តួកគី

ភេរវកម្ម​សម្លាប់​ប៉ូលិស​៣០​នាក់ នៅ​តួកគី

ភេរវកម្ម​បំផ្ទុះរថយន្ត​នៅក្រៅស្តាត សម្លាប់​ប៉ូលិស​ ៣០​នាក់ នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល នៅថ្ងៃទី ១០​ធ្នូ ២០១៦
ភេរវកម្ម​បំផ្ទុះរថយន្ត​នៅក្រៅស្តាត សម្លាប់​ប៉ូលិស​ ៣០​នាក់ នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល នៅថ្ងៃទី ១០​ធ្នូ ២០១៦ REUTERS/Murad Sezer

ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក កាលពី​យប់​ថ្ងៃ​សៅរ៍ទី ១០​ធ្នូ នៅ​ខាងក្រៅ​របងស្តាត ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល របស់​តួកគី បាន​សម្លាប់​មនុស្ស​យ៉ាងតិច ៣៨​នាក់ និង​របួស​១៦៦​នាក់។ តាម​រដ្ឋាភិបាល​តួកគី តម្រុយ​ស៊ើបអង្កេត​បាន​បង្ហាញ​បណ្តើរៗ​ហើយ​ថា គឺ​ក្រុមទាមទារ​បំបែកទឹកដី គួដ ដែល​ជាអ្នករៀបចំ​ភេរវកម្ម​សម្លាប់​មនុស្ស កាលពី​យប់​ថ្ងៃសៅរ៍។ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​តួកគី​បាន​ប្រកាស​ថ្ងៃ​កាន់ទុក្ខ​ជាតិ នៅថ្ងៃ​អាទិត្យ​នេះ បន្ទាប់ពី​ទីក្រុង​អ៊ីស្តង់ប៊ូល​បាន​រង​ការវាយប្រហារ​ជាថ្មី​ពីសំណាក់​ក្រុមភេរវជន។ នៅ​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក បាន​កើត​មាន ពីរលើក ផ្ទួនៗគ្នា នៅ​ខាងក្រៅ​របង​ស្តាត គឺ​នៅ​ពីរ​ម៉ោង​ក្រោយ ចប់​ការប្រកួត​បាល់ទាត់។ គ្រាប់បែក​ទីមួយ​ផ្ទុះចេញ​ពីរថយន្ត​ដែល​ចត​ចោល​នៅមុខ​ទីស្នាក់ការ​ប៉ូលិស និង​គ្រាប់បែក​ទីពីរ​ផ្ទុះចេញ​ពី​អត្តឃាតជន ដែល​ត្រូវ​ចោមរោម ចោទសួរ​ពី​ប៉ូលិស នៅសួន ក្បែរស្តាត។

 
សម្រាប់ប្រធានាធិបតី​តួកគី លោក​រេស៊ីប អ៊ែដូហ្កាន ភេរវកម្ម​សំដៅ​ប៉ូលិស​រក្សា​សន្តិសុខ ហើយ​និង​ជនស៊ីវិល នៅ​យប់​ម្សិលមិញ បាន​ស្តែងយ៉ាង​ច្បាស់ថា​ ក្រុមភេរវជន​មាន​គោលដៅ សម្លាប់​ជីវិត​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។

នៅក្រោយ​ការវាយប្រហារ​ភេរវកម្ម មនុស្ស​ជាង​១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​តួកគី ចាប់ឃាត់ខ្លួន។ រហូតមក​ដល់​ម៉ោងនេះ នៅមិនទាន់​មាន​ក្រុមណាមួយ ប្រកាស​ចេញ​មុខ​ទទួលខុសត្រូវ​នៅឡើយ​ទេ។ ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​តួកគី នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​អះអាង​ថា ភស្តុតាង ដែល​រកបាន​ការស៊ើបអង្កេត បាន​បង្ហាញថា គឺ​ឧទ្ទាម​គួដ ដែល​ជាអ្នករៀបចំ វាយប្រហារ​ភេរវកម្ម កាលពី​យប់​ថ្ងៃ​សៅរ៍។

មាន​ព្រំដែន​ជាប់​ប្រទេស​ស៊ីរី តួកគី ដែល ស្ថិតនៅ​ក្បែរ​ជង្រុក​ក្រុមភេរវនិយម បាន​ធ្លាក់​ខ្លួន ទទួល​រង​ការវាយប្រហារ សឹង​រៀងរាល់ខែ ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំ ២០១៥។ គិត​មកត្រឹម​ភេរវកម្ម​នៅថ្ងៃ​សៅរ៍​ម្សិលមិញ តួកគី​ទទួល​រង​ភេរវកម្ម​យ៉ាងតិច ១២​លើក ដែល​រដ្ឋាភិបាល​បាន​ចោទទម្លាក់​ការទទួល​ខុសត្រូវ​ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​និង​ក្រុមឧទ្ទាម​គួដ​ដែលជា​សត្រូវ ​របស់​រដ្ឋាភិបាល​តួកគី។ តាម​រដ្ឋាភិបាល​តួកគី គឺ​ក្រុមសកម្មប្រយុទ្ធ​គួដ ដែល​ជា​ម្ចាស់​ធ្វើ​ភេរវកម្ម សម្លាប់​ប៉ូលិស និង​ទាហាន​តួកគី រហូត​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI