អ៊ីរ៉ាក់-សហរដ្ឋអាមេរិក

អាមេរិកាំង​ទម្លាក់គ្រាប់បែក​សម្លាប់​ជនស៊ីវិល​១០៥​នាក់ នៅទីក្រុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់

ផ្សែង​គ្រាប់ផ្ទុះ​កើតនៅក្នុង​ពេល​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីរ៉ាក់ ហើយ​និង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅទីក្រុង​ម៉ូស៊ូល
ផ្សែង​គ្រាប់ផ្ទុះ​កើតនៅក្នុង​ពេល​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីរ៉ាក់ ហើយ​និង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅទីក្រុង​ម៉ូស៊ូល ©REUTERS/Alaa Al-Marjani

យ៉ាងហោចណាស់​ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ចំនួន ១០៥​នាក់ បាន​ស្លាប់​នៅក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​ចម្បាំង​អាមេរិកាំង នៅ​ទីក្រុង​ម៉ូស៊ូល កាលពី​ខែ​មីនា​កន្លងទៅ។ តាម​របាយការណ៍ ចេញ​ផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍ទី ២៥​ឧសភា ដោយ​​មន្ទីរ​បញ្ចកោណ​អាមេរិក ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​បង្កប់​គ្រាប់ផ្ទុះ​នៅក្នុង​អគារ​ដែល​មានប្រជាជន​ស៊ីវិល​រស់នៅ​លាក់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ស៊ើបអង្កេត ​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ មន្ទីរបញ្ចកោន​អាមេរិក​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មានប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់​១០៥​នាក់​ដែល​​បាន​ស្លាប់​នៅក្នុង​​ហេតុការណ៍​ទម្លាក់​គ្រាប់បែករបស់​យន្តហោះ​អាមេរិកាំង ទៅលើ​ទីក្រុង​ម៉ូស៊ូល កាលពី​ថ្ងៃទី ១៧​មីនា​កន្លងទៅ។ ប៉ុន្តែ នៅក្នុង​របាយការណ៍​​ដដែល ក្រសួង​ការពារ​ជាតិ​អាមេរិក​​បាន​ទម្លាក់​កំហុស​ទៅលើ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម ថា​ជាដើមហេតុ ព្រោះបាន​លាក់​បង្កប់​គ្រឿងផ្ទុះ​នៅ​ក្នុង​អគារ ដែល​ជា​គោលដៅ​វាយប្រហារ​របស់​យន្តហោះ​ចម្បាំង​អាមេរិកាំង។

 
តាម​មេបញ្ជាការកងទ័ព​អាកាស​អាមេរិក Matt Isler នៅ​ថ្ងៃទី​១៧​មីនា កងទ័ព​ថ្មើរ​ជើង​អ៊ីរ៉ាក់ បាន​ទាក់ទង​សុំ​ជំនួយ​ពី​កងទ័ព​​អាមេរិក នៅក្នុង​ពេល​ពួកគេកំពុង​​រងការបាញ់ប្រហារ​ពី​ខ្មាន់កាំភ្លើង​របស់​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​នៅភាគខាងលិច​​ទីក្រុង​ម៉ូស៊ូល។ ទាំង​កងទ័ព​អ៊ីរ៉ាក់ និង​អាមេរិក​បាន​អះអាង​ថា ពួក​គេ​មិន​បាន​ដឹង​ថា មាន​ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ស្ថិតនៅក្នុង​អគារ ដែល​គេ​ជឿថា ជាកន្លែង​លាក់ខ្លួន​របស់​ក្រុមខ្មាន់​កាំភ្លើង​ជីហាត​ឡើយ។ យន្តហោះ​អាមេរិក​បានទម្លាក់​គ្រាប់បែក​សម្រាប់ទៅ​បំផ្លាញ​អគារ​តែមួយ ប៉ុន្តែ ទំហំផ្ទុះ​ខូចខាត​មាន​លក្ខណៈធំ ​ហួស​ពី​កម្លាំង​របស់គ្រាប់។ នៅក្នុង​ការចុះស៊ើបអង្កេត​ នៅក្រោយ​ឧប្បត្តិហេតុ​នេះ អ្នកជំនាញ​អាមេរិក​បាន​រកឃើញ​មាន​សំណល់​របស់​សារធាតុផ្ទុះ​ប្រភេទ​ផ្សេង​​ពី​គ្រាប់បែករបស់អាមេរិក។ ការនេះ​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា គ្រឿងផ្ទុះ​បង្កប់​ដោយ​ក្រុមជីហាត​នៅក្នុង​អគារ​បាន​ផ្ទុះ​សម្លាប់មនុស្ស ដោយសារ​តែ​​ត្រូវរងគ្រាប់បែក​របស់​យន្តហោះ​អាមេរិកាំង។

អាមេរិក​កំពុង​ព្យាយាម​និយាយ​ការពារ​ខ្លួន នៅក្នុងខណៈ​ពេល​ដែល ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាច្រើន​បានរកឃើញ​ថា ចំនួន​ប្រជាជន​​ប្រជាជន​ស៊ីវិល​ស្លាប់​ដោយសារ​ប្រតិបត្តិការ​យោធា​របស់អាមេរិក នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី​បាន​កើនឡើង​ខ្លាំង ចាប់តាំង​ពី​លោក​ដូណាល់ ត្រាំ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ជា​មេបញ្ជាការទ័ព​អាមេរិក។ ថ្មីៗ​នេះ អង្គការ​​អ្នកកាសែត​ឈ្មោះ Airwars ដែល​មានទីស្នាក់ការ​នៅទីក្រុង​ឡុងដ៍​​បាន​វាយតម្លៃថា ការវាយប្រហារ​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល​ស្លាប់​បាត់បង់​ជីវិត​ ប្រមាណ ៣៦៦​នាក់ នៅក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ។ អង្គការ​តាមដាន​សិទ្ធិមនុស្ស​ស៊ីរី​វិញ​បាន​និយាយ​ថា ចំនួន​ប្រជាជន​ស៊ីវិលស៊ីវិល ស្លាប់​ដោយសារ​ការទមា្លក់​គ្រាប់បែក​របស់​កងទ័ព​សម្ព័ន្ធមិត្ត​រអាមេរិក​ បាន​កើនឡើង​ដល់​កម្រិត​អតិបរមា គឺ​ប្រមាណ​២២៥នាក់ នៅ​ត្រឹម​តែ​មួយខែ​មេសា។

តាម​អង្គការ​Airwars ចំនួន​ប្រជាជន​ស៊ីវិល​រងគ្រោះ​ដោយសារ​យន្តហោះ​ទម្លាក់គ្រាប់បែក​របស់​សម្ព័ន្ធ​អន្តរជាតិ​បាន​កើនឡើង​ខ្លាំង​ផងដែរ​នៅទីក្រុង​រ៉ាកា នៅ​ប្រទេស​ស៊ីរី ជាទី​ដែល​អាមេរិក​កំពុង​ត្រៀម​វាយដណ្តើម​យក​ពី​ដៃ​របស់​ក្រុមជីហាត​អង្កការ​រដ្ឋអ៊ីស្លាម។ ទាំង​នេះ​សបញ្ជាក់ថា ប្រជាជន​ស៊ីវិល​ជាប់ផុង​នៅក្នុង​អន្ទាក់​សមរភូមិ មិន​បានទទួល​ការការពារ​ជីវិត​ ជាអាទិភាព​ពី​រដ្ឋបាល​ថ្មី​របស់​អាមេរិក​ឡើយ។ លោកដូណាល់ ត្រាំ ដែល​ចង់​វាយ​ឈ្នះ​ឆាប់ៗ​លើ​ក្រុមជីហាតអង្គការ​រដ្ឋអ៊ីស្លាម​បាន​ផ្តល់​អំណាច​ពេញទី​ដល់​មេបញ្ជាការ​កងទ័ពអាមេរិក ដែល​ជា​អ្នកសម្រេច​បើកការវាយប្រហារ​តាមចិត្ត។ ជំហរ​របស់​លោកដូណាល់ ត្រាំ ខុសពី​ប្រធានាធិបតី​មុន គឺ​លោក​បារ៉ាក់ អូបាម៉ា​ដែល​តាមដាន ត្រួតពិនិត្យ​ជាប់ស្អិត យុទ្ធសាស្រ្ត និងសកម្មភាព​របស់​មន្ទីរបញ្ចកោន​អាមេរិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI