំហែង​ពី​អង្គការ​រដ្ឋអ៊ីស្លាម របប​ទីក្រុង​គែរ​ថែម​ទាំង​បាន​ឆ្លៀត​ប្រើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ជីហាត​ដើម្បី​បង្ក្រាប​ក្រុម​សកម្មជន​ប្រជាធិបតេយ្យ និង​ពួក​អ៊ីស្លាម​ដែល​ជា​ក្រុមប្រឆាំង​ខ្លួន។ ៥ឆ្នាំ​ក្រោយ​បដិវត្តន៍ ប្រជាជន​អេហ្ស៊ីប​មិនត្រឹម​តែ​មិន​បាន​ស្គាល់​រសជាតិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ តែ​មាន​ភាគ​ច្រើន​ថែម​ទាំង​ស្តាយ​ក្រោយ​ថា បើ​ទុក​លោក​ហូស្ន៊ី មូបារ៉ាក់​ក៏​ប្រហែល​ជា​គ្រាន់​បើ​ជាង​សព្វថ្ងៃ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ