អ៊ីស្រាអែលលុបចោលគម្រោងសាងសង់ផ្ទះនៅក្នុងដែនដីអាណានិគម
នេះជាឥទ្ធិពលនៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនឬ ? សាលាក្រុងហ្សេរ៉ុយសាឡិម បានប្រកាសលុបចោលគម្រោងសាងសង់លំនៅដ្ឋានថ្មីបន្ថែមចំនួនជាង ៥០០ខ្នង នៅភាគខាងកើតក្រុង ដែលអ៊ីស្រាអែល ដណ្តើមគ្រប់គ្រង និងធ្វើអាណានិគមតាំងពីឆ្នាំ១៩៦៧មក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណៈកម្មការអ៊ីស្រាអែល ត្រូវជួបប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីបោះឆ្នោតអនុម័តផ្តល់សិទ្ធិសាងសង់លំនៅដ្ឋាន នៅក្រុងហ្សេរ៉ុយសាឡិមខាងកើត ជាទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានចូលទៅធ្វើអាណានិគមកិច្ចតាំងពីឆ្នាំ១៩៦៧មក។ ប៉ុន្តែគណៈកម្មការបានប្រកាសលុបចោលកិច្ចប្រជុំនេះទៅវិញ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ដើម្បីកុំឱ្យមានសម្ពាធតានតឹងខ្លាំងពេកជាមួយសហរដ្ឋអាមេរិក។ នេះបើតាមប្រភពគណៈកម្មការផែនការនិងសាងសង់របស់ក្រុង។
វិទ្យុយោធាអ៊ីស្រាអែល ក៏បានប្រកាសឱ្យដឹងដូចគ្នា ស្តីពីការលើកពេលពិភាក្សាជុំវិញការផ្តល់សិទ្ធិសាងសង់លំនៅដ្ឋាន ទៅពេលក្រោយដែរ។
កាលពីថ្ងៃអង្គារម្សិលមិញ អភិបាលរងក្រុងហ្សេរ៉ុយសាឡិម ដែលជាប្រធានគណៈកម្មការ បានអះអាង “សេចក្តីសម្រេចអង្គការសហប្រជាជាតិ បង្ខំឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់ និងទាំងស្រុង សកម្មភាពធ្វើអាណានិគម លើដែនដីប៉ាឡេស្ទីន រាប់ទាំងហ្សេរ៉ុយសាឡិមខាងកើតផង” មិនទាក់ទងអ្វី នឹងជំនួបប្រជុំនេះបានគ្រោងធ្វើតាំងពីយូរខែថ្ងៃមកហើយ។ ចំណែកលោក នេតាន់យ៉ាហ៊ូ ក៏បានធ្លាប់គូសបញ្ជាក់ថាមិនធ្វើតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិឡើយ និងបានប្រកាសនៅថ្ងៃម្សិលមិញ កាត់បន្ថយទំនាក់ទំនងទូតជាមួយគ្រប់បណ្តាប្រទេសដែលបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនោះ។
តើនេះជាការប្តូរចិត្ត ឬគ្រាន់តែការពន្យារពេលដើម្បីស្ទង់ស្ថានការណ៍ ? សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី ២៣ធ្នូ ជាលើកទីមួយ គិតចាប់តាំងពីឆ្នាំ១៩៧៩មក ដែលអង្គការសហប្រជាជាតិ អាចចេញសេចក្តីសម្រេចថ្កោលទោសទង្វើអាណានិគមកិច្ចអ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីន អនុម័តដោយសមាជិកអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខទាំង១៥ ក្នុងនោះ១៤ប្រទេសគាំទ្រ ឯសហរដ្ឋអាមេរិកដែលធ្លាប់ជាការពារអ៊ីស្រាអែលយ៉ាងងុបងុល រក្សាជំហរអនុប្បវាទ។
នៅយប់នេះទៀត លោកចន ឃែរី ប្រមុខការទូតអាមេរិក នឹងត្រូវបង្ហាញអំពីទស្សនវិស័យរបស់រដ្ឋាភិបាលផុតអាណត្តិចំពោះដំណើរការស្វែងរកសន្តិភាពឱ្យជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលគ្មានដំណោះស្រាយអ្វីប្រសើរជាងការបង្កើតរដ្ឋពីររួមរស់ក្បែរគ្នាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ