ស៊ីរី-រុស្ស៊ី

កងទ័ព​ស៊ីរី​ប្រកាស​ឈប់​ប្រយុទ្ធ​ជាមួយ​ពួក​ឧទ្ទាម​នៅ​ក្បែរ​ក្រុង​ដាម៉ាស

ទាហាន​​របស់​ប្រឆាំង​ស៊ីរី ឈ្មោះ​ទាហាន​ស៊ីរី សេរី នៅ​Ain Tarma ក្នុង​តំបន់​Ghoutaក្បែរ​ក្រុង​ដាម៉ាស ដែល​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី
ទាហាន​​របស់​ប្រឆាំង​ស៊ីរី ឈ្មោះ​ទាហាន​ស៊ីរី សេរី នៅ​Ain Tarma ក្នុង​តំបន់​Ghoutaក្បែរ​ក្រុង​ដាម៉ាស ដែល​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី © REUTERS/Bassam Khabieh

កងទ័ព​រដ្ឋាភិបាល​ស៊ីរី នៅ​ថ្ងៃ​សៅរ៍​ទី​២២ កក្កដា បាន​ប្រកាស​ផ្អាក លែង​វាយប្រហារ ទៅលើ​តំបន់​Ghouta ដែល​កំពុង​កាន់កាប់​ដោយ​ក្រុមទាហាន​ប្រឆាំង​ស៊ីរី។ ទាហាន​ស៊ីរី​ប្រកាស​ឈប់​ប្រយុទ្ធ​ជាមួយ​ពួកឧទ្ទាម នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​រុស្ស៊ី សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី​បាន​ចុះ​កិច្ច​ព្រមព្រៀង លើ​បទឈប់បាញ់ និង​បង្កើត​តំបន់​សន្តិសុខ ជាមួយ ក្រុមប្រឆាំង​ស៊ីរី។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្រោយ​ការចរចា នៅ​ទីក្រុង​គែរ ក្នុង​ប្រទេស​អេហ្ស៊ីប រុស្ស៊ី និង​អ្នកតំណាង​ក្រុម​ទាហាន​​ប្រឆាំង​ស៊ីរី ដែល​មិនជ្រុលនិយម បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ធានា​សុវត្ថិភាព នៅ​តំបន់​ Ghouta ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី ដាម៉ាស និង​ដែល​កំពុង​កាន់កាប់​ដោយ​ពួកឧទ្ទាម​ស៊ីរី។

 

នៅ​ប៉ុន្មាន​ម៉ោងក្រោយ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​កិច្ចព្រមព្រៀង​ចុះ​ជាមួយ​ក្រុមប្រឆាំង​ស៊ីរី កងទ័ព​រដ្ឋាភិបាល​ស៊ីរី បាន​ប្រកាស​ផ្អាក ឈប់​ប្រយុទ្ធ តាំង​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញ នៅ​តំបន់​Ghouta ប៉ុន្តែ ព្រមាន​ថា នឹង​វាយតបត​វិញ ក្នុង​ករណី​រំលោភ​ឈ្លានពាន​ណាមួយ​ពី​ពួក​ឧទ្ទាម។

 

ទៅតាម​កិច្ចព្រមព្រៀង ដែល​រុស្ស៊ី បាន​ចុះ​ហត្ថលេខា ជាមួយ​ក្រុមប្រឆាំង​ស៊ីរី នៅ​ថ្ងៃសៅរ៍ និង​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី គេ​បាន​កំណត់​រួច​ហើយ ខ្សែ​ព្រំដែន ហើយ​និង​ទីតាំង​ដែល​គេ​ត្រូវ​ពង្រាយ​កងទ័ព ដែល​ត្រូវ​ធានា​ឲ្យ​មាន​ការគោរព​បទឈប់​បាញ់​ពីភាគី​ទាំង​សងខាង។ កិច្ចព្រមព្រៀង​រវាង​អ្នកទទួល​ខុសត្រូវ​រុស្ស៊ី និង​ក្រុមប្រឆាំង​ស៊ីរី បាន​បញ្ជាក់​ផងដែរ​ពី​ផ្លូវ​សុវត្ថិភាព ដែល​គេ​នឹង​ប្រើ​សម្រាប់ បញ្ចេញ​អ្នករបួស​ធ្ងន់ធ្ងរ និង​ដឹក​ជំនួយ​មនុស្សធម៌​ សម្រាប់​ប្រជាជន ដែល​នៅ​ជាប់គាំង​ក្នុង​តំបន់​ Ghouta របស់​ក្រុមទាហាន​ប្រឆាំងស៊ីរី ប៉ុន្តែ ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី។

 

បន្ទាប់​ពី​កិច្ច​ព្រមព្រៀង នៅ​ថ្ងៃ​សៅរ៍ ជំនួប​ប្រជុំ​រវាង​ក្រុមឧទ្ទាម​ស៊ីរី​ជាមួយ អ្នកតំណាង​រុស្ស៊ី តួកគី និង​អ៊ីរ៉ង់ នឹងត្រូវ​គេរៀបចំ​ធ្វើ​ម្តងទៀត នៅ​ទីក្រុង​Astana របស់​ប្រទេស​កាហ្សាក់ស្ថាន។ នេះ​បើតាម​ក្រុង​ម៉ូស្គូ ដែល​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ បាន​ចេញមុខ កាន់​តែខ្លាំង ជាមួយ តួកគី និង​អ៊ីរ៉ង់ ដើម្បី​ដោះស្រាយ​វិបត្តិ​ស៊ីរី ​ដែល​អាមេរិក​បរាជ័យ ដោះស្រាយ​មិនរួច។ សូម​បញ្ជាក់ថា សង្រ្គាម​បង្ហូរ​ឈាម​ស៊ីរី ដែល​ផ្ទុះ​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១១ បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៣សែន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI