អានតួអត្ថបទ
អេហ្ស៊ីប-គ្រោះថ្នាក់​​​ធ្លាក់​យន្តហោះ​

ប្រអប់ខ្មៅយន្តហោះ Airbus របស់​ក្រុមហ៊ុន Egypt Air ត្រូវបាន​រក​ឃើញ​ទាំង​ពីរ​ហើយ​

ដុំបំណែក​នៃប្រអប់ខ្មៅ​​នៃ​​យន្តហោះ​​របស់​ក្រុមហ៊ុន​​Egypt Air​ ត្រូវបានរកឃើញនៅក្នុងសមុទ្រ​ Mediterranean
ដុំបំណែក​នៃប្រអប់ខ្មៅ​​នៃ​​យន្តហោះ​​របស់​ក្រុមហ៊ុន​​Egypt Air​ ត្រូវបានរកឃើញនៅក្នុងសមុទ្រ​ Mediterranean Egyptian Military/Handout via Reuters/File
ដោយ៖ នុយ ប៊ែរណាដែត
១១ នាទី

ជិត​មួយ​ខែ​ក្រោយ​ហេតុការណ៍​ធ្លាក់​​យន្តហោះ​Egypt Air ​កាលពី​ថ្ងៃ​១៩​ឧសភា​មក​ ប្រអប់​ខ្មៅ​ទាំង​ពីរ​នៃ​យន្តហោះ Airbus នៃ​ក្រុមហ៊ុនអាកាសចរណ៍​អេហ្ស៊ីប ទើប​ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​​សមុទ្រ Mediterranée នៅ​ថ្ងៃ​សុក្រ​នេះ។ ប្រអប់​ខ្មៅ​ដែល​ថត​តុក​នូវ​រាល់​សកម្មភាព​ហោះហើរ​និង​យន្តការ​បច្ចេកទេស​របស់​យន្តហោះ អាច​នឹង​បំភ្លឺ​​បុព្វហេតុ​នៃ​សោកនាដកម្ម​ដែល​បណ្តាល​​ឲ្យមាន​ស្លាប់​មនុស្សទាំង​៦៦​នាក់​ដែល​ស្ថិត​នៅ​ក្នុង​យន្តហោះ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​ស៊ើបអង្កេត​របស់​ប្រទេស​អេហ្ស៊ីប ទើប​បាន​ជូន​ដំណឹង​អំពី​ការ​រក​ឃើញ​ប្រអប់​ខ្មៅ​ទី​ពីរ​​​នៅ​ថ្ងៃ​សុក្រ​១៧​មិថុនា​នេះ មួយ​ថ្ងៃ​បន្ទាប់ពី​គេ​រក​ឃើញ​ប្រអប់ខ្មៅ​ទី​មួយ​ដែល​​​ថត​ទុក​​​សម្លេង​សន្ទនា​គ្នា​រវាង​ពីឡុត​ក្នុង​ពេល​បើកបរ​យន្តហោះ។ ចំណែក​ប្រអប់​ខ្មៅ​ទីពីរ​ដែល​គេ​ស្រង់​បាន​នៅ​ថ្ងៃ​នេះ​សុទ្ធ​តែ​ជា​ដុំ​បំណែកៗ។

ក៏ប៉ុន្តែ ក្រុម​អ្នក​ស៊ើប​អង្កេត បាន​អះអាង​ថា គេ​បាន​រក​ឃើញ​នូវ​ផ្នែក​ដ៏​សំខាន់​បំផុត​របស់​វា​ ​ដែល​​ថត​ទុក​រាល់​ព័តមាន​ទាំង​អស់​របស់​យន្តហោះ​​ក្នុង​ពេល​ហោះហើរ។

គួរំលឹកថា​ យន្តហោះ​Airbus អេហ្ស៊ីប​ជើង​ហោះហើរ​លេខ​MS ៨០៤ បាន​ហោះ​ចេញ​ដំណើរ​ពី​ក្រុង​ប៉ារីស​ឆ្ពោះ ​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​ទី​១៩​ឧសភា​និង​​បាន​រងគ្រោះថ្នាក់​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​នៅ​ថ្ងៃ​ដដែល​ ដោយ​បាន​បាត់​ស្រមោល​ចេញ​ពី​រង្វង់​ប្រព័ន្ធ​រ៉ាដា​ នាពេល​កំពុង​ហោះហើរ​បានបន្តិច​ដោយ​មិន​ដឹង​មកពី​មូលហេតុ​អ្វី​ច្បាស់​លាស់​ទាល់តែសោះរហូត​មក​ទល់​ពេល​នេះ។

គ្រោះមហន្តរាយ​ធ្លាក់​យន្តហោះ Egypt Air នេះ  បាន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង​៦៦នាក់​​ដែល​ស្ថិត​នៅ​ក្នុង​យន្តហោះ ក្នុង​ចំណោម​នោះ មាន​ជនជាតិ​អេហ្ស៊ីប ៤០​នាក់​និង​ជនជាតិ​បារាំង​១៥​នាក់។​

សូមបញ្ជាក់ថា ប្រអប់​ខ្មៅ​ទាំង​ពីរ​នេះ​នឹង​ត្រូវ​គេ​ដឹក​បញ្ជូន​ទៅ​ឲ្យ​ក្រុម​អ្នក​ស៊ើបអង្កេត​អេហ្ស៊ីប​នៅ​ទីក្រុង​កែរ  ដែល​កំពុង​​សហប្រតិបត្តិការ​ជាមួយ​​ក្រុម​អ្នកជំនាញ​បារាំង​នៃ​ការរិយាល័យ​ស៊ើបអង្កេត​និង​វិភាគ( BEA) និង​​ក្រុមហ៊ុន​សាងសង់​យន្តហោះ​អឺរ៉ុប Airbus ដើម្បី​ឲ្យ​ពួកគេ​ធ្វើការ​វិភាគ​លើ​ទិន្ន័យ​នៃ​ប្រអប់ខ្មៅ​ទំាំងពីរ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ