អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប​ឡើង​តានតឹង​ខ្លាំង?

សំឡេង ០៥:៥៦
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel al-Sissi (រូបឆ្វេង) និង​ស្តេច​អារ៉ាប៊ីសាអូឌីត Salmane
លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel al-Sissi (រូបឆ្វេង) និង​ស្តេច​អារ៉ាប៊ីសាអូឌីត Salmane REUTERS/The Egyptian Presidency/Handout via Reuters
៣៦ នាទី

នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ប្រទេស​ដែល​មាន​ទម្ងន់ និង​ទឹកមាត់ប្រៃ​ជាង​គេ​នៅ​ក្នុង​តំបន់។ ក្រៅ​ពី​ជា​ប្រទេស​ដែល​ប្រកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​ដូច​គ្នា អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត​ក៏​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​ដ៏​យូរ​លង់​រវាង​គ្នា​ដែរ។ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ភាព​តានតឹង​ហាក់​ដូច​ជា​បាន​ឡើង​តានតឹង​កាន់​តែ​ខ្លាំងឡើងៗ​រវាង​ទីក្រុង​គែរ និង​ទីក្រុង​រីយ៉ាដ។ អ្វី​ទៅ​ជា​ដើមចម​នៃ​ការ​ដំឡើង​សរសៃ ក ដាក់​គ្នា​រវាង​អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត និង​ថា តើ​រាត្រី​ទឹកឃ្មុំ​រវាង​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​ទាំង​ពីរ​ឈាន​ចូល​ក្នុង​រាត្រី​ទឹកខ្មេះ​ហើយ​ឬ?

ផ្សាយពាណិជ្ជកម្ម

តើ​ជា​ការ​លែងលះ​គ្នា​រៀងរហូត ឬ​មួយ​គ្រាន់​ជា​ការ​ចែក​ផ្លូវ​គ្នា​ដើរ​មួយ​រយៈ​ដើម្បី​បន្ធូរ​អារម្មណ៍?។ នៅ​មិន​ទាន់​អាច​ផ្តល់​ចម្លើយ​ជាក់ច្បាស់​ណា​មួយ​ទេ​នា​ពេល​នេះ។ អ្វី​ដែល​គេ​ដឹង និង​អាច​និយាយ​បាន​នោះ​គឺ​ថា ភាព​តានតឹង​កំពុង​ឡើង​ខ្លាំង​រវាង​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប។ ភាព​តានតឹង​ដែល​បាន​កើត​ឡើង​ពី​ការ​មិន​ឯកភាព​គ្នា និង​ការ​មើល​ឃើញ​មិន​ដូច​គ្នា​ចំពោះ​សំណុំរឿង​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពិសេស​វិបត្តិ​នៅ​ស៊ីរី និង​នៅ​យេម៉ែន។ នៅ​ក្នុង​ន័យ​នេះ ទីក្រុង​គែរ និង​ទីក្រុង​រីយ៉ាដ​មិន​ញញើត​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ជា​ចំហ និង​ជា​សាធារណៈ​នៅ​ក្នុង​វេទិកា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទេ។

ជាក់ស្តែង​កាល​ពី​ថ្ងៃ​សៅរ៍ ទី៨ តុលា​កន្លង​ទៅ​ថ្មីៗ​នេះ អេហ្ស៊ីប​បាន​បោះឆ្នោត​គាំទ្រ​លើ​សំណើ​របស់​រស្ស៊ី និង​លើ​សំណើ​របស់​បារាំង​ស្តីពី​វិបត្តិ​ស៊ីរី។ ចំណែក​អារ៉ាប៊ីសាអូឌីត​ក៏​បាន​បោះឆ្នោត​គាំទ្រ​លើ​សំណើ​របស់​បារាំង​ដែរ តែ​មិន​បាន​បោះឆ្នោត​គាំទ្រ​លើ​សំណើ​របស់​រុស្ស៊ី​ទេ។ គឺ​ជំហរ​ជើង​មួយ​ជាន់​ទូក​ពីរ​របស់​អេហ្ស៊ីប​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​មិន​អាច​ទប់​កំហឹង​បាន។ នៅ​លើ​កញ្ចក់​ទូរទស្សន៍ Al-Jazira អ្នកតំណាង​អារ៉ាប៊ីសាអូឌីត​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ដាក់​ផ្លៃផ្កា ឌឺដង​ឲ្យ​អេហ្ស៊ីប​ថា សូម្បី​តែ​សេណេហ្កាល់ និង​ម៉ាឡេស៊ី​ដែល​មិនមែន​ជា​ប្រទេស​អារ៉ាប់​ក៏​មាន​ជំហរ​ដូច​អារ៉ាប់​ជាង​ប្រទេស​អារ៉ាប់​ខ្លះ​ទៅ​ទៀត។

បន្ទាប់​ពី​ប្រតិកម្ម​ដៀមដាម អារ៉ាប៊ីសាអូឌីត​ក៏​បាន​ប្រកាស​ផ្អាក​បញ្ជូន​ប្រេង​ទៅ​ឲ្យ​អេហ្ស៊ីប​សម្រាប់​ខែ​តុលា​នេះ។ ទង្វើ​របស់​ទីក្រុង​រីយ៉ាដ​របៀប​នេះ​ត្រូវ​បាន​ទីក្រុង​គែរ​ពន្យល់​ថា ជា​ហេតុផល​ពាណិជ្ជកម្ម​សុទ្ធសាធ ឬ​និយាយ​បែប​ផ្សេង មក​ពី​និយាយ​មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​លក្ខខណ្ឌ​មួយ​ចំនួន។ តែ​ក្រុម​អ្នកវិភាគ និង​ក្រុម​អ្នក​សង្កេតការណ៍​ជា​ច្រើន​មិន​បាន​យល់​ឃើញ​ដូច​ការ​អះអាង​របស់​ទីក្រុង​គែរ​ឯណា។ សម្រាប់​ពួក​គេ ការ​ដែល​អារ៉ាប៊ីសាអូឌីត​បាន​ព្យួរ​ការ​បញ្ជូន​ប្រេង​ទៅ​ឲ្យ​អេហ្ស៊ីប​ពេល​នេះ គឺ​ជា​ទង្វើ​សងសឹក​នឹង​អេហ្ស៊ីប​ដែល​បាន​ចេញ​មុខ​គាំទ្រ​រុស្ស៊ី​ស្តីពី​សំណុំរឿង​ស៊ីរី។

គួរ​រម្លឹក​ជូន​ថា ពិត​មែន​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត និង​មាន​ទម្ងន់​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ដូច​គ្នា​មែន តែ​អារ៉ាប៊ីសាអូឌីត និង​អេហ្ស៊ីប​មើលឃើញ​មិន​ដូច​គ្នា និង​យល់​ឃើញ​ផ្ទុយ​គ្នា​ចំពោះ​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ស៊ីរី និង​យេម៉ែន។ នៅ​ស៊ីរី ទីក្រុង​រីយ៉ាដ​បាន​គាំទ្រ​ទាំង​ស្មារតី និង​ថវិកា​ដល់​ក្រុមឧទ្ទាម​ស៊ីរី ព្រម​ទាំង​ចង់​កំចាត់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ចេញ​ពី​ឆាកនយោបាយ​ស៊ីរី។ ចំណែក​ប្រទេស​អេហ្ស៊ីប​វិញ​បាន​គាំទ្រ​ជំហរ​របស់​រុស្ស៊ី​ដែល​ចង់​បាន​ដំណោះស្រាយ​នយោបាយ​មួយ​ដោយ​រក្សា​ទុក​លោក​អាសាដ។ នៅ​យេម៉ែន​ឯណោះ អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​បង្កើត​កម្លាំង​សម្ព័ន្ធអារ៉ាប់​វាយប្រហារ​លើ​ពួកឧទ្ទាម​ហ៊ូទីស្ស​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ អេហ្ស៊ីប​ក៏​មាន​ហ៊ុន​នៅ​ក្នុង​នោះ​ដែរ តែ​គ្រាន់​ជា​ការ​បំពេញ​កិច្ច ពោល​មិន​សូវ​សកម្ម​ប៉ុន្មាន​ទេ។

គឺ​ផ្តើម​ចេញ​ពី​ចំណុច​ទាំង​អស់​ខាង​លើ​នេះ​ហើយ​ដែល​អារ៉ាប៊ីសាអូឌីត​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ត្រូវ​បាន​អេហ្ស៊ីប​ដែល​ជា​សម្ព័ន្ធមិត្ត​ម្នាក់​ដ៏​ជិតដិត​ដោះដៃ​ចោល ព្រម​ទាំង​បាន​រុញ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​ដោយ​ប្រយោល​ទល់​នឹង​អ៊ីរ៉ង់​ទៀត​ផង។ អ្វី​ដែល​អារ៉ាប៊ីសាអូឌីត​មាន​ការ​សោកស្តាយ និង​ខកចិត្ត​កាន់​តែ​ខ្លាំង​នោះ​នៅ​ត្រង់​ថា ខ្លួន​បាន​យក​លុយ​ជា​ច្រើន​ពាន់លានដុល្លារ​ទៅ​ជួយ​ទំនុកបម្រុង​សេដ្ឋកិច្ច​អេហ្ស៊ីប​ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ​ដើម្បី​លើកដំកើង និង​ជួយ​ពង្រឹង​អំណាច​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​ដែល​ចុះ​ខ្សោយ​ដោយ​វិបត្តិ​សេដ្ឋកិច្ច។ តើ​អ្វី​ដែល​ទីក្រុង​គែរ​កំពុង​សង​គុណ​ទីក្រុង​រីយ៉ាដ​ពេល​នេះ មិន​មែន​ជា​ការ​ដល់​ត្រើយ​សើយ​គូទ​ទេ ឬ? នេះ​ជា​ការ​ចោទ​សួរ​របស់​អារ៉ាប៊ីសាអូឌីត។

យ៉ាង​ណា​ក៏​ដោយ ចំណាប់​អារម្មណ៍​របស់​ទីក្រុង​រីយ៉ាដ​របៀប​នេះ​មិន​អាច​ធ្វើ​ឲ្យ​ទីក្រុង​គែរ​បន្ត​ធ្វើ គ ធ្វើ​ថ្លង់​បាន​ទេ។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី១៣ តុលា លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី​បាន​បញ្ជាក់​ពី​ទំនាក់ទំនង​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រ​ដែល​លោក​ហៅ​ថា « បងប្រុស​នៃ​តំបន់​ឈូងសមុទ្រ »។ តែ​ទន្ទឹម​គ្នា​នេះ លោក​អាល់ស៊ីស៊ី​ក៏​មិន​ញញើត​នឹង​ប្រើ​សម្តី​ថ្លោសៗ​ថា « អេហ្ស៊ីប​មិន​ត្រូវ​ការ​លុតជង្គង់​នៅ​ចំពោះ​មុខ​អ្នក​ណា​ម្នាក់ ក្រៅ​ពី​ព្រះជាម្ចាស់​ទេ »។ តាម​រយៈ​ពាក្យសម្តី​រៀបចំ​ទុក​មុន​នេះ​នាំ​ឲ្យ​គេ​ទាញ​ការ​សន្និដ្ឋាន​លើ​ពីរ​ចំណុច ទី១ អេហ្ស៊ីប​ពិត​ជា​ចង់​បង្ហាញ​ពី​ភាព​មិន​ចំណុះ​អ្នក​ដទៃ និង​ទី២ អេហ្ស៊ីប​ប្រហែល​ជា​មាន​អាង​អ្វី​មួយ​ទើប​ថ្លើម​ធំ​ហ៊ាន​ពើង​ទ្រូង​ដាក់​អារ៉ាប៊ីសាអូឌីត​របៀប​នេះ។

ចំណុច​មួយ​ណា​ក៏​ត្រូវ​ដែរ តែ​ចំណុច​ទី២ ត្រូវ​បាន​គេ​មើល​ឃើញ​ច្រើន​ជាង​គេ ហើយ​រុស្ស៊ី​ជា​ប្រទេស​ដែល​អេហ្ស៊ីប​កំពុង​ព្យាយាម​ខិត​ចូល​កាន់​តែ​ជិត។ នៅ​ចន្លោះ​ថ្ងៃទី១៥ និង​ទី២៦ តុលា​នេះ ទាហាន​ឆ័ត្រយោង​រុស្ស៊ី និង​អេហ្ស៊ីប​ធ្វើ​សមយុទ្ធ​រួម​គ្នា​នៅ​ប៉ែក​ខាង​លិច​ទីក្រុង​អាឡិចសង់ឌ្រី​ក្នុង​ទឹកដី​អេហ្ស៊ីប។ អ្វី​ដែល​ទីក្រុង​គែរ​ទន្ទឹង​រង់ចាំ​ពី​ការ​រំកិល​រក​គ្នា​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ទីក្រុង​មូស្គូ គឺ​ប្រយោជន៍​សេដ្ឋកិច្ច​បាន​មក​ពី​អ្នកទេសចរណ៍​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ អេហ្ស៊ីប​ក៏​សង្ឃឹម​ពី​ការ​ផ្តើម​ឲ្យ​មាន​ឡើង​វិញ​នូវ​ជើងហោះហើរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ជើងហោះហើរ​ដែល​បាន​ព្យួរ​តាំង​ពី​មាន​ភេរវកម្ម​បំផ្ទុះ​យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​ក្នុង​ឆ្នាំ ២០១៥ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២២៤នាក់។

ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា ការ​ដែល​អេហ្ស៊ីប​បាន​បែរ​ក្បាល​រក​រុស្ស៊ី​ពេល​នេះ​មិនមែន​មាន​ន័យ​ថា អេហ្ស៊ីប​កាត់ផ្តាច់​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​យូរអង្វែង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ទាំង​ស្រុង​ទេ។ តែ​គ្រាន់​ចង់​ប្រាប់​ថា អត់​ពី​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប​ក៏​មិន​ស្លាប់​ដែរ។ មួយ​វិញ​ទៀត អេហ្ស៊ីប​ក៏​ចង់​ព្រមាន​ប្រាប់​អារ៉ាប៊ីសាអូឌីត​ថា ក្នុង​នាម​ជា​សម្ព័ន្ធមិត្ត ក្រុង​គែរ​អាច​មើលឃើញ និង​យល់​ឃើញ​ខុស​ពី​អ្វី​ដែល​ក្រុង​រីយ៉ាដ​បាន​មើលឃើញ និង​យល់ឃើញ ពិសេស​លើ​សំណុំរឿង​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ