យេម៉ែន

ភេរវកម្ម​អត្តឃាត​សំដៅ​សម្លាប់​ទាហាន នៅ​យេម៉ែន

ទាហាន​យេម៉ែន​កំពុង​ត្រួតពិនិត្យ​មើល​កន្លែង​ដែល​រង​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត នៅទីក្រុង​អាដែន ថ្ងៃ​អាទិត្យ​ទី​១៨ ធ្នូ ២០១៦
ទាហាន​យេម៉ែន​កំពុង​ត្រួតពិនិត្យ​មើល​កន្លែង​ដែល​រង​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត នៅទីក្រុង​អាដែន ថ្ងៃ​អាទិត្យ​ទី​១៨ ធ្នូ ២០១៦

យេម៉ែន​រង​ការវាយប្រហារ​ភេរវកម្ម​មិនលោះថ្ងៃ។ នៅព្រឹកថ្ងៃ​អាទិត្យនេះ ភេរវកម្ម​អត្តឃាត​មួយ បាន​ផ្ទុះឡើង​នៅ​អាដែន ទីក្រុង​ធំទី២​របស់​យេម៉ែន ដោយ​បាន​សម្លាប់​ទាហាន​៤០នាក់ និង​របួស​ជាង​៥០នាក់។ ក្នុង​រយៈពេល​៤​ខែ​ចុងក្រោយ នេះ​ជា​លើក​ទី​៣​ដែល​ទាហាន​រដ្ឋាភិបាល​យេម៉ែន គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ី សាអូឌីត ក្លាយ​ជា​ផ្ទាំងស៊ីប រង​ការវាយប្រហារ​ ភេរវកម្ម។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ទីក្រុង​អាដែន អត្តឃាតជន​បាន​ឆ្លៀត​ពេល​ក្រុមទាហាន​យេម៉ែន ជួបប្រជុំ​គ្នា នៅមុខបន្ទាយ​ ដើម្បី ចុច​បំផ្ទុះ​គ្រាប់បែក នៅលើ​ខ្លួន។ តាមអ្នកទទួល​ខុសត្រូវ​យោធា​យេម៉ែន នៅព្រឹក​ថ្ងៃ​អាទិត្យនេះ អត្តឃាត​ជន​បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ចំណោម​ទាហាន​យេម៉ែន រាប់រយ​នាក់ ដែលកំពុង​តម្រង់ជួរ រង់ចាំ​បើកប្រាក់​ខែ ពី​មេ​របស់ខ្លួន។

 
តាម​ប្រធាន​មន្ទីរពេទ្យ​ស្រុក ចំនួន​ទាហាន​ស្លាប់ដោយ​គ្រាប់បែក​របស់​អត្តឃាតជន នឹង​អាច​កើនឡើង ច្រើន​ជាង ៤០នាក់ បើ​មើល​ទៅ​ទៅលើ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ទាហាន​រងរបួស។ ភេរវកម្ម​នៅ​ព្រឹកថ្ងៃ​អាទិត្យ​មាន​លក្ខណៈដូចគ្នា​បេះបិទ​នឹង​ភេរវកម្ម កាលពី​មួយ​សប្តាហ៍មុន ដែល​បានសម្លាប់​ទាហាន​រដ្ឋាភិបាល​យេម៉ែន ៤៨​នាក់ ដែល​បាន​ឈរ​ប្រជុំគ្នា ចាំបើក​ប្រាក់​ខែ។ ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម បានចេញ​មុខ​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​អត្តឃាត កាលពី​សប្តាហ៍មុន ហើយ​និង​ភេរវកម្ម​សម្លាប់​ក្រុម​យុវជន ៧១នាក់ ផ្សេងទៀត ដែល​រដ្ឋាភិបាល យេម៉ែន ទើប​បាន​រើសបញ្ចូល។

ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​និង​ក្រុមអាល់កៃដា បាន​ឆ្លៀត​ឱកាស​ដែល​យេម៉ែន កំពុង​ជួប​ភាពវឹកវរ​ផ្នែក​នយោបាយ ហើយ​និង​អសន្តិសុខ ដើម្បី​អុកឡុក ប្រឆាំង​ថែមទៀតនឹង​រដ្ឋាភិបាល​យេម៉ែន ដែល​គាំទ្រ ដោយ​សហគមន៍​អន្តរជាតិ និង​ដែល​ទទួល​បាន​ជំនួយ​យោធា​ពី​ប្រទេស​អារ៉ាប៊ី សាអូឌីត។ គឺ​នៅ​អារ៉ាប៊ី សាអូឌីត ដែល​ប្រមុខ​ការបរទេស​អាមេរិក ចន ឃេរី​កំពុង​បំពេញ​ទស្សនកិច្ច ដើម្បី​ពិភាក្សា​ពី​ជម្លោះ​ក្នុង​តំបន់ ជាពិសេស ជម្លោះ​ប្រដាប់​អាវុធ នៅ​យេម៉ែន រវាង​កងទ័ព​រដ្ឋាភិបាល ហើយ​និង​ក្រុមហ៊ូទីស្ស ដែល​កំពុង​កាន់កាប់​រដ្ឋធានី សាណា របស់​យេម៉ែន។ តាម​អង្គការ​សហប្រជាជាតិ ជម្លោះ​ប្រដាប់អាវុធ ជិត ២ឆ្នាំ នៅ​យេម៉េន បាន​សម្លាប់​មនុស្ស ៧ពាន់នាក់ និង​អ្នករបួស​៣ម៉ឺន ៧ពាន់​ផ្សេងទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI