អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត៖​កូនប្រុស​របស់​អ៊ូសាម៉ា បិនឡាដិន​អំពាវនាវ​ឲ្យ​ផ្តួល​របប​ទីក្រុង​រីយ៉ាដ

អារ៉ាប៊ីសាអូឌីត៖​កូនប្រុស​របស់​អ៊ូសាម៉ា បិនឡាដិន​អំពាវនាវ​ឲ្យ​ផ្តួល​របប​ទីក្រុង​រីយ៉ាដ
អារ៉ាប៊ីសាអូឌីត៖​កូនប្រុស​របស់​អ៊ូសាម៉ា បិនឡាដិន​អំពាវនាវ​ឲ្យ​ផ្តួល​របប​ទីក្រុង​រីយ៉ាដ AFP PHOTO/AL-JAZEERA
1 នាទី

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត កូនប្រុស​ខ្មោច​មេភេរវជន​អន្តរជាតិ​អូសាម៉ា បិនឡាដិន​ឈ្មោះ​ហាមហ្សា (Hamza) បាន​អំពាវនាវ​តាម​រយៈ​សារ​សម្លេង​មួយ​ឲ្យ​យុវជន​អារ៉ាប៊ីសាអូឌីត​ក្រោក​ឈរ​ឡើង​ដើម្បី​ផ្តួលរំលំ​របប​ទីក្រុង​រីយ៉ាដ និង​ជួយ​រំដោះ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ពី​ឥទ្ធិពល​របស់​អាមេរិកាំង។ សារ​សម្លេង​របស់​ហាមហ្សា​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ ទី១៧ សីហា តែ​គេ​មិន​ដឹង​ថា តើ​សារសម្លេង​នោះ​ត្រូវ​បាន​ថត​នៅ​ពេល​ណា​ទេ។

ផ្សាយពាណិជ្ជកម្ម

តើ​ហាមហ្សា បិនឡាដិន​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​គន្លង​ផ្លូវ​របស់​ឱពុក​អូសាម៉ា បិនឡាដិន​ដែល​ជា​មេភេរវជន​អន្តរជាតិ​នៃ​អង្គការ​អាល់កៃដា និង​ដែល​បាន​ស្លាប់​ដូច​ខ្មោច​តៃហោង​បាត់​ទៅ​ហើយ​ឬ​យ៉ាង​ណា?។ គេ​នៅ​មិន​ទាន់​មាន​ចម្លើយ​យ៉ាង​ទេ​នៅ​ពេល​នេះ អ្វី​តែ​គេ​ដឹង ហាមហ្សា​ដែល​ទើប​មាន​អាយុ ២៣ឆ្នាំ​ថ្ងៃ​នេះ​បាន​ចេញ​មុខ​អំពាវនាវ​ដល់​ពួក​យុវជន​អារ៉ាប៊ីសាអូឌីត​ឲ្យ​ចូលរួម​ជាមួយ​អង្គការ​អាល់កៃដា​នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់​មាន​មូលដ្ឋាន​នៅ​យេម៉ែន។ ទន្ទឹម​គ្នា​នេះ ហាមហ្សា​ក៏​បាន​ជំរុញ​យុវជន​អារ៉ាប៊ីសាអូឌីត​ឲ្យ​ជួយ​រំដោះ​ប្រទេស​ចេញ​ពី​ឥទ្ធិពល​របស់​អាមេរិកាំង​ដែរ។

គួរ​បញ្ជាក់​ថា បើ​ផ្អែក​តាម​ឯកសារ​ដែល​កងកម្ម៉ង់ដូ​អាមរិកាំង​រឹបអូស​បាន​នា​ពេល​ប្រតិបត្តិការ​សម្លាប់​អូសាម៉ា បិនឡាដិន​ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ឆ្នាំ ២០១១ ហាមហ្សា​ជា​កូនប្រុស​សំណប់​ចិត្ត​ជាង​គេ​របស់​អ៊ូសាម៉ា បិនឡាដិន ហើយ​ហាមហ្សា​ក៏​ធ្លាប់​បាន​សរសេរ​ធានា​ប្រាប់​ឱពុក​ពី​ឆន្ទៈ​ធ្វើ​ជា​ជីហាត។ ម្យ៉ាង​ទៀត នៅ​ក្នុង​ខួប ៥ឆ្នាំ​នៃ​ការ​ស្លាប់​តៃហោង​របស់​អ៊ូសាម៉ា បិនឡាដិន ក្រុម​អ្នកជំនាញ​បាន​សម្គាល់​ឃើញ​ថា នៅ​ផ្ទៃក្នុង​អង្គការ​អាល់កៃដា​ដែល​កំពុង​ដឹក​នាំ​ដោយ​អាយម៉ាន អាល់ ហ្សាវ៉ាហ៊ីរី​សព្វថ្ងៃ ពាក្យ​សម្តី​របស់​ហាមហ្សា​ត្រូវ​បាន​គេ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​ជាង​ពាក្យ​សម្តី​របស់​អាយម៉ាន អាល់ ហ្សាវ៉ាហ៊ីរី។

ពិត​ណាស់​ថា​សព្វថ្ងៃ​នេះ ពិភពលោក​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ខ្លាំង​ពី​អង្គការ​រដ្ឋអ៊ីស្លាម​ជាង​អង្គការ​អាល់កៃដា​ក៏​ដោយ ក៏​៥ឆ្នាំ​ក្រោយ​ការ​ស្លាប់​តៃហោង​របស់​អ៊ូសាម៉ា បិនឡាដិន ត្រកូល​បិនឡាដិន​នៅ​មិន​ទាន់​រលាយរលត់​ទេ និង​បាន​បន្ត​ចេញ​មុខ​គំរាមកំហែង​អារ៉ាប៊ីសាអូឌីត និង​អាមេរិក​ជា​ថ្មី​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ