ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អ៊ីស្រាអែល​អនុម័ត​ច្បាប់​ហូត​ដី​ពី​ប៉ាឡេស្ទីន

សំឡេង ០៥:៥១
សភា​អ៊ីស្រាអែល អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កាត់​យក​ដី​ប៉ាឡេស្ទីន
សភា​អ៊ីស្រាអែល អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​កាត់​យក​ដី​ប៉ាឡេស្ទីន REUTERS/Ammar Awad

សភា​អ៊ីស្រាអែល បាន​អនុម័ត​នៅ​យប់​ថ្ងៃ​ចន្ទ​ឆ្លង​ចូល​ថ្ងៃ​អង្គារ​នេះ ច្បាប់​ មួយ​ដែល​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​កាត់​យក​ដីឯកជន​​ប៉ាឡេស្ទីន នៅ​ស៊ីហ្ស័កដានីក្រោម​អាណានិគម បាន​រាប់​សិប​ហិចតារ។ គម្រោង​ច្បាប់​នេះ ត្រូវ​បាន​សមាជិក​សភា​អនុម័ត​ក្នុង​សំឡេង​គាំទ្រ​៦០ទល់​នឹង​ប្រឆាំង​៥២​សំឡេង។ សម្រាប់​អ្នកការ​ពារ​ប៉ាឡេស្ទីន និង​សហគម​អន្តរជាតិ ​នេះ​ជា​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ ដែល​ជាអាច​ជា​ឧសបគ្គ​រារាំង​ដំណើរ​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។ លោក​ប្រធានអាជ្ញាធរ​ប៉ាឡេស្ទីន ដែល​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង នៅ​រសៀល​នេះ នៅ​​ក្រុង​ប៉ារីស ដើម្បី​សាកល្បង​ស្វែង​រក​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

គោល​ដៅ​​ដ៏​ចម្បង នៃ​ច្បាប់​ គឺមក​ពី​អ៊ីស្រាអែល​ ដែលបើ​តាម​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ ឆ្នាំ​១៩៩៣ ​មិន​អាច​វាត​ដី បង្កើត​តំបន់​​អាណានិគមកិច្ច​ថ្មី​ទៀត ​ចង់​ដោះស្រាយ​វិបត្តិ​នៃ​ការ​សង​សង់​ផ្ទះ ក្នុងដែន​​ដី​អាណានិគម នៅ​ស៊ីហ្ស័កដានី (ខ្លះ​ដោយ​មាន​ការ​អនុញ្ញាត​ពី​រដ្ឋ​អ៊ីស្រាអែល និង​ខ្លះ​ជា​សំណង់​អនាធិបតេយ្យ) ឱ្យមាន​​កម្មសិទ្ធិ​ស្រប​ច្បាប់​អ៊ីស្រាអែល។

ការ​អនុម័ត​ច្បាប់​នេះ​ ធ្លាក់​មក​តែ​មួយ​សប្តាហ៍​ ក្រោយ​​សេចក្តីសម្រេច​របស់​តុលាការបញ្ជាឱ្យ​​ អ៊ីស្រាអែល​រុះរើ​លំនៅ​ដ្ឋានប្រជាជន​ នៅ​តំបន់​អាម៉ូណា Amona ព្រោះ​សំណង់​នោះមិនត្រឹម​តែ​​រំលោភ​ទាំង​ច្បាប់​អន្តរជាតិទេ តែ​ខុស​ច្បាប់​អ៊ីស្រាអែលទៀត។ ដូច្នេះ​តាម​រយៈ​ច្បាប់​ដែលទើប​អនុម័ត​យប់​មិញ នឹង​គ្មាន​ហេតុការណ៍​​ក្តៅ​ក្រហាយ​បណ្តេញ​ពលរដ្ឋ​អ៊ីស្រាអែល​លើ​ដែនដី​ប៉ាឡេស្ទីន​ទៀត​ហើយ។ សំណង់​អនាធិបតេយ្យ​អ៊ីស្រាអែល ក្នុង​តំបន់​អាណានិគមកិច្ច​ស៊ីហ្ស័កដានី​​ចំនួន ៥៣​កន្លែង​ ​ ដែល​មាន​ផ្ទះ​ប្រមាណ៣៨៥០​ខ្នង​  នឹង​ត្រូវ​បាន​ទទួល​ការ​ពារ​ពី​ច្បាប់ ហើយ​រដ្ឋាភិបាល​អ៊ីស្រាអែល អាច​នឹង​កាត់​ដី​ប៉ាឡេស្ទីន​ យ៉ាង​ហោច​៨០០​ហិចតារ​ ​​មក​ធ្វើ​ជា​របស់​អ៊ីស្រាអែល។ ម្ចាស់​​​​កម្មសិទ្ធ​ឯកជន​ប៉ាឡេស្ទីន​លែ​ងអាច​ប្តឹង​តុលាការ​ឱ្យ​វាយ​រុះ​រើ​សំណង់នោះ​បាន​ទៀត​ហើយ​ តែ​រដ្ឋ​អ៊ីស្រាអែល អាច​នឹង​ផ្តល់​ជា​ប្រាក់​សំណង ឬ​ផ្តល់​ទីតាំង​ថ្មី ជា​ថ្នូរ។

តំបន់ Cisjordanie ដែល​គ្រប​ដណ្តប់​ដោយ​សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល
តំបន់ Cisjordanie ដែល​គ្រប​ដណ្តប់​ដោយ​សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល RFI/Marine Vlahovic

 
ល្បែង​ល្បង​របស់​នេតាន់យ៉ាហ៊ូ

តាម​ការ​ពិត​អ៊ីស្រាអែល​ខ្លួន​ឯង​បាន​ដឹង​យ៉ាង​ច្បាស់​ណាស់ ច្បាប់​បែប​នេះ អាច​នឹង​ទទួល​រង​ការ​រិះគន់​ និង​ថ្កោល​ទោស​ ពី​គ្រប់​មជ្ឈដ្ឋាន មិន​ថា​ពី​សំណាក់​​អ៊ីស្រាអែល​ខ្លះ និង​សហគមន៍​អន្តរជាតិ​ទេ។ លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បាន​ព្យាយាម​ពន្យារ​ពេល​​អនុម័ត​ច្បាប់​នេះ​ដែរ ប៉ុន្តែ​អ្នក​ស្តាំ​និយម​ និង​សាសនា​ មាន​សន្ទុះ​​ឡើង​ខ្លាំង និង​បាន​ឆក់​ឱកាស​ធ្វើ​សំណើ​ច្បាប់​ភ្លាម​​ នៅ​ពេល​ឃើញ​លោក​ ដូណាល់ ត្រាំ​ ដែល​ល្បី​ថា​ជា​អ្នក​ការពារ​អ៊ីស្រាអែល​ខ្លាំង​បំផុត​នោះ បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក។

ពី​ទីក្រុង​ឡុងដ៍ លោក​នេតាន់យ៉ាហ៊ូ បាន​គូស​បញ្ជាក់​នៅ​យប់​មិញ នៅ​ពេល​សភា​អ៊ីស្រាអែល​អនុម័ត​ច្បាប់​ភ្លាម​ថា បាន​ផ្តល់​ព័ត៌មាន​ជូន​ទៅ​រដ្ឋបាល​លោក ដូណាល់ ត្រាំ​ហើយ ! មិន​ទុក​ឱ្យ​មិត្ត​សម្លាញ់​នេះ ទទួល​ការ​ភ្ញាក់​ផ្អើល​ឡើយ។

យើង​បាន​ដឹង​និ​ងបាន​ឮ​ស្រាប់​ហើយ គ្រាន់​តែ​លោក​ដូណាល់ ត្រាំ បាន​ចូល​កាន់​តំណែង ជា​ប្រធានាធិបតី​អាមេរិក​ថ្មី បន្ត​ពី​លោកអូបាម៉ា ភ្លាម អ៊ីស្រាអែល បាន​ប្រកាស​៥​ដង​ សាង​សង់​លំនៅដ្ឋាន​ក្នុង​ដែន​ដីប៉ាឡេស្ទីន​ ​ ដល់​ជាង​៦ពាន់​ខ្នង​ នៅ​តំបន់​ស៊ីហ្ស័កដានី​ និង​ហ្សេរ៉ុយសាឡឹម​ខាង​កើតក្រោម​អាណានិគម។

អ៊ីស្រាអែល តែង​តែគិត​ថា​ ដែនដី​អាណានិគម​ទាំ​ងអស់​នោះ​ ជា​របស់​គេ ដែល​មាន​ចែង​ក្នុង​គម្ពីរ​ប៊ីប។ ការ​បង្កើត​ច្បាប់​នេះ រឹត​តែ​ងាយ​ចេញ​រួច​ទៀត ព្រោះ​ជន​រងគ្រោះ​គឺ​ប៉ាឡេស្ទីន មិន​មែន​អ៊ីស្រាអែល​ ដូច​ក្នុង​ករណី ត្រូវ​បណ្តេញ​រុះរើ​ផ្ទះ​វិញ​ឡើយ។

ចង់​ឬ​មិន​ចង់លោក​នេតាន់យ៉ាហ៊ូ ត្រូវ​តែ​គាំទ្រ​ច្បាប់​នេះ ដើម្បី​ប្រយោជន៍​រដ្ឋាភិបាល តែ​ដើម្បី​ដោះស្រាយ​ជាមួយ​សហគមន៍​អន្តរជាតិ លោក ទំនង​ជា​ទម្លាក់​បន្ទុក​ទៅ​ឱ្យ​តុលាការ​កំពូល។ ​​​តុលាការ​កំពូល​ ដែល​នឹង​ត្រូវ​ធ្វើ​អារ​កាត់​សេចក្តី​ ស្តីពី​ភាព​ស្រប​ច្បាប់​នៃ​ក្លាយ​ជា​​ម្ចាស់កម្មសិទ្ធិ ដែល​មាន​ចែង​ក្នុង​ច្បាប់​ទើប​អនុម័ត​នោះ។ ទីប្រឹក្សា​ច្បាប់​របស់​រដ្ឋាភិបាល​បាន​ព្រលយ​ឱ្យ​ដឹង​ជា​ស្រេច​ហើយ​ថា​លោក នឹងការ​ពារ​វិធានការ​ដែល​ផ្ទុយ​នឹង​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ​។ សំណុំ​រឿង​ដ៏​រសើប​បំផុត​នេះ ត្រូវ​ស្ថិត​នៅ​លើ​ដៃ ក្រុម​ចៅក្រម​អ៊ីស្រាអែល​​ហើយ។

​ សហគមន៍​អន្តរជាតិជា​អាវុធ​របស់​ប៉ាឡេស្ទីន ​

សម្រាប់​ប៉ាឡេស្ទីន​វិញយល់​ថា ប៉ាឡេស្ទីន​គ្មាន​អាវុធ​ជាតិ​ផ្ទុះ​អាច​ទប់​ទល់​នឹង​អ៊ីស្រាអែល គឺ​មាន​តែ​អាវុធ​ការទូតរបស់​សហគមន៍​អន្តរជាតិ​ តែ​ប៉ុណ្ណោះ។ ប្រទេស​មួយ​ចំនួន ព្រមទាំងអង្គការ​អន្តរជាតិ​នានា​ បាន​សាកល្បង​តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ព្រមាន​អ៊ីស្រាអែល ថា​នឹង​អាច​មាន​ការ​ប្តឹង​ផ្តល់​អន្តរជាតិ។ នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដែល​កំពុង​ទទួល​ជួប​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល បាន​ចាត់​ទុក​ការ​អនុម័ត​ច្បាប់ ថា​ជា​ការ​ដើរ​ខុស​ទិស។ អ្នក​សម្រប​សម្រួល​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ដើម​បូព៌ា បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​អត្ថបទ​ច្បាប់​នេះ បាន​កាត់​បន្ថយ​ទស្សនវិស័យ​នៃ​ស្វែង​រក​សន្តិភាព​ឱ្យ​ជម្លោះ​​ចំណាស់​៧០​ឆ្នាំ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។

សេតវិមាន​បាន​បដិសេធ មិន​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​ចេញសេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ថា បើ​ការ​ធ្វើ​អាណានិគមកិច្ច​មិនមែន​ជា​ឧសបគ្គ​នៃ​ការ​ស្វែង​រក​សន្តិភាព ការ​សាងសង់​ផ្ទះ​ថ្មី ឬ​ពង្រីក​តំបន់​ចាស់​ ហួស​កំរិត​ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ ក្នុង​ការ​ដោះស្រាយ​ជម្លោះ។ លោក នេតាន់យ៉ាហ៊ូ នឹង​ត្រូវ​ជួប​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃទី ១៥​កុម្ភៈ​សប្តាហ៍​ក្រោយ​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI